ព័ត៍មានទាន់​ហេតុការណ៏
Search

និយតករ​អូស្ត្រាលី​រារាំង​ការរួមបញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​យក្ស​ពីរ​គឺ​TPG​និង​Vodafone

កាលពី​ថ្ងៃ​ពុធ​នេះ​និយតករ​អូស្ត្រាលី​បាន​រារាំង​ការច្របាច់បញ្ចូលគ្នា​រាប់ពាន់​លាន​ដុល្លារ​រវាង​ក្រុមហ៊ុន​Vodafone Hutchison Australia​និង​TPG Telecom​នៅក្នុង​សេចក្ដីប្រកាស​មួយ​ដែលនាំឱ្យ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ទាំងពីរ​ត្រូវ​ធ្លាក់ចុះ​។​

ក្រុមហ៊ុន​ទាំងពីរ​បានប្រកាស​នូវ​កិច្ចព្រមព្រៀង​មួយ​កាល​ខែសីហា​ថា​នឹង​រួមគ្នា​បង្កើត​អង្គភាព​មួយ​មានតម្លៃ​១៥​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​(១០,៥​ពាន់​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ផ្ដួល​ក្រុមហ៊ុន​Telstra​និង​Optus​ក្នុង​គោលបំណង​បង្កើន​ការប្រកួតប្រជែង​ក្នុង​វិស័យ​ទូរគមនាគមន៍​។​ប៉ុន្តែ​គណៈកម្មការ​ប្រកួតប្រជែង​និង​អ្នកប្រើប្រាស់​របស់​អូស្ត្រាលី (ACCC) បាន​មើលឃើញ​និង​និយាយថា​ការច្របាច់បញ្ចូលគ្នា​នេះ​បែរជា​នឹង​កាត់បន្ថយ​ការប្រកួតប្រជែង​ទៅវិញ​។​

“ACCC​បាន​សន្និដ្ឋាន​យ៉ាង​ជាក់លាក់​ថា​ការស្នើសុំ​ច្របាច់​បញ្ចូល​គ្នា​រវាង​TPG និង​Vodafone​នេះ​ទំនងជា​ធ្វើឱ្យមាន​ការកាត់បន្ថយ​ការប្រកួតប្រជែង​លើ​ការផ្គត់ផ្គង់​សេវា​ទូរ​សព្ទ​ចល័ត​ព្រោះ​សំណើ​នៃ​ការរួមបញ្ចូល​គ្នា​នេះ​នឹង​រារាំង​មិនឱ្យ​TPG​ក្លាយជា​ប្រតិបត្តិ​ករ​សេវា​ទូរ​សព្ទ​ចល័ត​ទី​៤​ក្នុងប្រទេស​អូស្ត្រាលី​ឡើយ​។​”

គួរឱ្យ​ដឹងថា​ក្រុមហ៊ុន​Vodafone Australia​គឺជា​ប្រតិបត្តិ​ករ​ធំ​លំដាប់​ទី​៣​ក្នុងប្រទេស​ដោយមាន​អ្នកប្រើប្រាស់​ប្រហែល​៦​លាន​នាក់​។​ចំណែក TPG គឺជា​អ្នកផ្ដល់​សេវា​អ៊ី​ន​ធើ​ណិ​ត​ធំ​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ក្នុងប្រទេស​។​វា​មាន​ចំនួន​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ខ្សែ (Fixed-line) នៅតាម​ផ្ទះ​ប្រហែល​១,៩​លាន​នាក់ និង​សម្រាប់​សាជីវកម្ម​សំខាន់ៗ រដ្ឋាភិបាល​និង​អាជីវកម្ម​បោះ​ដុំ​ជាច្រើន​ទៀត​។​

ផ្ទុយ​ពី​ការយល់ឃើញ​របស់ ACCC ក្រុម​តស៊ូ​មតិ​របស់​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​និង​ទូរ​សព្ទ​ឈ្មោះថា បណ្ដាញ​សកម្ម​ទំនាក់ទំនង​អ្នកប្រើប្រាស់​របស់​អូស្ត្រាលី (ACCAN) បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការរួមបញ្ចូល​គ្នា​នេះ​គួរតែ​បន្តធ្វើ​ទៅមុខទៀត​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114