ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្សប្រឆាំង​សិង្ហ​បុរី​ ចូលរួម​ក្នុង​ប្រតិកម្ម​ប្រឆាំង​នឹង​ច្បាប់​ព័ត៌មាន​ក្លែងក្លាយ

គណបក្សប្រឆាំង​របស់​ប្រទេស​សិង្ហ​បុរី​នៅក្នុង​សភា​បាន​និយាយថា ខ្លួន​នឹង​ជំទាស់​ចំពោះ​សេចក្តី​ព្រាងច្បាប់​ព័ត៌មាន​ក្លែងបន្លំ​ដ៏​ចម្រូងចម្រាស​មួយ​ដែល​ត្រូវបាន​រិះគន់​ដោយ​ក្រុម​សិទ្ធិមនុស្ស អ្នកកាសែត​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខណៈ​ការជជែក​វែកញែក​លើ​ច្បាប់​ដែល​ស្នើឡើង​នេះ​បាន​ឈាន​ចូលដល់​ថ្ងៃទី​ពីរ។

ទង្វើ​នេះ​ទំនងជា​មិន​ធ្វើ​ឲ្យ​មានការ​បំផ្លាញ​ដល់​ច្បាប់​នេះ​ទេ​ថ្វីបើ​សភា​នឹង​ពិចារណា​លើ​ការកែប្រែ​ដែល​អាច​កាត់បន្ថយ​វិសាលភាព​របស់ខ្លួន​មុន​ការបោះឆ្នោត​ចុងក្រោយ​ក៏ដោយ​។ ច្បាប់​នេះ​ត្រូវបាន​មនុស្ស​មួយចំនួន​មើលឃើញថា​ជាការ​ផ្តល់​ឲ្យ​រដ្ឋាភិបាល​នូវ​អំណាច​ធំធេង​និង​រាំងស្ទះ​សេរីភាព​នៃ​ការបញ្ចេញមតិ​។​

មេដឹកនាំ​គណបក្សប្រឆាំង​លោក Pritam Singh បាន​ប្រាប់​សភា​កាលពី​ថ្ងៃ​អង្គា​រថា “​គណបក្ស​ពលករ​សូម​ប្រឆាំងនឹង​ច្បាប់​នេះ​។ យើង​មិន​យល់ស្រប​ទេ​ថា នាយក​ប្រតិបត្តិ​គួរតែ​ជា​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត​ដំបូង​គេ​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​សេចក្តីថ្លែងការណ៍​ក្លែងក្លាយ​”​។​

គណបក្ស​ពលករ​កាន់កាប់​អាសនៈ​ត្រឹមតែ​៦​ប៉ុណ្ណោះ​ក្នុងចំណោម​អាសនៈ​ជាប់ឆ្នោត​ទាំង​៨៩​នៅក្នុង​រដ្ឋសភា​ខណៈ​អាសនៈ​ដែល​នៅ​សេសសល់​ដទៃទៀត​ត្រូវ​កាន់កាប់​ដោយ​គណបក្ស​សកម្មភាព​ប្រជាជន​ដែល​គ្រប់គ្រង​ចាប់តាំងពី​សិង្ហ​បុរី​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាលពី​ជាង​៥០​ឆ្នាំមុន​មកម្ល៉េះ​។​

សេចក្តីព្រាងច្បាប់​នេះ​គឺមាន​គោលបំណង​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ដោយ​តម្រូវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ត្រូវអនុវត្ត​ការកែតម្រូវ​ឬ​លុបចោល​នូវ​មាតិកា​ហើយ​ការដាក់ទណ្ឌកម្ម​ចំពោះ​ជនល្មើស​គឺ​ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ​ឬ​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​១​លាន​ដុល្លារ​សិង្ហ​បុរី (៧៣៤,២០០​ដុល្លារ​អាមេរិក​)​។​

ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួង​ច្បាប់​លោក K. Shanmugam បាន​ប្រាប់​សភា​ថា ច្បាប់​នេះ​មិនគួរ​ភ័យខ្លាច​ឡើយ​។ លោក Shanmugam បាន​ថ្លែងថា “​សេរីភាព​នៃ​ការបញ្ចេញមតិ​មិនគួរ​ទទួល​ឥទ្ធិពល​ពី​សេចក្តីព្រាងច្បាប់​នេះ​ទេ​។ យើង​កំពុងនិយាយ​នៅទីនេះ​អំពី​រឿង​កុហក​។ យើង​កំពុងនិយាយ​អំពី​ភាពមិន​ពិត គណនី​ក្លែងក្លាយ​និង​អ្វីៗ​ផ្សេងទៀត​”​។​

ទន្ទឹម​នោះ សមាជិកសភា​បី​រូប​ដែល​ត្រូវបានតែងតាំង​ដោយផ្ទាល់​ដោយ​ប្រធានាធិបតី​និង​មិន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​បានស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​សេចក្តីព្រាងច្បាប់​នេះ​។​

គួរ​បញ្ជាក់ថា ប្រទេស​សិង្ហ​បុរី​បាន​ជាប់​ចំណាត់ថ្នាក់​ទី​១៥១​ក្នុងចំណោម​ប្រទេស​ចំនួន​១៨០​នៅក្នុង​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ដែលជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ដែល​លើកកម្ពស់​សេរីភាព​ខាង​ព័ត៌មាន​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114