ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស ANC កំពុង​នាំមុខ​ក្នុងការ​បោះឆ្នោត​អាហ្វ្រិក​ខាងត្បូង ​ប៉ុន្តែ​ការ​គាំទ្រ​ធ្លាក់​ចុះ

លទ្ធផល​បាន​បង្ហាញថា គណបក្ស​សមាជជាតិ​អាហ្វ្រិក (ANC) បាន​នាំមុខ​ឈានទៅរក​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ថ្វីបើ​គណបក្ស​នេះ​នឹង​មើលឃើញ​លទ្ធផល​អាក្រក់​បំផុត​របស់ខ្លួន​ក្នុងការ​បោះឆ្នោតជាតិ​សម្រាប់​ការ​កាន់តំណែង​របស់ខ្លួន​រយៈពេល​២៥​ឆ្នាំ​ក៏ដោយ​។​

គិត​ត្រឹម​ម៉ោង​០០​និង​១០​នាទី​, សន្លឹកឆ្នោត​៧២​ភាគរយ​នៃ​សង្កាត់​បោះឆ្នោត​ចំនួន​២២,៩២៥​ត្រូវបាន​រាប់​។ ពិន្ទុសរុប​បានដាក់​គណបក្ស ANC ទទួលបាន​៥៧​ភាគរយ​នៅក្នុង​ការប្រកួតប្រជែង​សភា​ខណៈ​គណបក្សប្រឆាំង​គឺ​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ (DA) ទទួលបាន​២២​ភាគរយ​ចំណែក​គណបក្ស​យុទ្ធជន​សេរីភាព​សេដ្ឋកិច្ច (EFF) ឆ្វេងនិយម​ទទួលបាន​១០​ភាគរយ​។​

យ៉ាងណាក្តី អតីត​គណបក្ស​រំដោះ​របស់លោក Nelson Mandela មិនដែល​ទទួល​ជ័យជំនះ​តិចជាង​៦០​ភាគរយ​នៃ​សន្លឹកឆ្នោត​ទេ​ចាប់តាំងពី​គណបក្ស​នេះ​ឈ្នះឆ្នោត​នៅក្នុង​ការបោះឆ្នោត​គ្រប់​ពូជសាសន៍​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អាហ្វ្រិក​ខាងត្បូង​កាលពី​ឆ្នាំ​១៩៩៤​មក​។​

យោងតាម​លទ្ធផល​ចុងក្រោយ​បំផុត​ពី​គណៈកម្មការ​បោះឆ្នោត​បាន​បង្ហាញថា អ្នកវិភាគ​បាន​ព្យាករណ៍​ថា គណបក្ស ANC ត្រូវបាន​គេ​កំណត់ថា​នឹង​ឈ្នះ​ការបោះឆ្នោត​ចន្លោះ​ពី​៥៥​ភាគរយ​ទៅ​៥៩​ភាគរយ​។ ក្រុមអ្នកវិភាគ​បាន​និយាយថា លទ្ធផល​ដ៏​អន់​ខ្សោយ​សម្រាប់​គណបក្ស ANC នេះ​នឹង​ជួយ​ជំរុញ​ដល់​អ្នកប្រឆាំង​របស់លោក​ប្រធានាធិបតី Cyril Ramaphosa និង​ចោទ​ជា​បញ្ហា​ប្រឈម​ដែល​អាច​កើតមាន​ចំពោះ​ការដឹកនាំ​របស់គាត់​។​

នៅក្នុង​ការធ្វើ​តេស្ត​ថ្នាក់ជាតិ​លើកដំបូង​សម្រាប់​លោក Ramaphosa, ប្រជាជន​អាហ្វ្រិក​ខាងត្បូង​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​សម្រាប់​សភា​ថ្មី​និង​សភា​ខេត្ត​ចំនួន​ប្រាំបួន​។​

លោក Ramaphosa កំពុង​ព្យាយាម​ចាប់យក​ការគាំទ្រ​សម្រាប់​ចលនា​រំដោះ​វ័យ​ចំណាស់​បំផុត​របស់​ទ្វីបអាហ្វ្រិក​ដែល​ការកាន់កាប់​នៅក្នុង​ទសវត្ស​ចុងក្រោយ​នេះ​ត្រូវបាន​ញាំញី​ដោយ​រឿងអាស្រូវ​អំពើពុករលួយ សេដ្ឋកិច្ច​អសកម្ម​និង​ភាព​អត់​ការងារ​ធ្វើ​ខ្ពស់​។​

គួរ​បញ្ជាក់ថា លោក Ramaphosa បាន​ជំនួស​លោក Jacob Zuma ជា​ប្រធានាធិបតី​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​បំផុត​របស់​ទ្វីបអាហ្វ្រិក​មួយ​នេះ​កាលពី​ឆ្នាំមុន​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114