ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីការបរទេស​អាមេរិក ​ធ្វើដំណើរ​មិន​ប្រកាស​ជាមុន​ទៅ​ប្រទេស​អ៊ីរ៉ាក់​ចំពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់

ប្រទេស​អ៊ីរ៉ាក់​ បាន​សន្យា​ធានា​សុវត្ថិភាព​ដល់​ផលប្រយោជន៍​របស់​អាមេរិក​ពី​ប្រទេស​អ៊ីរ៉ង់​។ នេះ​បើតាម​សម្តី​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo កាលពី​ថ្ងៃ​អង្គារ​ ខណៈ​ដែល​លោក​បានធ្វើ ដំណើរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ទៅកាន់​ទីក្រុង​បា​កដាដ​ដែលជា​កន្លែង​លោក​បាន​ចោទប្រកាន់​ទីក្រុង​តេ​រ៉ង់​ថា មាន​ផែនការ​ធ្វើការ​វាយប្រហា​រ​ជាក់ស្តែង​។​

ដំណើរ​ទស្សនកិច្ច​មិនបាន​ប្រកាស​របស់​អ្នកការទូត​ជាន់ខ្ពស់​អាមេរិក​រូបនេះ​បាន​គូសបញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ជំរុញ​ចំណងទាក់ទង​របស់​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​ទីក្រុង​បា​កដាដ​ខណៈ​ខ្លួន​បាន​បង្កើន​សម្ពាធ​អតិបរមា​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​តេ​រ៉ង់​។​

លោក Pompeo បាន​លុបចោល​ការចរចា​ជាបន្ទាន់​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​និង​ការធ្វើដំណើរ​ទៅកាន់​អឺ រ៉ុ​ប​ដើម្បី​ចំណាយពេល​៤​ម៉ោង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែលជា​កន្លែង​លោក​បាន​ជួប​ទាំង​ជាមួយ​លោក​ប្រធានាធិបតី Barham Saleh និង​លោកនាយក​រដ្ឋមន្ត្រី Adel Abdel Mahdi​។​

លោក Pompeo បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ថា “​យើង​បាន​និយាយ​ទៅកាន់​ពួកគេ​អំពី​សារៈសំខាន់​នៃ​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ធានាថា ពួកគេ​អាច​ការពារ​ពលរដ្ឋ​អាមេរិក​ឲ្យ​បាន​គ្រប់គ្រាន់​នៅក្នុង​ប្រទេស​របស់​ពួកគេ​”​។ លោក​និយាយថា “​ពួកគេ​ទាំងពីរ​បានផ្តល់​ការ​ធានាថា ពួកគេ​យល់ថា​នេះ​គឺជា​ការទទួលខុសត្រូវ​របស់​ពួកគេ​”​។​

លោក Pompeo បាន​និយាយថា លោក​បានធ្វើ​ដំណើរ​នេះ​ពីព្រោះ​កងកម្លាំង​អ៊ីរ៉ង់​កំពុង​បង្កើន​សកម្មភាព​របស់​ពួកគេ​ហើយ​បាន​និយាយថា ការគំរាមកំហែង​នៃ​ការវាយប្រហារ​គឺមាន​ជាក់ស្តែង​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក​បាន​បដិសេធ​និយាយ​លម្អិត​បន្ថែមទៀត​លើ​ផែន​ការដែល​ត្រូវបាន​គេ​ចោទប្រកាន់​នេះហើយ​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ឈានមុខ​មានការ​ព្រួយបារម្ភ​ថា រដ្ឋបាល​របស់លោក​ប្រធានាធិបតី Donald Trump កំពុង​ស្វែងរក​ការធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់​។​

នៅក្នុង​ទង្វើ​ចុងក្រោយ​បំផុត​របស់​សហរដ្ឋអាមេរិក​, មន្ទីរ​បញ្ច​កោណ​បាន​និយាយថា ខ្លួន​បាន​បញ្ជូន​យន្តហោះ B-52 ដែលមាន​សមត្ថភាព​នុយក្លេអ៊ែរ​ជាច្រើន​គ្រឿង​ទៅកាន់​តំបន់​នេះ​។​
​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា ការដាក់​ពង្រាយ​នេះ​គឺ​ឆ្លើយតប​ទៅនឹង​សញ្ញា​ថ្មីៗ​និង​ច្បាស់លាស់​ដែលថា កងកម្លាំង​អ៊ីរ៉ង់​កំពុង​ត្រៀម​រៀបចំ​ដើម្បី​បើក​ការវាយប្រហារ​លើក​ងក​ម្លាំ​ង​អាមេរិក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114