ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​អង់គ្លេស​ច្រានចោល​ការអំពាវនាវ​ឲ្យ​បញ្ជាក់​ពេលវេលា​នៃ​ការលាលែង​ពី​តំណែង

លោកស្រី​នាយករដ្ឋមន្ត្រី Theresa May កាលពី​ថ្ងៃ​ពុធ​បាន​ជំទាស់​នឹង​ការទាមទារ​ពី​គណបក្ស​របស់​លោក​ស្រី​ ដែល​ស្នើសុំ​ឲ្យ​ផ្តល់​ពេលវេលា​ច្បាស់លាស់​មួយ​សម្រាប់​ការចុះ​ចេញពី​តំណែង​ដោយ​អ្នកនាំពាក្យ​របស់លោក​ស្រី​បាន​ទទូចថា លោកស្រី​នឹង​បន្ត​ដឹកនាំ​រហូតដល់​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​បានសម្រេច។

អ្នកនាំពាក្យ​ការិយាល័យ Downing Street បាន​និយាយថា “​លោកស្រី​នៅទីនេះ​ដើម្បី​នាំ Brexit ទៅ​ដំណាក់កាល​ទីមួយ​ហើយ​បន្ទាប់មក​លោកស្រី​នឹង​ចាកចេញ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ដល់​អ្នកដឹកនាំ​ថ្មី​សម្រាប់​ដំណាក់កាល​ទី​២”​។​

មេដឹកនាំ​អភិរក្ស​រូបនេះ​កំពុង​ស្ថិតក្រោម​សម្ពាធ​កាន់តែខ្លាំង​ឡើង​ពី​សមាជិកសភា​និង​សកម្មជន​ដែល​មិន​សប្បាយចិត្ត​ចំពោះ​ការដោះស្រាយ​របស់លោក​ស្រី​លើ​បញ្ហា Brexit ដែល​ត្រូវ​កើតឡើង​នៅ​ថ្ងៃទី​២៩​ខែមីនា​ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​ពីរដង​រួចមកហើយ​។​

កាលពី​ខែមីនា លោកស្រី May បាន​សន្យាថា បន្ទាប់ពី​ដក​ចក្រភព​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប លោកស្រី​នឹង​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ម្នាក់ទៀត​ចរចារ​អំពី​ទំនាក់ទំនង​ទ្វេភាគី​នាពេល​អនាគត​ជាមួយ​ប្លុក​នេះ​។​

ដោយសារតែ Brexit ឥឡូវនេះ​ត្រូវ​ពន្យារពេល​រហូត​ទៅដល់​ថ្ងៃទី​៣១​ខែតុលា​ឯណោះ​នោះ ក្រុម​អ្នក​រិះគន់​មានការ​ព្រួយបារម្ភ​ថា លោកស្រី​អាច​នឹង​បន្ត​កាន់តំណែង​រយៈពេល​ច្រើន​ខែ​ទៀតហើយ​កំពុង​ជំរុញ​ឲ្យ​មាន​ភាពច្បាស់លាស់​ចំពោះ​ការចាកចេញ​របស់លោក​ស្រី​។​

កំហឹង​បាន​ផ្ទុះឡើង​បន្ទាប់ពី​សេចក្តីប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​កាលពី​សប្ដាហ៍​មុន​ហើយ​សមាជិកសភា​ជាន់ខ្ពស់​លោក Graham Brady បាន​ជួប​ជាមួយ​លោកស្រី May កាលពី​ថ្ងៃ​អង្គារ​ដើម្បី​បង្ហាញ​ការព្រួយបារម្ភ​របស់​មិត្ត​រួមការ​ងារ​លោក​។​

លោក Brady ដែលជា​ប្រធាន​គណៈកម្មាធិការ​នៃ​សមាជិកសភា Tory ឆ្នាំ​១៩២២ បាន​និយាយថា លោកស្រី May បាន​យល់ព្រម​ថ្លែង​ទៅកាន់​សមាជិក​ប្រតិបត្តិ​របស់ខ្លួន​នៅ​សប្តាហ៍​ក្រោយនេះ​សម្រាប់​សំណួរ​អំពី​អនាគត​របស់​លោកស្រី​។​

លោក​ក៏បាន​និយាយ​ផងដែរ​ថា លោកស្រី​សង្ឃឹមថា​នឹងមាន​ការបោះ​ឆ្នោត​មួយទៀត​លើ​កិច្ចព្រមព្រៀង​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​មុន​ការបោះឆ្នោត​អឺរ៉ុប​ធ្វើឡើង​ក្នុងប្រទេស​អង់គ្លេស​នៅ​ថ្ងៃទី​២៣​ខែឧសភា​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114