ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​និង​អាមេរិក​ ប៉ះទង្គិច​គ្នា​នៅ​UN ជុំវិញ​ការឃុំខ្លួន​ជនជាតិ​អ៊ុយ​ហ្គ័​រ​

កាលពី​ថ្ងៃ​អង្គារ ប្រទេស​ចិន ​បាន​វាយប្រហារ​ទាំង​ខឹងសម្បា​លើ​សហរដ្ឋអាមេរិក​ចំពោះ​ការ​អំពាវនាវ​ដល់​បណ្តា​ប្រទេស​នានា​នៅ​អង្គការសហប្រជាជាតិ​ឲ្យ​ដក​អាសនៈ​ក្រុង​ប៉េកាំង​នៅ​វេទិកា​អង្គការសហប្រជាជាតិ​ ដោយសារតែ​ទង្វើ​របស់ខ្លួន​លើ​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ​។​

វា​គឺជា​លើក​ទី​ពីរ​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មកនេះ​ដែល​ប្រទេស​ទាំងពីរ​បាន​ប៉ះទង្គិច​គ្នា​ដោយ​ចំហ​នៅ​អង្គការសហប្រជាជាតិ​ស្តីអំពី​សិទ្ធិ​របស់​ជនជាតិ​អ៊ុយ​ហ្គ័​រ​និង​ជនជាតិភាគតិច​មូស្លីម​ភាគច្រើន​ដទៃទៀត​ដែល​ត្រូវបាន​ឃុំឃាំង​នៅក្នុង​ជំរំ​ក្នុង​តំបន់​ស៊ីន​ជាំ​ងរ​បស់​ចិន​។​

កាលពី​សប្តាហ៍​មុន សហរដ្ឋអាមេរិក​បាន​អញ្ជើញ​ប្រធាន​សហព័ន្ធ​អ៊ុយ​ហ្គ័​រ​ពិភពលោក Dolkun Isa ឲ្យ​ថ្លែង​ទៅកាន់​វេទិកា​អង្គការសហប្រជាជាតិ​ស្តីពី​ជនជាតិដើម​ភាគតិច​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​ចិន​មានការ​ខឹងសម្បា​។​

អ្នកការទូត​អាមេរិក​លោក Courtney Nemoff បាន​និយាយ​មុន​ការបោះឆ្នោត​កាលពី​ថ្ងៃ​អង្គា​រថា ទង្វើ​របស់​ចិន​លើ​ជនជាតិ​អ៊ុយ​ហ្គ័​រ​គួរតែ​ក្លាយជា​កត្តា​មួយ​ក្នុងការ​សម្រេច​ទៅលើ​ភាពជា​សមាជិក​នៅ​វេទិកា​អង្គការសហប្រជាជាតិ​ដែលមាន​ភារកិច្ច​ការពា​រ​ជនជាតិដើម​ភាគតិច​នៅ​ទូទាំង​ពិភពលោក​។​

លោក Nemoff បាន​និយាយថា “​សហរដ្ឋអាមេរិក​មាន​ក្តី​ព្រួយបារម្ភ​ថា ជនជាតិ​អ៊ុយ​ហ្គ័​រ ជនជាតិ​កា​ហ្សា​ក់​ស្ថាន គៀរ​ហ្គី​ស្ថាន​និង​ជន​មូស្លីម​ដទៃទៀត​សរុប​ជាង​មួយ​លាន​នាក់​បានទទួល​ការឃុំ​ឃាំង​ដោយ​បំពាន ពលកម្ម​ដោយ​បង្ខំ ទារុណកម្ម​និង​ការស្លាប់​នៅក្នុង​ជំរំ​នៅ​តំបន់​ស៊ីន​ជាំ​ង​របស់​ប្រទេស​ចិន​។ អំពើ​ឃោរឃៅ​ទាំងនេះ​ត្រូវតែ​បញ្ឈប់​។ យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​ប្រកាន់យក​នូវ​គំនិត​នេះ​នៅក្នុង​វេទិកា​ដ៏​សំខាន់​នេះ​”​។​

ទន្ទឹម​នោះ អ្នកការទូត​ចិន​ម្នាក់​បាន​ឡើង​វេទិកា​ដើម្បី​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​សហរដ្ឋអាមេរិក​។​

លោក​បាន​ថ្លែងថា “​តំណាង​អាមេរិក​បានធ្វើការ​ចោទប្រកាន់​ដោយ​មិន​សម​ហេតុផល​ប្រឆាំងនឹង​ប្រទេស​ចិន​និង​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រឆាំងនឹង​ប្រទេស​ចិន​”​។ លោក​បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​របស់​ក្រុង​ប៉េកាំង​និង​ការជំទាស់​ចំពោះ​បញ្ហា​នេះ​។​

ក្រុង​ប៉េកាំង​អះអាងថា ជំរំ​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​ជា​មណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដើម្បី​នាំ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុតពី​ភាពជ្រុលនិយម​និង​ធ្វើ​សមាហរណកម្ម​ពួកគេ​ឡើងវិញ​នៅក្នុង​តំបន់​មួយ​ដែល​ញាំញី​ទៅដោយ​អំពើហិង្សា​ដែល​ត្រូវបាន​គេ​ស្តីបន្ទោស​ទៅលើ​ពួក​បំបែក​ខ្លួន​អ៊ុយ​ហ្គ័​រ​ឬ​ពួក​ឥស្លាម​និយម​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114