ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ស្ដីទី​ពាណិជ្ជកម្ម ប្រគល់​វិញ្ញាបនបត្រ​ចុះបញ្ជី «​ស្ករត្នោត​កំពង់ស្ពឺ​» ជូន​សមាគម​លើកកម្ពស់​ស្ករត្នោត​របស់​ខេត្ត​

​ភ្នំពេញ ​៖ លោក កឹម ស៊ីថន រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងពាណិជ្ជកម្ម បានប្រគល់​ប្រគល់​វិញ្ញាបនបត្រ​ចុះបញ្ជី “​ស្ករត្នោត​កំពង់ស្ពឺ​” ដែល​ទើបតែ​ទទួល​បាន​ការចុះបញ្ជី​ការពារ​នៅ​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៩ ជូន​លោក សម សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ ដើម្បី​ចូលរួម​លើកស្ទួយ​ផលិតផល​ប្រពៃណី​ប្រចាំ​តំបន់ និង​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។​

​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ចុះបញ្ជី បាន​ធ្វើឡើង​នាឱកាស​ដែល​លោក អញ្ជើញ​ចូលរួម​ជា​គណៈ​អធិ​បតីភាព​ជាមួយ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា នៅក្នុង «​ទិវា​សហភាព​អឺរ៉ុប​» ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ Raffles Hotel Le Royal កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា អង្គទូត ​នៃ​ប្រទេស​ជា​មិត្ត និង​តំណាង​វិស័យ​ឯកជន ប្រមាណ​ជាង៣០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​ស្ដីទី កឹម ស៊ីថន បាន​ជម្រាប​ជូន​អង្គ​ពិធី អំពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកស្ទួយ​វិស័យ​កម្មសិទ្ធិបញ្ញា​ជាតិ ការកសាង​ច្បាប់ និង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ ព្រមទាំង​ការចូលរួម​នៅក្នុង​កិច្ច​ព្រមព្រៀង និង​សន្ធិសញ្ញា​អន្តរជាតិ​សំខាន់ៗ​ពាក់ព័ន្ធ​កម្មសិទ្ធិបញ្ញា ដែល​អាច​ការពារ​បាន​ទាំង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បរទេស​។ ជាក់ស្ដែង​កាលពី​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម​ទើបតែ​បាន​ចុះ​បញ្ជី​ការពារ​ស្រា CHAMPAGNE របស់​ប្រទេស​បារាំង ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បរទេស​ដំបូង​នៅ​កម្ពុជា​ផងដែរ​។​

​បន្ថែម​លើស​នេះ លោក​រដ្ឋមន្ត្រី​ស្ដីទី ក៏បាន​អំពាវនាវ និង​លើកទឹកចិត្ត​ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ ខិតខំ​ថែរក្សា​ដើម​ត្នោត និង​បរិស្ថាន​ក្នុង​តំបន់ ព្រមទាំង​ពង្រីក​ការដាំ​ដើម​ត្នោត​បន្ថែមទៀត ដើម្បី​ធានាបាន​នូវ​និរន្តរភាព​ផលិតកម្ម​ស្ករត្នោត និង​ទំនិញ​ដែល​ផលិត​ពី​ស្ករត្នោត​ធម្ម​ជាតិ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគតកាល​។​

​លោក កឹម ស៊ីថន បាន​គូសបញ្ជាក់ ថា​«​កិច្ចការពារ “​ស្ករត្នោត​កំពង់ស្ពឺ​” និង “​ម្រេច​កំពត​” នៅ​សហ​ភាព​អឺរ៉ុប និង​ស្រា CHAMPAGNE បារាំង នៅ​កម្ពុជា គឺជា​ចំណងដៃ​ប្រកបដោយ​អត្ថន័យ​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហភាព​អឺរ៉ុប ដែល​ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត ដើម្បី​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទៅវិញទៅមក​»។​

សូមជម្រាបថា “​ស្ករត្នោត​កំពង់ស្ពឺ​” និង “​ម្រេច​កំពត​” គឺជា​ផលិតផល​ដែលមាន​ប្រភព​ផ្សារភ្ជាប់​ជា​មួយ​ដែនដី កត្តា​ធម្មជាតិ និង​វិធីសាស្ត្រ​ផលិត​បែប​ប្រពៃណី ដែល​ត្រូវបាន​សិក្សា​កំណត់ និង​ស្ថិតនៅ​ក្រោម​ប្រព័ន្ធ​ត្រួតពិនិត្យ​ច្បាស់លាស់ ពី​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម និង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​។ បន្ទាប់ពី​ទទួលបាន​ការចុះបញ្ជី​ការពារ​ក្នុង​កម្រិត​ជាតិ កាលពី​ឆ្នាំ​២០១០ ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទាំងពីរ​នេះ មិន​ត្រឹមតែ​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​ថែមទាំង​ទទួលបាន​ការបញ្ជាទិញ​យ៉ាង​ច្រើន ពី​ទីផ្សារ​ប្រទេស​អឺរ៉ុប​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114