ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ចម្រៀង ម៉ូ​លីកា ត្រូវ​មហាជន​សង្ស័យ​ឈប់​ពី​អាជីព​សិល្បៈ ​ក្រោយ​ស្ងប់ស្ងាត់​លួច​ទៅ​រៀន ផ្នែក​គ្រឿងសម្អាង​នៅ​ថៃ​

ភ្នំពេញ ​៖​ តារា​ចម្រៀង​សំឡេង​ធ្ងន់ ​កញ្ញា ម៉ូ​លីកា ស្រប​ពេល​ដែល​អាជីព​សិល្បៈ​របស់​នាង​អំឡុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​នោះ ​ស្រាប់តែ​មាន​ការ​បង្ហើប​មក​ថា​ តារា​ស្រី​រូប​នេះ​ បច្ចុប្បន្ន​កំពុងតែ​កាក់កប​ខ្លាំង​ជាមួយ​មុខ​ជំនួញ​រកស៊ី​ផ្ទាល់ខ្លួន ​ក្រៅពី​អាជីព​សិល្បៈ​ ព្រោះ​ថ្មីៗ​នាង​ ទើប​ចំណាយ​ទុក​ខ្ទង់​១០​ម៉ឺន​ដុល្លារ​ពង្រឹង​អាជីវកម្ម​យ៉ាង​ភ្ញាក់ផ្អើល។

ប្រភពពី​អ្នកសិល្បៈ​ស្និទ្ធស្នាល ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កញ្ញា ម៉ូ​លីកា ថ្វីត្បិតតែ​ពេលនេះ​អាជីព​សិល្បៈ​សម្តែង​ និង​ច្រៀង​របស់​នាង​កំពុង​តែមាន​ភាពរ​វើ​ល​បន្តិច​ក៏ពិតមែន ​ប៉ុន្តែ​យីអ៊ុន​របស់​តារា​ស្រី​រូបនេះ​គឺ​ពុំមាន​ការ​ធ្លាក់ចុះ​ឬ​ថម​ថត​នោះឡើយ​ ពោលគឺ​មុននេះ​នាង​បាន​ចំណាយលុយ​រហូត​ខ្ទង់​១០​ម៉ឺន​ដុល្លារ​ដើម្បី​​​ពង្រឹង​ជំនួញ​រកស៊ី​លក់​គ្រឿងសម្អាង​តាម​Online​និង​បើកហាង​Cosmetic​ ខណៈ​មុននេះ​បន្តិច​នាង​ក៏​ទើប​ចេញទៅ​រៀន​វគ្គ​ខ្លី​ផ្នែក​គ្រឿងសម្អាង​នៅ​ថៃ​ផង​នោះ​។​

ឆ្លើយឆ្លង​តាមរយៈ​សារ​ឆាត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អតីត​តារាចម្រៀង​Rock​កញ្ញា ម៉ូ​លីកា បាន​បញ្ជាក់ថា​ ជា​ការពិត​ដើម្បី​ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួន​ និង​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត​នោះ​ ​​ទើបខ្ញុំ​ចំណាយ​ទុន​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ពង្រឹង​អាជីវកម្ម ហើយ​ខ្ញុំ​ក៏បាន​ចេញទៅ​សិក្សា​វគ្គ​ខ្លី​ផ្នែក​គ្រឿងសម្អាង​នៅ​ថៃ​មែន​ ដែល​បានបញ្ចប់​តាំងពី​ខែមីនា​ឆ្នាំ​២០១៩ កន្លងមក​ម្ល៉េះ​។​នាង​ថា​ខ្ញុំ​បាន​ទៅ​រៀន​វគ្គ​ខ្លី​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២២-២៤​ខែមីនា​ នៅ​ថៃ​ពី​The One ហើយ​ទទួលបាន​លិខិតបញ្ជាក់​ជា​ផ្លូវការ​ពី​ការរៀន​ចប់​ផងដែរ​។

ស្រី​ស្រស់ ម៉ូ​លីកា បាន​និយាយ​បន្តទៀតថា ​ការសិក្សា​នោះ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​នាង​ផ្តោតទៅលើ​ផលិតផល​ធ្វើ​ឡេ​លាបមុខ​និង​ខ្លួន​គឺ​ត្រូវតែ​រៀន​ឲ្យ​ចេះតែ​ម្ដង​ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ពី​ការប្រើ​ឡេ​ដែល​មិន​ប៉ះពាល់​ សម្រាប់​ជម្រាប​ជូន​អតិថិជន​ទាំងអស់​ឲ្យ​បានដឹង​។​ ក្រោយពី​នាង​បញ្ចប់​សិក្សា​វគ្គ​ខ្លី ស្ដីពី​គ្រឿងសម្អាង​នៅ​ថៃ​មក​ពេលនេះ​នាង​បាន​បង្កើត​ម៉ាក​សញ្ញា​ផ្ទាល់ខ្លួន​មួយ​ដែលមាន​ឈ្មោះថា NK By Molika ដោយពេល​នេះ​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​កុម្ម៉ង់​ទិញ​ច្រើន រហូត​លក់ដាច់​អស់ៗ​ពី​ស្ដុក​ផងដែរ​។​

ដោយឡែក​ទាក់ទង​នឹង​វិស័យ​សិល្បៈ​របស់​នាង​បច្ចុប្បន្ន​ឯណោះ​វិញ​ ត្រូវបាន​កញ្ញា ម៉ូ​លីកា បញ្ជាក់​បន្ថែម​ថា ​ខ្លួន​មិន​បោះបង់​អាជីព​សិល្បៈ​ទេ​ ព្រោះ​នាង​ស្រលាញ់​វិស័យ​មួយ​នេះ​តាំងពី​តូច​មក​ម្ល៉េះ​ម្យ៉ាង​ទៀត​ដោយសារ​មហាជន​ស្គាល់​នាង​តាមរយៈ​សិល្បៈ ​ហេតុ​នេះហើយ​បានជា​នាង​នៅតែ​ស្រលាញ់​អាជីព​ចម្រៀង​ និង​សម្តែង​ដដែល​ ប៉ុន្តែ​គ្រាន់តែ​មិនទាន់​កំណត់ពេល​វេលា​ជាក់លាក់ ដោយសារ​ពេលនេះ​កំពុង​មមាញឹក​ខ្លាំងពេក​លើ​ការរកស៊ី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114