ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាជន​អាហ្វ្រិក​ខាងត្បូង​ទៅ​បោះឆ្នោត​ ខណៈ​គណបក្ស ANC ត្រូវបាន​គេ​រំពឹងថា ​នឹង​ឈ្នះ

ប្រជាជន​អាហ្វ្រិក​ខាងត្បូង ​បាន​ទៅ​បោះឆ្នោត​ កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ការ​បោះឆ្នោតជាតិ​ ដោយ​គណបក្ស ANC ដែល​កាន់អំណាច​ចាប់តាំង​ពី​ឆ្នាំ​១៩៩៤​មក​នោះ​គឺជា​គណបក្ស​ដែល​គេ​រំពឹងថា​នឹង​ឈ្នះ​បើទោះបីជា​មានរឿង​អាស្រូវ​អំពើពុករលួយ​និង​កំណើនសេដ្ឋកិច្ច​មិនសូវ​លូតលាស់​ព្រមទាំង​ភាព​អត់​ការងារ​ធ្វើ​ក្នុង​កម្រិត​កំណត់ត្រា​ក៏ដោយ​។​

ANC បានឈ្នះ​រាល់​ការបោះឆ្នោត​ទាំង​៥​លើក​កន្លងមកនេះ​ប៉ុន្តែ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ធ្វើតេស្ត​មួយ​ទៅលើ​ថា​តើ​គណបក្ស​នេះ​បាន​ធ្លាក់ចុះ​ប្រជាប្រិយភាព​ដែរឬទេ។​

គណបក្ស​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា​នឹង​ឈ្នះឆ្នោត​ប៉ុន្តែ​អាចមាន​ការថយចុះ​សំឡេង​ភាគច្រើន​ហើយ​លទ្ធផល​នឹង​បង្ហាញថា​តើ​មេដឹកនាំ​ថ្មី​របស់ខ្លួន​គឺ​លោក​ប្រធានាធិបតី Cyril Ramaphosa អាច​យកឈ្នះ​ការ​អាក់អន់ចិត្ត​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកបោះឆ្នោត​អាហ្វ្រិក​ខាងត្បូង​បានដែរ​ឬ​អត់​។​

លោក Ramaphosa បាន​ឆក់យក​តំណែង​ពី​អ្នក​សម្បូរ​រឿងអាស្រូវ​ឈ្មោះ Jacob Zuma ដែល​ក្រោម​ការដឹកនាំ​របស់គាត់ គណបក្ស ANC បាន​ជួបប្រទះ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​ការគាំទ្រ​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក​។​

ការបោះឆ្នោត​នេះ​មាន​រយៈពេល​២៥​ឆ្នាំ​ចាប់តាំងពី​លោក Mandela បាន​ដឹកនាំ​គណបក្ស​សមាជជាតិ​អាហ្វ្រិក (ANC) ឲ្យ​កាន់អំណាច​នៅក្នុង​ការបោះឆ្នោត​ពហុ​ជាតិ​សាសន៍​លើកដំបូង​របស់​ប្រទេស​នេះ​។​

ការគាំទ្រ​សម្រាប់​គណបក្ស ANC បាន​ធ្លាក់ចុះ​នៅក្នុង​រាល់​ការបោះឆ្នោត​ចាប់តាំងពី​ឆ្នាំ​២០០៤​មក​ដោយ​គណបក្ស​នេះ​ទទួលបាន​សំឡេង​ត្រឹមតែ​៥៤​ភាគរយ​ប៉ុណ្ណោះ​នៅក្នុង​ការបោះឆ្នោត​មូលដ្ឋាន​ឆ្នាំ​២០១៦​បើ​ប្រៀបធៀប​ទៅនឹង​៦២​ភាគរយ​នៅក្នុង​ការបោះឆ្នោតជាតិ​លើកចុងក្រោយ​កាលពី​ឆ្នាំ​២០១៤​។​

លោក Ramaphosa វ័យ​៦៦​ឆ្នាំ​បាន​ឡើងកាន់តំណែង​កាលពី​ឆ្នាំមុន​នៅពេល​លោក Zuma ត្រូវបាន​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង​ជា​ប្រធានាធិបតី​ដោយ​គណបក្ស ANC បន្ទាប់ពី​ការគ្រប់គ្រង​រយៈពេល​៩​ឆ្នាំ​ដែល​ពោរពេញ​ទៅដោយ​ការចោទប្រកាន់​ពីបទ​ពុករលួយ​និង​បញ្ហា​សេដ្ឋកិច្ច​។​
ការ​ស្ទាបស្ទង់​មតិ​ភាគច្រើន​បាន​បង្ហាញថា ANC នឹង​ទទួលបាន​សំឡេងគាំទ្រ​ជិត​៦០​ភាគរយ​នៅ​ថ្ងៃ​ពុធ​ដោយសារតែ​ឥទ្ធិពល​របស់លោក Ramaphosa និង​គណបក្សប្រឆាំង​ដែល​ទន់ខ្សោយ​និង​បាក់បែក​គ្នា៕ AFP