ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​Tencent ចាប់ផ្ដើម​រកប្រាក់​បាន​ពី​ហ្គេម​ដ៏​ល្បី​PUBG​នៅ​ចិន​ដោយ​ដាក់​ដំណើរការ​វគ្គ​ស្នេហា​ជាតិ

ក្រុមហ៊ុន​Tencent Holdings Ltd កាលពី​ថ្ងៃ​ពុធ​ បាន​បិទ​ការសាកល្បង​របស់​ខ្លួន​លើ​ហ្គេម​ដ៏​ពេញ​និយម​ទូទាំង​ពិភពលោក “PlayerUnknown’s Battlegrounds” ក្នុង​ប្រទេស​ចិន​និង​បាន​ផ្លាស់ប្ដូរ​ឱ្យ​អ្នកលេង​អាច​លេង​ក្នុង​រូបភាព​ស្រដៀង​នឹង​វីដេអូ​ហ្គេម​ ដែល​មាន​លក្ខណៈ​ស្នេហា​ជាតិ​ដោយមាន​ការយល់ព្រម​ពី​និយតករ​ដើម្បី​អាច​ទាញ​រកប្រាក់​ចំណូល​បាន។

​មេដឹកនាំ​ក្រុមហ៊ុន​វីដេអូ​ហ្គេម​របស់​ចិន​មួយ​នេះ​បាន​រង់ចាំ​អស់​ជាង​១​ឆ្នាំ​មកហើយ​ដើម្បី​ទទួលបាន​អនុញ្ញាតឱ្យរ​កលុយ​ពី​ហ្គេម PUBG តាមរយៈ​ការទិញ​ក្នុង​កម្មវិធី​ដែលមាន​ការផ្ដល់ជូន​ឈាម​សម្រាប់​លេង​ពោលគឺ​ហ្គេម​ដែល​បង្កើត​ដោយ​កូរ៉េខាងត្បូង​មួយ​នេះ​ត្រូវធ្វើ​កំណែទម្រង់​ទាំងស្រុង​ឱ្យមាន​លក្ខណៈ​សង្គមនិយម​ដើម្បីឱ្យ​ត្រូវ​នឹង​គោលការណ៍​ដ៏​តឹងរឹង​របស់​រដ្ឋាភិបាល​។​

នៅលើ​គណនី​ផ្លូវការ​របស់​ហ្គេម​មួយ​នេះ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​យក្ស​របស់​ចិន Weibo ក្រុមហ៊ុន​Tencent​បានសរសេរថា​ខ្លួន​នឹង​បញ្ចប់​ដំណាក់កាល​សាកល្បង​សម្រាប់​ហ្គេម PUBG ហើយ​ខ្លួន​បាន​ដំណើរការ​វគ្គ​មួយ​ក្នុង​ហ្គេម​និយាយ​ពី​ការប្រឆាំង​ភេរវកម្ម​ឈ្មោះថា “Game for Peace” ដែល​បានទទួល​ការយល់​ព្រមឱ្យ​រកលុយ​បាន​នៅ​ខែមេសា​កន្លងទៅនេះ​។​

អ្នកវិភាគ​មកពី​ធនាគារ​វិនិយោគ​China Renaissance​បាន​លើកឡើងថា “​ជាមួយ​ហ្គេម​ទូរ​សព្ទ PUBG Mobile ដែលមាន​អ្នកលេង​ជា​មធ្យម​ប្រហែល​៧០​លាន​នាក់​ក្នុង​មួយថ្ងៃ​ក្នុងប្រទេស​ចិន​នាពេល​បច្ចុប្បន្ននេះ​យើង​រំពឹងថា Game for Peace នឹង​អាច​រកចំណូលបាន​ពី​៨​ពាន់​លាន​យាន់​ទៅ​១​ម៉ឺន​លាន​យាន់ (១,១៨​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​១,៤៨​ពាន់​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ចំណូល​ប្រចាំឆ្នាំ​។​”
​ដោយឡែក​អ្នកវិភាគ​ហ្គេម​មកពី​ក្រុមហ៊ុន​IHS Markit អ្នកនាង Cui Chenyu​បាន​និយាយថា​មតិយោបល់​របស់​អ្នកប្រើប្រាស់​បានបង្ហាញ​ថា Game of Peace មាន​លក្ខណៈ​ស្រដៀង​ជាមួយ PUBG ខ្លាំង​ដែល​ពី​មុនគេ​ស្គាល់​ថា​Bluehole​។ ក្រុមហ៊ុន​Tencent​បាន​សុំ​អាជ្ញាប័ណ្ណ​សម្រាប់ PUBG និង​បាន​បង្កើតជា​ទម្រង់​លេង​លើ​ទូរ​សព្ទ​សម្រាប់​ហ្គេម​មួយ​នេះ​។​

នាង​បាន​បន្តថា “​វា​ពិតជា​ស្រដៀង​គ្នា​ខ្លាំង​តែម្ដង​ទាំង​របៀប​លេង Background ការ​រចនា​រូបភាព​និង​សូម្បីតែ​តួអង្គ​ស្ទើរតែ​គ្មាន​ខុសគ្នា​អី​បន្តិច​។​” REUTERS
​​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114