ព័ត៍មានទាន់​ហេតុការណ៏
Search

ចោរ​៤​នាក់​ ប្រើ​ចម្ពាម​កៅស៊ូ​បាញ់​ប្លន់​យក​ម៉ូតូ បានសម្រេច ​ខណៈ​ជិះ​ចេញពី​កន្លែង​ប្រគំ​តន្ត្រី​វិញ

ភ្នំពេញ ៖ យុវជន​២​នាក់​បងប្អូន ខណៈ​ជិះ​ម៉ូតូឌុប​គ្នា ចេញពី​កន្លែង​ប្រគំ​តន្ត្រី​វិញ ត្រូវបាន​ក្រុម​ក្មេង​ស្ទាវ​ចំនួន​៤​នាក់ ​ជិះ​ម៉ូតូ​២​គ្រឿង ដេញ​ស្ទាក់​តាម​ផ្លូវ ប្រើប្រាស់​ចម្ពាម​កៅស៊ូ បាញ់​ពីរ​គ្រាប់​ប្លន់ ហើយ​កៀរ​ឲ្យ​ឈប់ គំរាម​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​តាមផ្លូវ​បេតុង ខាងត្បូង​ខ្លោងទ្វារ​វត្ត​ស្ងួន​ពេជ្រ ក្នុង​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល។​

ជនរងគ្រោះ​ទាំង​២​នាក់​បងប្អូន ទី​១.ឈ្មោះ សុខ វ៉ាន់​ដេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ ដើរ​លក់​គ្រឿងក្រអូប តាម​មុខ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ត្រពាំង​គល់ ក្បែរ​កន្លែងកើតហេតុ មាន​ស្រុកកំណើត ភូមិ​ស្មែ​ត ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង តាកែវ។ ទី​២.ឈ្មោះ ផេ​ន ចិត្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ លក់​គ្រឿងក្រអូប ត្រូវជា​បងប្អូនជីដូន​មួយ​នឹង​គ្នា ស្នាក់នៅ និង​ស្រុកកំណើត ជាមួយគ្នា ។ ចំណែក​ម៉ូតូ​ដែល ក្រុម​ជនសង្ស័យ គំរាម​ដណ្តើម​យក​ទៅ​បាត់ ម៉ាក MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ 1N-4671 (​ទិញ​ត​ពី​បងថ្លៃ​)។​

តាម​ការរៀបរាប់​ពី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ នៅវេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​យប់​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៩ ខណៈដែល​វិលត្រឡប់​ចេញពី​កន្លែង​ប្រគំ​តន្ត្រី នៅ​កំបូល ជិះ​ម៉ូតូឌុប​គ្នា​ទៅផ្ទះ​ជួល ដោយ​ជនរងគ្រោះ ឈ្មោះ សុខ វ៉ាន់​ដេ​ត ជា​អ្នកបើកបរ ឆ្លង​ផ្លូវ​ជាតិ​លេខ​៤ ចូល​តាមផ្លូវ​បេតុង ខ្លោងទ្វារ​វត្ត​ស្ងួន​ពេជ្រ បាន​បន្តិច ស្រាប់តែ​ក្រុម​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​សេ​១២៥​ចំនួន​២​គ្រឿង មិន​ចាំ​ស្លាក​លេខ ដេញតាម​មកដល់​ស្រែក​ឲ្យ​ឈប់ តែ​មិនបាន​ឈប់ បន្ថែម​ល្បឿន ត្រូវ​បាន​ក្រុម​ជនសង្ស័យ ដេញតាម​ប្រើប្រាស់​ចម្ពាម​កៅស៊ូ បាញ់​២​គ្រាប់ ត្រូវ​ចំ​អ្នកជិះ​ក្រោយ ហើយ​ជនសង្ស័យ កៀរ​ម៉ូតូ​ឲ្យ​ឈប់ គំរាម ដណ្តើម​យក​ម៉ូតូ រួច​ជិះ​បត់​ត្រឡប់ក្រោយ គេច​ទៅ​បាត់។​

ក្រោយ​កើតហេតុ ភ្លាម​ជនរងគ្រោះ​មិនបាន ប្តឹង​ប៉ូលិស​ភ្លាម​ទេ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​០៨ ខែ​ឧសភា ទើប​សាច់ញាតិ​នាំ​មក​រក​ដាក់​ពាក្យ​បណ្តឹង ដល់​ប៉ុស្តិ៍​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​សាកសួរ​ទៅ កើតហេតុ​នៅ​ឯ​ភូមិសាស្ត្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល ទើប​ប្រាប់​ឲ្យ​ទៅ​ ដាក់ពាក្យ​បណ្ដឹង​នៅ ប៉ុស្តិ៍​កន្ទោក​វិញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114