ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ បើក​ក្រឡាប់​លើ​ស្ពាន​ព្រែក​សំរោង​ទាំង​កណ្តាល​យប់​

​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយ​ ដែល​សាក្សី​អះអាងថា​ បើកបរ​លឿន​ បាន​ក្រឡាប់​ផ្ងារជើង​ចាក់​ស៊ីម៉ងត៍​កំពប់​ពេញ​លើ​ស្ពាន​ព្រែក​សំរោង ​ប៉ុន្តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​ប៉ះពាល់​អាយុជីវិត​អ្នកណា​ឡើយ​។​

ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​២០​និង​៥០​នាទី​យប់​ ស្ថិតនៅលើ​ស្ពាន​ព្រែក​សំរោង​ប៉ែក​ខាងកើត ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។​

តាម​សាក្សី​បាន​ឲ្យ​ដឹងថា ​នៅ​ម៉ោង​កើតហេតុ​គេ​បានឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿង​ពណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​5A 02 96 ​បើកបរ​ដោយ ​ឈ្មោះ​អ៊ី គឹមហុង​ ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ចំពុះ​ក្អែក​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​ព្រែក​សំរោង ទិសដៅ​ពី​តាខ្មៅ​មក​សង្កាត់​ព្រែក​ថ្មី​។​ លុះ​បើកបរ​ផុត​កណ្តាល​ស្ពាន ​ស្រាប់តែ​រេ​ចង្កូត​មក​ស្តាំ​ដៃ ​បុក​បង្កាន់ដៃស្ពាន​ក្រឡាប់​ផ្ងារជើង​កំពប់​ស៊ីម៉ងត៍​ពេញ​លើ​ផ្លូវ​ ចំណែក​អ្នកបើកបរ​មិន​រង​របួស​អ្វី​ឡើយ​។​

សាក្សី​បន្តថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះ ​គឺ​ដោយសារ​អ្នកបើកបរ​បើក​លឿន​ពេក​។​ លុះដល់​ផុត​កណ្តាល​ស្រាប់តែ​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​បណ្តាល​ឲ្យ​ក្រឡាប់​តែម្តង​។​

ដោយឡែក ​អ្នករស់នៅ​សង្កាត់​ព្រែក​ថ្មី​ដែល​នាំគ្នា​មកឈរ​មើល​សំណូមពរ​ដល់​សមត្ថកិច្ច​គួរតែ​ធ្វើការ​ផាកពិន័យ​ដល់​អ្នកបើកបរ​ឲ្យ​ធ្ងន់ធ្ងរ​បន្តិច​។ ​ពិសេស​គឺ​ឲ្យ​លាង​សំអាត​ស្អាត​ស្ពាន​ឲ្យ​បាន​ស្អាត​ផង​និង​សំណង​បង្កាន់ដៃស្ពាន​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114