ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន Samsung Electronics ថា​មិនអាច​កំណត់​ថ្ងៃ​នៃ​ការដឹកជញ្ជូន​សម្រាប់​ទូរ​ស័ព្ទ​បត់ Galaxy Fold បាន​នៅឡើយ

ក្រុមហ៊ុន Samsung Electronics បានលើកឡើង​កាលពី​ថ្ងៃ​អង្គា​រថា ​ខ្លួន​មិនអាច​បញ្ជាក់​ច្បាស់​ពី​ពេលវេលា​នៃ​ការដឹកជញ្ជូន​ទូរ​ស័ព្ទ​បត់​បាន​របស់ខ្លួន​គឺ​ម៉ូ​ដែល Galaxy Fold បាន​នៅឡើយ​ទេ ​និង​បាន​សុំទោស​ដល់​អតិថិជន​ដែល​បាន​កុម្ម៉ង់​ទុក​មុន​នៅ​សហរដ្ឋអាមេរិក​ជុំវិញ​ការ​ពន្យារពេល​នេះ​។​

ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​កំពូល​របស់​ពិភពលោក​មួយ​នេះ​បាន​ពន្យារពេល​លក់​ទូទាំង​ពិភពលោក​នូវ​ទូរ​ស័ព្ទ​បត់​បាន​ដែលមាន​តម្លៃ​១,៩៨០ ដុល្លារ​វិញ​បន្ទាប់ពី​ក្រុម​អ្នកត្រួតពិនិត្យ​បាន​រក​ឃើញ​បញ្ហា​មួយចំនួន​ទាក់ទង​នឹង Display របស់​វា​ដោយបាន​ធ្វើឱ្យ​ក្រុមហ៊ុន​ត្រូវ​អាម៉ាស់ ​បន្ទាប់ពី​ព្យាយាម​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​ថ្មី​និង​ប្លែក​មួយ​នេះ​។​

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​Samsung នៅ​សហរដ្ឋអាមេរិក​បាន​ផ្ញើ​អ៊ីម៉េល​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ដោយមាន​ការយល់ព្រម​ពី​អ្នកនាំពាក្យ​របស់​Samsung​ទៅកាន់​អតិថិជន​ដែល​បានធ្វើការ​កុម្ម៉ង់​ទិញ​ទូរ​ស័ព្ទ Galaxy Fold ថា “​បើ​ខាងយើង​ខ្ញុំ​មិនបាន​ដំណឹង​អ្វី​ពី​អ្នក​ហើយ​ខាងយើង​មិនបាន​ដឹក​ជូន​ត្រឹម​ថ្ងៃ​៣១​ឧសភា​ទេនោះ បានន័យថា​ការបញ្ជាទិញ​នេះ​នឹង​ត្រូវបាន​លុបចោល​ដោយ​ស្វ័យប្រវត្តិ​ហើយ​”​។​

Samsung បាន​និយាយថា​ខ្លួន​នឹង​គ្រោង​ផលិត​ទូរ​ស័ព្ទ​បត់​បាន​នេះ​ហោចណាស់​ឱ្យបាន​១​លាន​គ្រឿងក្នុង​ឆ្នាំ​ដំបូង​ប្រៀបធៀប​ជាមួយ​ទូរ​ស័ព្ទ​៣០០​លាន​គ្រឿង​ដែល​ខ្លួន​បាន​ផលិត​ជា​មធ្យម​ក្នុង​មួយឆ្នាំ​។​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​យក្ស​មួយ​នេះ​បាន​បិទ​ការ​កុម្ម៉ង់​មុន​របស់ Galaxy Fold មុនពេល​កំណត់ដោយ​អះអាងថា​ព្រោះតែ​មានការ​កុម្ម៉ង់​ច្រើន​លើសលប់​ពេក​៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114