ព័ត៍មានទាន់​ហេតុការណ៏
Search

WB គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ១ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា សម្រាប់៥​ឆ្នាំ (២០១៩-២០២៣)

​ភ្នំពេញ​ ៖ គណៈប្រតិភូ​ក្រុមប្រឹក្សាភិបាល​នាយក​ប្រតិបត្តិ WB បាន​លើកឡើងថា លើ​មូលដ្ឋាន​ នៃ​ភាព​ជោគជ័យ​របស់​កម្ពុ​ជា WB បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការបន្ត​គាំទ្រ និង​ធ្វើដំណើរ​កាន់តែ​ស្វា​ហាប់​ថែមទៀត រួមជាមួយ​រាជរដ្ឋាភិបាល​ក្នុង​បេសកកម្ម​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។

ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​អាចធ្វើ​ការផ្ទៀងផ្ទាត់​ជាមួយនឹង​ព័ត៌មាន​ដែល​គណៈប្រតិភូ​ទទួលបាន​កន្លងមក ធៀប​ទៅនឹង​អ្វីដែល​បាន​កំពុង​កើតឡើង​ជាក់ស្តែង​នៅ​កម្ពុជា​។ នា​ចុងខែ​ឧសភា​នេះ ក្រុម​ប្រឹក្សាភិបាល​នាយក​ប្រតិបត្តិ WB នឹង​ពិនិត្យ​អនុម័ត ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា សម្រាប់ ៥​ឆ្នាំ​ខាងមុខ (២០១៩-២០២៣) ដែល​គ្រោង​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ១ប៊ី​លាន​ដុល្លារ​អាមេរិក​។​

ការបង្ហាញ​ជំហ​របស់​ធនាគារ​ពិភពលោក​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩ ក្នុងឱកាស​ដែល​ លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ស្ដីទី​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ (Board of Directors) ប្រចាំ​ធនាគារពិភពលោក (WB) ក្នុងឱកាស ​នៃ​ការ​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​រយៈពេល​០៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៨-១៣ ខែ​ឧសភា ឆ្នាំ​២០១៩ ដើម្បី​សិក្សា​ស្វែងយល់​អំពី​វឌ្ឍនភាព ព្រមទាំង​បញ្ហា​ប្រឈម​របស់​ប្រទេស​ជា​សមាជិក និង​ការរៀបចំ​តម្រង់​ទិស​ជា​យុទ្ធសាស្ត្រ​ នៃ​ប្រតិបត្តិ​ការ​របស់ WB ក្នុង​ការជួយ​គាំទ្រ​ប្រទេស​ជា​សមាជិក​ដោះស្រាយ​ឲ្យ​ចំ​បញ្ហា​ប្រឈម​ទាំងនោះ​។

គួរ​បញ្ជាក់ដែរថា សមាសភាព​ នៃ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​ដែល​មក​បំពេញបេសកកម្ម​នាពេលនេះ មកពី​ការិយាល័យ​តំណាង​ នៃ​ក្រុម​ប្រទេស​ចំនួន​៦៣ និង​មាន​សំឡេង​បោះឆ្នោត​សរុប​ចំនួន ៤១,១៤% ដែល​ជា​ក្រុម​មាន​សំឡេង​បោះឆ្នោត​ភាគច្រើន​នៅក្នុង​ការធ្វើ​សេចក្តី​សម្រេចចិត្ត​សំខាន់ៗ នៅ​ក្នុង WB​។​

គណៈប្រតិភូ​ នៃ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​ប្រចាំ WB បាន​សំដែង​នូវ​ការ​កោតសរសើរ​ចំពោះ​សមិទ្ធផល​លេចធ្លោ​ជាច្រើន​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម ជាពិសេស​ការ​សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ច្រើន​ឆ្នាំ​ជាប់​គ្នា​, ការកាត់បន្ថយ​ភាព​ក្រីក្រ ការគ្រប់គ្រង​អត្រា​អតិផរណា​បានល្អ​ក្នុង​កម្រិត​មួយ​ទាប និង​ព្រមទាំង​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ផ្សេង​ទៀត​បានល្អ​ប្រសើរ ដូចជា វិស័យ​អប់រំ និង​សុខាភិបាល​ជាដើម​។ ជាងនេះទៅទៀត ការគ្រប់គ្រង​បំណុល​សាធារណៈ​បាន​យ៉ាង​ល្អ​របស់​កម្ពុជា កំពុង​ក្លាយ​ជា​ករណី​សិក្សា និង​រៀន​សូត្រ​ដក​ពិសោធន៍​មួយ​របស់​ស្ថាប័ន​អន្តរជាតិ​ធំៗ និង​ប្រទេស​មួយចំនួន​។ គណៈប្រតិភូ​បាន​បន្តទៀតថា លើ​មូលដ្ឋាន​នៃ​ភាពជោគជ័យ​នេះ WB បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការបន្ត​គាំទ្រ និង​ធ្វើដំណើរ​កាន់តែ​ស្វាហាប់​ថែមទៀត រួមជាមួយ​រាជរដ្ឋាភិបាល​ក្នុង​បេសកកម្ម​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។ កិច្ចពិភាក្សា​ថ្ងៃនេះ នឹង​ធ្វើ​ឲ្យ​​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​អាចធ្វើ​ការ​ផ្ទៀងផ្ទាត់​ជាមួយនឹង​ព័ត៌មាន​ដែល​គណៈ​ប្រតិភូ​ទទួលបាន​កន្លងមក ធៀប​ទៅនឹង​អ្វីដែល​បាន​កំពុង​កើតឡើង​ជាក់ស្តែង​នៅ​កម្ពុជា​។ នា​ចុងខែ​ឧសភា​នេះ ក្រុមប្រឹក្សាភិបាល​នាយក​ប្រតិបត្តិ WB នឹង​ពិនិត្យ​អនុម័ត ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា សម្រាប់​៥​ឆ្នាំ​ខាងមុខ (២០១៩-២០២៣) ដែល​គ្រោង​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ ១ ប៊ី​លាន​ដុល្លារ​អាមេរិក​។​

លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ស្ដីទី ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មានប្រសាសន៍ថា ទោះបី​កិច្ច​សហ​ប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​កម្ពុជា និង WB ត្រូវ​ជួបប្រទះ​បញ្ហា និង​ភាព​រអាក់រអួល​មួយរយៈ​ក្តី តែ​ភាពជា​ដៃគូ​នេះ​បាន​ចាប់ផ្តើម​ស្តារ​ឡើងវិញ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និង​កាន់តែ​ល្អ​ប្រសើរ​ជា​លំដាប់​រហូតដល់​បច្ចុប្បន្ន​។

ទន្ទឹមនឹងនេះ WB ក៏បានផ្តល់​នូវ​ធាតុ​ចូល ​និង​អនុសាសន៍​គោលនយោបាយ​លើ​វិស័យ​អាទិភាព​សំខាន់ៗ​មួយចំនួន​ដល់​កម្ពុជា ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​កម្ពុ​ជាត​ម្រ​ង់​ទិស​ការ​អភិវឌ្ឍ​របស់ខ្លួន​ផង​ដែរ​។

លោក​បាន​បន្តថា ក្នុង​កិច្ចប្រឹងប្រែង​រួមគ្នា​ក្នុង​រយៈពេល​ជិត​១០​ឆ្នាំកន្លងមក ក្នុង​ការ​ធ្វើ​ប្រក្រតីកម្ម និង​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​នេះ​, ឯកឧត្តម​សង្ឃឹម ​និង​ជឿជាក់​ថា WB នឹង​អាច​ពង្រឹង​សារៈសំខាន់​នៃ​តួនាទី​របស់ខ្លួន​ឡើងវិញ​ក្នុង​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា ហើយនឹង​ក្លាយទៅជា​ដៃគូ​អភិវឌ្ឍ​ន៏​ដ៏​ធំ និង​សំខាន់​ជាថ្មី​ម្តងទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក​រដ្ឋមន្ត្រី​ស្តីទី ក៏បាន​ជម្រាបជូន​ដល់​គណៈប្រតិភូ​ នៃ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ WB បាន​ជ្រាប​ផងដែរ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ជាមួយនឹង​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច កម្ពុជា​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់​ជា​មធ្យម ៧,៧% ក្នុង​មួយឆ្នាំ បាន​ប្រែ​ក្លាយ​ខ្លួន​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ឆ្នាំ​២០១៥, ផលិតផល​ក្នុងស្រុក​សម្រាប់​មនុស្សម្នា​ក់ៗ​បាន​កើនឡើង​៤​ដង ពោល​គឺ​ពី​ប្រមាណ​៤១៧​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០០៤ ដល់​ប្រមាណ​១,៥៦៣​ដុល្លារ​អាមេរិក​ នៅ​ក្នុង​ឆ្នាំ​២០១៨, ខណៈ​អត្រា ​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ពី​ជាង ៥៣%​ នៅ​ឆ្នាំ​២០០៤ មក​នៅ​ត្រឹម​ប្រមាណ​១៣,៤% នៅ​ឆ្នាំ​២០១៤ និង​ប្រហែល​១០% នៅ​ឆ្នាំ​២០១៨​។ មេគុណ​ជី​នី ​ក៏បាន​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់ពី​០,៣៨០ ក្នុង​ឆ្នាំ​២០០៤ មក ០,២៩៥ ក្នុង​ឆ្នាំ​២០១៤ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជា​មាន​កម្រិត​មេគុណ​ជី​នី​ល្អប្រសើរ​នៅក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា​។ ទំហំ​ នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​កើនឡើង​ពី ១៧ ៧២៣ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០១៣ ដល់​ប្រមាណ ៣១ ៦៣៨ លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ឆ្នាំ​២០១៨​។

លោក​ក៏បាន​លើកឡើង​ផងដែរ អំពី​ការសម្រេចបាន​នូវ​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ការ​កៀរគរ​ចំណូល​សារពើពន្ធ ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​មានលទ្ធភាព​កាន់​តែ​ច្រើន ក្នុង​ការ​បង្កើន​ចំណាយ​លើ​វិស័យ​អាទិភាព និង​វិស័យ​លើ​កម្ពស់​ប្រសិទ្ធភាព និង​ផលិតភាព​សេដ្ឋកិច្ច​។ ជាក់ស្ដែង បើ​គិត​ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ កន្លងទៅ ចំណាយ​ថវិកា​ក្នុង​វិស័យ​អប់រំ​បាន​កើន​៣,២ ដង​, វិស័យ​សុខាភិបាល​បាន​កើន​២,៥ ដង និង​វិស័យ​កសិកម្ម​បាន​កើន ៣ដង ព្រមទាំង​ចំណាយ​វិនិយោគ​សាធារណៈ​ដែល​ហិរញ្ញប្បទាន​ដោយ​ថវិកាជាតិ​បាន​កើន ៣,៥% ផងដែរ​។ ជា​ទិសដៅ​ទៅមុខ ការ​បន្ត​រក្សា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​បរិ​យា​ប័ន្ន ឈានទៅ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ក្នុងការ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន​កិច្ចខិតខំ​ថែមទៀត​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចជាតិ​។ ក្នុងទិសដៅ​នេះ កម្ពុជា​កំពុង​ជួប​នូវ​បញ្ហា​ប្រឈម​ជា​រចនាសម្ព័ន្ធ​មួយចំនួន រួមមាន​ ៖ ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​នៅ​តូច​ចង្អៀត​, ភាព​ប្រកួតប្រជែង​នៅ​ទន់ខ្សោយ​, កង្វះ​ពលកម្ម​ជំនាញ​, កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​កំណើន​ឆាប់រហ័ស ​នៃ​នគរូបនីយកម្ម​ជាដើម ដែល​តម្រូវ​ឲ្យ​មានការ​បង្កើន​ការ​វិនិយោគ​បន្ថែម​ដើម្បី​បំពេញ​គម្លាត​ទាំងនេះ​។ ធនាគារ​ពិភពលោក ត្រូវបាន​ទទួលស្គាល់​ជាស​កល​ថា ជា​ធនាគារ​ដែល​សម្បូរ​ដោយ​ធនធាន​ហិរញ្ញវត្ថុ​ផង និង​ធនធាន​ចំណេះ​ដឹង​ផង ដូច្នេះ​ទាំងនេះ ជា​វិស័យ​អាទិភាព​ដែល​ធនាគារពិភពលោក​មាន​ឧត្តមភាព​ក្នុង​ការជួយ​ដល់​កម្ពុជា​។​
​ ​
លោក​រដ្ឋមន្ត្រី​ស្តីទី និង​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ WB ក៏បាន​ផ្លាស់ប្តូរ​មតិយោបល់​លើ​ប្រធានបទ​ជាក់ស្តែង​មួយចំនួន​ផងដែរ​។ ដោយឡែក​ពាក់ព័ន្ធ​នឹង​ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា​, ឯកឧត្តម​បានលើកឡើង​ថា ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុ​ជាមាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប ហើយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ​បានចាត់ទុក​ថា​ជា​ប្រទេស​គំរូ​ក្នុងការ​គ្រប់គ្រង​បំណុល​សាធារណៈ​នៅក្នុង​តំបន់​។ មូលហេតុ​ដែល​កម្ពុ​ជាស​ម្រេច​បាន​លទ្ធផល​នេះ គឺ​ដោយសារ​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ចំនួន ០៤ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ (១).​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន (២).​ខ្ចី​តែ​ឥណទាន ដែលមាន​កម្រិត​សម្បទាន​ខ្ពស់ (៣).​ខ្ចី​សម្រាប់តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព​កំណើន និង​វិស័យ​បង្កើន ផលិតភាព​សេដ្ឋកិច្ច និង (៤).​ប្រើប្រាស់​ឥណទាន​ប្រកបដោយ​តម្លាភាព​។ លោក​បាន​សង្កត់ធ្ងន់ថា ទោះបី​បច្ចុប្បន្ន​មាន​ដៃគូ​និង​ប្រទេស​កាន់តែច្រើន​ចង់ឱ្យ​កម្ពុជា​ខ្ចីប្រាក់​ក្តី តែ​កម្ពុជា​នឹងមិន​ខ្ចី​ឡើយ ប្រសិនបើ​មិនចាំបាច់ និង​មិន​ឆ្លើយតប​នឹង​តម្រូវការ និង​អាទិភាព​របស់​កម្ពុជា​។ ក្រៅពីនេះ គណៈប្រតិភូ​ក៏បាន​ផ្លាស់ប្ដូរ​មតិយោបល់​ផងដែរ ពាក់ព័ន្ធ​បញ្ហា​បរិស្ថាន និង​បញ្ហា​នគរូបនីយកម្ម​នៅតាម​ទីក្រុង ព្រមទាំង​ការអប់រំ​នៅ​កម្រិត​មធ្យម​សិក្សា​ដែល​បច្ចុប្បន្ន​ទោះបី​មាន​អត្រា​ នៃ​ការចូល​រៀនមាន​កម្រិត​ខ្ពស់ តែ​ការបោះបង់ចោល​ការសិក្សា​នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ​។ ទន្ទឹមនឹងនេះ ការបន្ត​លើកកម្ពស់​គុណភាព​ឧ​ត្ត​ម​សិ​ក្សា ពិសេស​ការគាំទ្រ​ដល់​ការសិក្សា​និង​ស្រាវជ្រាវ​លើ​មុខជំនាញ​វិទ្យាសាស្ត្រ​ពិត (STEM) គឺជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បាន​សម្រាប់​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114