ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​ប្រកាស​សុពលភាព​ថ្នាក់ដឹកនាំ​ក្រសួង​ទើបត្រូវ​បានតែងតាំង​ថ្មី និង​ការបែងចែក​ភារកិច្ច

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សុពលភាព​ថ្នាក់ដឹកនាំ​ក្រសួង​ទើបត្រូវ​បានតែងតាំង​ថ្មី និង​ការបែងចែក​ភារកិច្ច ថ្នាក់ដឹកនាំ​ក្រសួង​ទើប​តែងតាំង​ថ្មី។

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​អំពី​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​កម្ពុជា និង​ការសាងសង់​ស្ថានីយ​បូមទឹក ដែលមាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​ឱ្យបាន​ទាន់ពេលវេលា និង​បាន​ស្នើឱ្យ​គ្រប់​មន្ទីរ​រាជធានី​-​ខេត្ត​ទាំងអស់ សហការគ្នា​ធ្វើ​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខុមាលភាព និង​អនាម័យ​ប្រជាពលរដ្ឋ​។

លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការអបអរសាទរ និង​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​ក្រសួង ទើបត្រូវ​បានតែងតាំង​ថ្មី​ទាំងអស់ ឱ្យខិត​ខំប្រឹងប្រែង​បំពេញការងារ​ឱ្យបាន​ទ្វេដង និង​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ តាម​មុខតំណែង​របស់ខ្លួន​ដើម្បី​ជា​ផលប្រយោជន៍​ដល់​ក្រសួង និង​ប្រទេសជាតិ​ទាំងមូល​។​

ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន (CRCC) មកកាន់​កម្ពុជា ដើម្បី​ធ្វើការ​សិក្សា​លើ​ការអភិវឌ្ឍ​ផ្លូវដែក ដែលមាន​ស្រាប់​របស់​កម្ពុជា (​ភាគខាងត្បូង និង​ភាគ​ខាងជើង​) ការសិក្សា​ផ្លូវ​រថភ្លើង​ដឹក​អ្នកដំណើរ​ធុន​ស្រាល (Monorail) និង​ការសិក្សា​ផ្លូវ​រថភ្លើង​ក្រោម​ដី (Subway) នៅ​រាជធានី​ភ្នំពេញ ហើយ​រាយការណ៍​ជូន​រាជរដ្ឋាភិបាល ដើម្បី​ជ្រើស​រើសយក​ប្រព័ន្ធ​ដឹកជញ្ជូន​ណាមួយ​ដែលមាន​ប្រសិទ្ធភាព​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ​។

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​ទាក់ទង​នឹង​គម្រោង​សាងសង់​កំពង់ផែ គម្រោង​សាងសង់ ផ្លូវ​លេខ ៧១C គម្រោង​សាងសង់​ផ្លូវ​លេខ​១០ គម្រោង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​លេខ​៥៥ គម្រោង​កំពុង ដំណើរការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដើម្បី​បញ្ចប់​ឱ្យបាន​រួចរាល់​នៅ​ខែកញ្ញា ឆ្នាំ​២០២២ មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ក្រុងព្រះសីហនុ៕