ព័ត៍មានទាន់​ហេតុការណ៏
Search

សឿ សុធា​រ៉ា ប្រកាស​ពី​បំណង​ប្រាថ្នា​ធំ​ ចង់​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ សម្ដេច​តេ​ជោ​ ហ៊ុន សែន

ភ្នំពេញ​ ៖​ ស្រប​ពេល​ដែល​ចូល​បង្ហាញខ្លួន​ជាថ្មី​នៅ​ក្នុង​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ​ ដែល​រៀបចំឡើង​ដោយ​លោក អ៊ុក ណា​រី​ន នោះ​គឺ​តារា​ស្រី​អ្នកនាង​សឿ សុធា​រ៉ា ភ្លាមៗ​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​និង​ដាក់​ការ​សង្ស័យ​ថា ​អ្នកនាង​ និង​ស្វាមី​លោក​ សាពូន មីដាដា ​អាច​នឹង​ត្រឡប់​មកកាន់​វិថី​សិល្បៈ​ជាថ្មី​ឡើងវិញ។

ដើម្បី​ឆ្លើយតប​នឹង​ចម្ងល់​មហាជន​ ឬ​បញ្ជាក់​ពី​គោលបំណង​របស់​ខ្លួន​នេះ​ដែរ ​អ្នក​នាង សឿ សុធា​រ៉ា បានធ្វើការ​រៀបរាប់​ភ្ជាប់​នឹង​សំណេរ​អះអាង​បែបនេះ​ថា​ នាង ​និង​លោក​ សាពូន មីដាដា អត់​មាន បំណង​ត្រឡប់​ថយក្រោយ​(​វិល​ចូល​សិល្បៈ​)​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​គ្រួសារ​អ្នក​នាង​ទទួល​ឡើង​ក្នុង​កម្មវិធី​នោះ ​គឺ​ដោយសារតែ​ចង់​ប្រកាស​បំណង​មួយ​ជាមួយ​ សម្ដេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ដែល​នាង​លើកឡើង​ថាបើ​មិនបាន​សម្រេច គឺ​មិន​អស់ចិត្ត​ឡើយ។


តារា​ស្រី​ធ្លាប់មាន​ឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​ច្រើន​ឆ្នាំ​ អ្នកនាង សឿ សុធា​រ៉ា និយាយ​បន្តទៀត​ថា ដោយសារ​តែ​ការ​នឹករលឹក​ដល់​ទស្សនិកជន និង​នឹករលឹក​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល នាង​តែង​ហៅថា​ សម្ដេច​តេ​ជោ​ មហា​វីរបិតា​សន្តិភាព​ជាតិខ្មែរ​ ទើប​អ្នកនាង​ទទួល​ច្រៀង​ក្នុង​កម្មវិធី​ចម្រៀង​គ្រួសារ​ដោយហេតុថា សម្ដេច​ តែង​ចូល​ទស្សនា​ក្នុង​កម្មវិធី​នោះ​រាល់ពេល​ផ្សាយ​ផ្ទាល់​។​

អ្នកនាង សឿ សុធា​រ៉ា បញ្ជាក់ថា​ ខ្ញុំ​ និង​គ្រួសារ​ ពិត​ជា​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង នៅពេលដែល​ខ្ញុំ​និង​ស្វាមី​ បាន​បកស្រាយ​បទ​ចម្រៀង ហើយ​ត្រូវបាន​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ចូល​ទស្សនា​ និង​ចូល​Comment​ សួរសុខទុក្ខ​ខ្ញុំ​ និង​ស្វាមី ព្រមទាំង​កូន​ទាំង​២​នៅ​ក្នុង​ថ្ងៃ​នោះ​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ និង​ស្វាមី​ចង់បាន ​ខណៈដែល​អ្នកនា​ង​ប្រកាស​ថា ​ខ្លួន​ និង​គ្រួសារ​នៅ​មាន​បំណង​ធំ​មួយទៀត​ គឺ​បាន​ថតរូប​ជាមួយ​ សម្ដេច​តេ​ជោ ហ៊ុន សែន​ និង ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ជា​លក្ខណៈ​គ្រួសារ​ដើម្បី​តាំង​ក្នុងផ្ទះ​។

តារា​ស្រី​រូបនេះ​ បាន​សង្កត់ធ្ងន់ថា ​ក្នុង​ឆ្នាំ​២០១៩ ​នេះ​បើ​អ្នកនាង​ និង​គ្រួសារ​មិន​មាន​ឱកាស​បាន​ថត​រូប​ជា​គ្រួសារ​ជាមួយ​សម្ដេច​ទាំងពីរ​ ដើម្បី​យក​មក​ផ្ដិត​តាំង​ក្នុង​ផ្ទះ​នោះ​ទេ ​គឺ​អ្នកនាង ​នឹង​មិន​អស់ចិត្ត​ឡើយ​ ព្រោះ​ក្តី​ប្រាថ្នា​របស់​នាង ​និង​ស្វាមី​ គឺ​ចង់​មាន​រូបថត​មួយ​សន្លឹក​ជួបជុំ​គ្រួសារ​ជាមួយ​សម្ដេច​ទាំង​ទ្វេ ​ដើម្បី​ឲ្យ​កូនៗ​បាន​មើល​ និង​ទុក​មើល​ជា​អនុស្សាវរីយ៍ ​ហើយ​នេះ​គឺជា​បំណង​ធំ​តែមួយគត់​ដែល​អ្នកនាង​ចង់បាន​ក្នុង​ឆ្នាំ​២០១៩៕

​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114