ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកបកប្រែ​ភាសា​ចិន​ម្នាក់ បើកឡាន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ ស្លាប់​ក្នុង​ឡាន​​

​ភ្នំពេញ ៖ ជនរងគ្រោះ​ជា​អ្នកបកប្រែ​ភាសា​ចិន​រោងចក្រ​កាត់ដេរ​ ខណៈ​បើកឡាន​ម៉ាក morning មួយ គ្រឿង បោះពួយ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​ចំ​របាំង​ថ្ម​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បាក់​ខ្ទេច​អស់​៣​កង់ ខ្ទេច​ទាំង​រថយន្ត ស្លាប់​ខ្លួនឯង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ព្រឹក​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី មុខ​ច្រកចូល​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

រថយន្ត​ជួប​គ្រោះថ្នាក់​ខាងលើ​ម៉ាក morning ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-9375 មាន​ម្ចាស់​អ្នកបើកបរ​ ឈ្មោះ ម៉ុ​ន តៃ​ជរ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បកប្រែ​ចិន រោងចក្រ ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល មាន​ស្រុកកំណើត​ភូមិ​ខ្ពប​តា​ងួន ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។

តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​បង្ក បើក​ល្បឿន​លឿន​ពី​កើ​តទៅ​លិច លុះដល់​ចំណុច​កើតហេតុ មិនដឹងថា ជនរងគ្រោះ​ស្រវឹង ឬ​ងងុយដេក ទើប​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ លាន់​ដូច​ផ្ទុះ​គ្រាប់បែក រថយន្ត​វិល​មួយ​ជុំ ក្បាល​នាគ ទ្រូងផ្លូវ បាក់​បែក​អស់​ចំនួន​៣​កង់ អ្នកបើកបរ​ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ត ទោះជា​ពលរដ្ឋ​ជួយ​ទាញ​ចេញ ប៉ុនប៉ង​យក​ទៅ​សង្គ្រោះ ក៏​មិនទាន់​ផង។​

បើតាម​សាច់ញាតិ មិត្តភ័ក្ដិ​រួម​ការងារ បាន​ឲ្យ​ដឹងថា ពួកគាត់ មិន​បានឃើញ​ជនរងគ្រោះ ដេក​ស្នាក់​នៅ​បន្ទប់​ជួល​ទេ កាលពី​យប់មិញ មិនដឹងថា ជនរងគ្រោះ​ទៅ​ដេក​ឯណា​ដែរ ស្រាប់តែ នៅវេលា​ម៉ោង​ខាងលើ ឮ​ដំណឹង​ថា​ជនរងគ្រោះ​ជួប​រឿង​អកុសល​បែបនេះ​ទៅវិញ។​

ក្រោយ​កើតហេតុ សាច់ញាតិ មិត្តភ័ក្ដិ​រួម​ការងារ ទៅដល់​កន្លែងកើតហេតុ​ទាំង​អារម្មណ៍​ក្ដុកក្ដួល ដោយ​មិន​នឹកស្មាន​ដល់ សមត្ថកិច្ច​ចុះ​ពិនិត្យ សាកសព ត្រូវបាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ចាត់ចែង​ដឹក​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត។ ដោយឡែក​រថយន្ត​ ត្រូវបាន​សមត្ថកិច្ច ស្ទូច​លើក​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​ឯកសារ​ទៅតាម​នីតិវិធី៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114