ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​មាន​សុទិដ្ឋិនិយម​ថា ​ចលនា​សិល្បៈ​នៃ​ការចែករំលែក​របស់​ព​ល​រដ្ឋ​ខ្មែរ​នៅតែ​ត្រូវបាន​បន្ត​

​ភ្នំពេញ ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​ក្តីសង្ឃឹម​ថា ចលនា​សិល្បៈ​នៃ​ការចែករំលែក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពីរ​អ្នកមាន​លទ្ធភាព​ជួយ​ទៅដល់​អ្នក​គ្មាន​លទ្ធភាព​នៅតែ​ត្រូវបាន​បន្ត​។​សិល្បៈ​នៃ​ការចែករំលែក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ពិត​ជាមាន​អត្ថន័យ​ធំធេង​ជ្រាលជ្រៅ​ខ្លាំងណាស់​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​១៥៦​ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​នា​ព្រឹក​ថ្ងៃទី​៨​ខែឧសភា​។​សម្តេច​បាន​លើកឡើងថា​ខ្ញុំ​គួរតែ​រំលេច​ថា​សិល្បៈ​នៃ​ការចែករំលែក​ឬ​វប្ប​ធ៌​ម​នៃ​ការចែករំលែក​នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា​របស់​យើង​ពិត​ជាមាន​អត្ថន័យ​ធំធេង​ជ្រាលជ្រៅ​ខ្លាំងណាស់​។​
​ ​
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ «​សិល្បៈ​នៃ​ការចែករំលែក​ឬ​វប្បធម៌​នៃ​ការចែករំលែក​នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា​របស់​យើង​ពិត​ជាមាន​អត្ថន័យ​ធំធេង​ជ្រាលជ្រៅ​ខ្លាំងណាស់​ប្រសិន​ប្រជាពលរដ្ឋ​របស់​យើង​មិនមាន​ការយោគយល់​អធ្យាស្រ័យ​និង​អនុវត្តន៍​នូវ​សិល្បៈ​នៃ​ការចែករំលែក​នោះទេ​ខ្ញុំ​គិតថា​យើង​អាច​នឹង​ជួប​ការលំបាក​ត្រង់ចំណុច​នេះ​យើង​គួរតែ​សង្កេតមើល​មិនមែន​តែ​ក្នុង​ក្របខណ្ឌ​កាកបាទក្រហម​មួយ​មុខ​នោះទេ​ប៉ុន្តែ​សិល្បៈ​នៃ​ការចែករំលែក​បាន​អនុវត្ត​ច្រើន​គោលដៅ​ណាស់​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​បើ​យើង​និយាយ​ទាក់ទង​ទៅនឹង​សាសនា​និយាយ​អំពី​ព្រះពុទ្ធសាសនា​រដ្ឋ​មិនមាន​ថវិកា​ដើម្បី​កសាង​នៅ​ទី​អារាម​សំរាប់​ព្រះសង្ឃ​ទេ​។​ក៏ប៉ុន្តែ​តាមរយៈ​សិល្បៈ​នៃ​ការចែករំលែក​គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ក៏បាន​កសាង​ទៅជា​ទី​អារាម​នានា​សម្រាប់​ព្រះសង្ឃ​ក៏ដូចជា​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​បុណ្យទាន​។​ចំពោះ​សាលារៀន​វិញ​បើ​យើង​ពិនិត្យ​ឲ្យ​បាន​ដិតដល់​កាលពីមុន​សង្គ្រាម​ឆ្នាំ​១៩៧០​កាលពី​ពេលនោះ​សាលា​អាច​ថា​ចូលទៅ​ដល់​៩០​ភាគរយ​នៃ​ចំនួន​សាលារៀន​ដែល​ធ្វើ​ដោយ​សហគមន៍​ពេលនោះ​រាជការ​មានលទ្ធភាព​ត្រឹមតែ​ប្រគល់​គ្រូបង្រៀន​តែប៉ុណ្ណោះ​ប៉ុន្តែ​ចំពោះ​សាលារៀន​ត្រូវបាន​សហគមន៍​ជា​អ្នកធ្វើ​តាមរយៈ​នៃ​ការចូលរួម​វិភាគទាន​ក្នុងការ​ធ្វើ​នៅ​សាលារៀន​ឬក៏​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ក្នុងដំណាក់កាល​នោះ​។​នៅ​ក្នុងសម័យ​បច្ចុប្បន្ននេះ​យើង​អាច​សង្កេតមើល​អំពី​សាលារៀន​មួយ​មុខ​ប្រមាណ​ជា​ពាក់កណ្តាល​គឺ​រដ្ឋ​ចេញ​ថវិកា​ធ្វើ​ប៉ុន្តែ​៥០​ភាគរយ​ទៀត​គឺ​បានមកពី​ការចូលរួម​ជួយឧបត្ថម្ភ​ពី​សប្បុរសជន​ដែល​នេះ​គឺជា​ការដោះស្រាយ​បញ្ហា​មិនតូច​ទេ​ដែល​ផ្តើមចេញពី​គុណធម៌​ពី​សីលធម៌​និង​វប្បធម៌​នៃ​ការចែករំលែក​ពី​អ្នក​ដែលមាន​លទ្ធភាព​ជួយ​ទៅដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​បើ​ពិនិត្យ​នៅក្នុង​ក្របខណ្ឌ​សាលារៀន​យើង​អាច​តាម​ការប៉ាន់ស្មាន​ថា​ប្រមាណ​៥0% រដ្ឋ​ចេញ​ថវិកា​ធ្វើ​ប៉ុន្តែ​៥0​ភាគរយ​ទៀត​បានមកពី​ការចូលរួម​នៃ​សប្បរ​ជន​របស់​យើង​ក្នុង​ការចូលរួម​ធ្វើ​សាលារៀន​។ អណ្ដូងទឹក​មួយ​ភាគ​ធំ​ត្រូវបាន​ចូលរួម​ដោយ​សប្បុរសជន​ជា​អ្នកធ្វើ​ស្រះ​ទឹក​រហូត​ប្រព័ន្ធ​ប្រឡាយ​ស្រោចស្រព​ផ្លូវថ្នល់​ក៏មាន​ការចូលរួមចំណែក​ពី​សប្បុរជន​របស់​យើង​។​ដូច្នេះ​តាមរយៈ​សកម្មភាព​ទាំងអស់នេះ​យើង​ក៏បាន​ឃើញថា​នៅ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​របស់​យើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៅក្នុង​ពេលដែល​សប្បុរស​ជន​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​របស់​យើង​អ្នកមាន​ប្រាក់​ក៏មាន​ចំនួន​កាន់តែច្រើន​ទំហំ​នៃ​ការចូលរួម​ក៏​កាន់តែច្រើន​ដែរនោះ​ក៏​វា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ហើយ​ខ្ញុំ​សង្ឃឹមថា​ចលនា​សិល្បៈ​នៃ​ការចែករំលែក​ពីរ​អ្នកមាន​លទ្ធភាព​ជួយ​ទៅដល់​អ្នក​គ្មាន​លទ្ធភាព​នៅតែ​ត្រូវបាន​បន្ត​ហើយ​បញ្ហា​នេះ​យើង​ក៏​មិនត្រូវ​ភ្លេច​ថា​សិល្បៈ​នៃ​ការចែករំលែក​មិនមែន​គ្រាន់តែ​អនុវត្ត​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ប្រជាពលរដ្ឋ​របស់​យើង​ប៉ុណ្ណោះ​ទេ​ក៏ប៉ុន្តែ​សិល្បៈ​នៃ​ការចែករំលែក​នេះ​ក៏​ត្រូវបាន​អនុវត្ត​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ពិភពលោក​ផងដែរ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​យក​ឱកាស​នេះ​ជាថ្មី​ម្ដងទៀត​កោតសរសើរ​ចំពោះ​សកម្មភាព​មនុស្សធម៌រ​បស់​កាកបាទក្រហមកម្ពុជា​ដែល​មុននេះ​ប្រធាន​កាកបាទក្រហម​បានធ្វើ​របាយការណ៍​ដែល​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌​យ៉ាង​ធំធេង​បើតាម​របាយការណ៍​នេះ​គ្រួសារ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១៤​ម៉ឺន​គ្រួសារ​ដែល​បានទទួល​ជំនួយ​សង្គ្រោះ​ពី​កាកបាទក្រហមកម្ពុជា​នេះ​ពិតជា​សកម្មភាព​ដែល​ពោរពេញ​ទៅដោយ​ភាព​អង់អាច​និង​ឆ្ពោះទៅកាន់​គោលដៅ​ចំពោះ​ជន​ដែល​ងាយ​រងគ្រោះ​។​

សម្តេច​តេ​ជោ​បាន​បន្តថា​សម្តេច​ពិត​ជាមាន​មោទនភាព​ចំពោះ​ការចូលរួម​របស់​កាក​បាទ​ក្រហម​កម្ពុជា​ដែល​សកម្មភាព​ទាំងអស់នេះ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ដល់​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ព្រោះថា​ជនរងគ្រោះ​ត្រូវការ​ជំនួយ​ដែលជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​។​ដែល​ចំណុច​នេះ​កាកបាទក្រហម​របស់​បាន​ធ្វើ​សកម្មភាព​ឡើងវិញ​តាំងពី​ក្រោយ​ថ្ងៃ​៧​មករា​១៩៧៩​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​នូវ​ភាពឈ្លាសវៃ​របស់​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលមាន​ភាពឈ្លាសវៃ​ក្នុងការ​ប្រើប្រាស់​តួនាទី​អភិបាលខេត្ត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ថ្នាក់ដឹកនាំ​របស់​ខេត្ត​ដើម្បី​ចូលរួម​នៅក្នុង​ចលនា​របស់​កាកបាទក្រហម​កម្ពុជា​។​ដូច្នេះ​មន្ត្រី​សាធារណៈ​របស់​រដ្ឋ​មួយចំនួន​ជាពិសេស​នៅតាម​ខេត្ត​បានក្លាយ​ទៅជា​សមាជិក​និង​ជា​អ្នកបំរើ​របស់​កាកបាទ​ក្រហម​កម្ពុជា​។​ក៏ប៉ុន្តែ​យើង​ក៏ត្រូវ​ដឹងថា​ភារកិច្ច​ទាំងនោះ​ជា​ភារកិច្ច​របស់​អាជ្ញាធរ​ដែល​ត្រូវ​ដោះស្រាយ​។​ដូច្នេះ​ការបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​អន្តរាគមន៍​របស់​អាជ្ញា​ធរ​ក៏ដូចជា​ការធ្វើសកម្មភាព​របស់​កាកបាទក្រហម​កម្ពុជា​គឺមាន​ទិសដៅ​តែមួយ​គឺ​ការដោះស្រាយ​បញ្ហាលំបាក​របស់​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​ដែល​រងគ្រោះ​និង​អ្នក​ដែល​ងាយ​រងគ្រោះ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​យក​ឱកាស​នេះ​សម្ដែង​ជូន​និង​ថ្វាយ​ចំពោះ​សម្ដេចម៉ែ​ចំពោះ​ព្រះមហាក្សត្រ​ដែល​ព្រះអង្គ​ទាំង​ទ្វេរ​តែងតែ​គាំទ្រ​ចំពោះ​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុជា​ហើយ​បើ​និយាយ​ពី​ព្រះរាជតួនាទី​នារី​តាំងពី​ដើមទី​រហូតមក​ដល់ពេលនេះ​ក្នុងឋានៈ​ជា​អតីត​ព្រះប្រធាន​កាកបាទ​កម្ពុជា​និង​ក្នុងឋានៈ​បច្ចុប្បន្ន​ជា​ព្រះប្រធាន​កិត្តិយស​នៃ​កាកបាទក្រហមកម្ពុជា​ស​ម្ដេច​ម៉ែ​តែង​ធ្វើ​សកម្មភាព​ជាប់​មិន​ដាច់​ជា​រៀងរហូត​មកដល់ពេលនេះ​អស់​រយៈពេល​មិនតិចជាង​៥0 ឆ្នាំ​រួចមកហើយ​នោះទេ​។​សម្តេច​ក៏បាន​ថ្លែង​នូវ​ការ​អរ​ព្រះ​គុណ​ចំពោះ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ជាមួយនឹង​កាកបាទក្រហមកម្ពុជា​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី​ដែល​ព្រះអង្គ​តែង​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​សំរាប់​ប្រជាជន​ក្រីក្រ​របស់​ព្រះអង្គ​។​ព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ​ក៏​ក្លាយទៅជា​ព្រះរាជ​គំរូ​សម្រាប់​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ក៏ដូចជា​សប្បុរសជន​នានា​និង​មន្ត្រី​ថ្នាក់ក្រោម​របស់​យើង​។​

នៅក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ធ្វើអោយ​ប្រធានបទ​របស់​កាកបាទក្រហម​កម្ពុជា​“​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​”​ក្លាយទៅជា​ចលនា​ក្លាយទៅជា​សកម្មភាព​អនុវត្ត​ជាក់ស្ដែង​និង​ក្លាយទៅជា​ចលនា​របស់​ជាតិ​ទាំងមូល​។​សម្តេច​បន្តថា “​ខ្ញុំ​ស្រលាញ់​កាកបាទក្រហមកម្ពុជា​” មិន​មែនមាន​ត្រឹមតែ​នៅលើ​ក្រដាស​នោះទេ​ប៉ុន្តែ​ត្រូវធ្វើ​ឲ្យ​ចេញ​ជា​សកម្មភាព​ជាក់ស្ដែង​ហើយ​ត្រូវ​ក្លាយទៅជា​ចលនា​ជាតិ​តាំងពី​ថ្នាក់​កំពូល​រហូតដល់​ប្រជាជន​ធម្មតា​រាប់ទាំង​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​និង​ប្រជាជន​ដែល​ត្រូវបាន​ចូលរួម​នៅក្នុង​ចលនា​ទាក់ទិន​ជាមួយនឹង​សកម្មភាព​មនុស្សធម៌​ទាំងនេះ​។​សម្តេច​ជឿជាក់ថា​ប្រជាពលរដ្ឋ​របស់​យើង​អាច​ធ្វើបាន​ទៅនឹង​ទ្រឹស្ដី​មួយ​នេះ​ព្រោះ​ទ្រឹស្តី​មួយ​នេះ​វា​អាចបង្កើត​នូវ​ភាពសុខដុមរមនា​រវាង​អ្នក​ដែលមាន​លទ្ធភាព​និង​អ្នក​ដែល​គ្មាន​លទ្ធភាព​ដើម្បី​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​របស់​យើង​។​

គួរបញ្ជាក់​ថា​ពិធី​អបអរសាទរ​ខួប​១៥៦​ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៩​ប្រព្រឹត្តទៅ​ក្រុម​ប្រធានបទ “​ខ្ញុំ​ស្រលាញ់​កាកបាទក្រហមកម្ពុជា​”​។​ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​១៥៦​ឆ្នាំ​នៃ​ទិវា​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៩​នេះ​កាកបាទក្រហមកម្ពុជា​ទ​ទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​សរុប​ចំនួន​២០,៧៥៧,៥១០​ដុល្លារ​ដើម្បី​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​ថវិកា​ទទួលបាន​នេះ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨​មានការ​កើនឡើង​ជិត​៣​លាន​ដុល្លារ​ដែល​កាលពី​ឆ្នាំ​២០១៨​ទទួល​ជាង​១៨​លាន​ដុល្លារ​ប៉ុណ្ណោះ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114