ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump Jr ត្រូវបាន​កោះហៅ​ចំពេល​សភា​កំពុង​ប្រយុទ្ធ​ជាមួយ​សេត​វិមាន​ជុំវិញ​របាយការណ៍​បញ្ហា​រុស្ស៊ី

ការស៊ើបអង្កេត​ស្តីពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​បាន​ទម្លាក់​ទីក្រុង​វ៉ាស៊ីនតោន​ឲ្យ​ចូលទៅក្នុង​ភាពវឹកវរ​កាលពី​ថ្ងៃ​ពុធ​ ខណៈដែល​កូនប្រុស​របស់លោក Donald Trump ត្រូវបាន​គេ​បញ្ជា​ឲ្យ​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​ព្រឹទ្ធសភា​ ហើយ​សេត​វិមាន​បាន​បដិសេធ​បញ្ចេញ​ព័ត៌មាន​ស្តីពី​ការស៊ើបអង្កេត​លើ​លោក​ប្រធានាធិបតី​។​

មួយថ្ងៃ​បន្ទាប់ពី​អ្នក​សាធារណរដ្ឋ​ជាន់ខ្ពស់​ក្នុង​សភា​បាន​ហៅ​ការស៊ើបអង្កេត​ស្តីពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ថា​ជា “​ករណី​បិទ​” នោះ​, ជម្លោះ​របស់លោក Trump ជាមួយ​គូប្រជែង​គណបក្ស​ប្រជាធិបតេយ្យ​បាន​កើន​ឡើងដល់​កម្រិត​ថ្មី​នៅពេលដែល​ក្រុមប្រឹក្សា​សភា​បាន​បោះឆ្នោត​ឲ្យ​អគ្គ​រដ្ឋអាជ្ញា​លោក Bill Barr មាន​ទំនួល​ខុសត្រូវ​សម្រាប់​ការប្រមាថ​ដោយសារតែ​ការបដិសេធ​ប្រគល់​ឯកសារ​សំខាន់ៗ​។​

បន្ទាប់ពី​រឿងរ៉ាវ​រយៈពេល​មួយថ្ងៃ​ដែល​រួមបញ្ចូល​ទាំង​ការអះអាង​របស់លោក Trump អំពី​បុព្វ​សិទ្ធ​ក្នុង​ការបញ្ចេញ​ឯកសារ​សម្ងាត់​របស់លោក​ជា​លើកដំបូង​នៅក្នុង​តំណែង​របស់លោក​ផងដែរ​នោះ គណៈកម្មាធិការ​ស៊ើបអង្កេត​ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​បាន​ចាត់វិធានការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយសារតែ​ការចេញ​ដីកា​បង្គាប់​ទៅ​លោក Donald Trump Jr ឲ្យ​មក​ផ្តល់​សក្ខីកម្ម​ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​របស់ខ្លួន​ចូលទៅក្នុង​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​។​

វា​គឺជា​ការកោះហៅ​តាមច្បាប់​ដែល​គេ​ដឹង​លើកដំបូង​ដែល​ចេញទៅ​ឲ្យ​សមាជិក​នៃ​ក្រុមគ្រួសារ​របស់លោក​ប្រធានាធិបតី​ដើម្បី​បង្ខំ​ឲ្យ​ផ្តល់​សក្ខីកម្ម​នៅក្នុង​ការស៊ើបអង្កេត​ដែល​កំពុង​បន្ត​ហើយ​ការកោះហៅ​នេះ​បាន​កើតឡើង​បន្ទាប់ពី​រដ្ឋអាជ្ញា​ពិសេស​លោក Robert Muller បដិសេធ​ចោទប្រកាន់​យុទ្ធនាការ​ឆ្នាំ​២០១៦​របស់លោក Trump ពីបទ​សមគំនិត​ដើម្បី​ឃុបឃិត​ជាមួយ​រុស្ស៊ី​។​

លោក Trump Jr អាយុ​៤១​ឆ្នាំ​ធ្លាប់​បានផ្តល់​សក្ខីកម្ម​ដោយ​ស្ម័គ្រចិត្ត​ម្តង​ហើយ​ទៅកាន់​គណៈកម្មាធិការ​នេះហើយ​ត្រូវបាន​គេ​សាកសួរ​អំពី​កិច្ចប្រជុំ​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៦​នៅ​អគារ Trump Tower ក្នុង​ទីក្រុង​ញូវយ៉ក​ដែល​លោក​និង​មន្ត្រី​យុទ្ធនាការ​ដទៃទៀត​ធ្វើឡើង​ជាមួយ​មេធាវី​ជនជាតិ​រុស្ស៊ី​ម្នាក់​ដែល​បានផ្តល់​ឲ្យ​ពួកគេ​នូវ​ព័ត៌មាន​កខ្វក់​អំពី​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton ។​

ទោះបីជា​យ៉ាងណាក៏ដោយ ជំនួយការ​របស់​គណៈ​ក​ម្មា​ធិ​ការ​នេះ​នឹងមិន​បញ្ជាក់​អំពី​ការកោះហៅ​ឬអ្វី​ដែល​ពួកគេ​ចង់​ពិភាក្សា​ជាមួយ​កូនប្រុស​ច្បង​របស់លោក​ប្រធានាធិបតី​រូបនេះ​ទេ​៕ AFP