ព័ត៍មានទាន់​ហេតុការណ៏
Search

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ចំនួន​៨០៦២​ករណី និង​កំពុង​បន្ត​ដោះ​ស្រាយ​ប្រមាណ​២០០០​ករណី​

​ភ្នំពេញ ​៖ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បញ្ជាក់​បែបនេះ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩​។​

នៅក្នុង​ជំនួប​នោះ លោកស្រី រ៉ូ​ណា ស្មី​ត បាន​សំដែង​ការ​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធ​ផល ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន ក្នុង​វិស័យ​ដីធ្លី និង​លំនៅឋាន និង​ បាន​លើកឡើង​អំពី​បញ្ហា​មួយ​ច​ចំនួន​ដូចជា ទី​១,ការកែសម្រួល​នីតិវិធី​ នៃ​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច កាន់​តែ​ងាយស្រួល និង​លឿន​ជាង​មុន ជាពិសេស​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ស្រុក​សំឡូត ដែល​ទីតាំង​នោះ មិន​ទាន់​មាន​សុវត្ថិភាព ដោយ​នៅ​មាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ការចុះបញ្ជី​ដី​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​៣​សហគមន៍ នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ទី​២, ការតាំង​ទីលំនៅ​ថ្មី​របស់​ប្រជាជន​រស់នៅ​លើទឹក នៅ​ឆ្នុកទ្រូ ខេត្ត​កំពង់ឆ្នាំង មក​លើ​ដីគោក​។ ទី​៣,ការរៀបចំ​ឲ្យ​មាន​គោល​ការណែនាំ​ជារួម ក្នុង​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​។ ទី​៤, ការចូលរួម​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា CSDG និង​ទី​៥,ការ​សហការ​កែលំអ​ក្របខ័ណ្ឌ​នគរូបនីយកម្ម​នៅ​កម្ពុជា និង​រៀបចំ​វេទិកា​ថ្នាក់​ជាតិ ស្ដីពី​នគរូបនីយកម្ម​។​

ទាក់ទង​នឹង​ការលើកឡើង​របស់​អ្នករាយការណ៍ អ​.​ស​.​ប នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ជម្រាប​ជូន​គណៈប្រតិភូ អំពី​វឌ្ឍនភាព​លើ​វិស័យ​ដីធ្លី និង​លំនៅឋាន ដែល​ក្នុង​នោះ​បាន​ចុះបញ្ជី​ដី​បាន​ចំនួន​៥,២លាន​ក្បាលដី ដែល​ស្មើនឹង​៧៤​ភាគរយ នៃ​ក្បាលដី​សរុប​ប្រមាណ​៧លាន​ក្បាលដី និង​គ្រោង​បញ្ចប់​១០០​ភាគរយ នៅ​ឆ្នាំ​២០២១​។ ចំណែក ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគ​តិច​បាន​ចំនួន​២៤​សហគមន៍ និង​បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ចំនួន​៨០៦២​ករណី ហើយ​នៅ​បន្ត​ដោះស្រាយ​ប្រមាណ​២០០០​ករណី​។​

ជាមួយគ្នា​នោះ នៅក្នុង​ជំនួប​ពិភាក្សា ឯកឧត្ដម​នាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ឆ្លើយ​បំភ្លឺ​ចំណុច​មួយ​ចំនួន ដែល​លោកស្រី Rhona Smith បានលើកឡើង​ខាងលើ ព្រមទាំង​បញ្ជាក់​អំពី​ការ​ជំរុញ​ពន្លឿន ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ដែល​នៅ​សេសសល់ និង​ការរៀបចំ​ផែនការ​សកម្មភាព​របស់​ក្រសួង ក្នុង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​, ការ​គាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ក្នុង​ការរៀបចំ​ការ​តាំង​ទីលំនៅ​ថ្មី របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​លើទឹក និង​ការ​បន្ត​កិច្ចសហការ​រៀបចំ​កែលំអ​ក្របខ័ណ្ឌ​នគរូបនីយកម្ម​នៅ​កម្ពុជា និង ​រៀបចំ​វេទិកា​ថ្នាក់​ជាតិ ស្ដីពី​នគរូបនីយកម្ម​ឲ្យ​បាន​ជោគជ័យ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114