ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​និង​ចិន​ប្រញាប់ប្រញាល់​ស្ដារ​ឱ្យមាន​កិច្ចព្រមព្រៀង​ឡើងវិញ ខណៈ​វិស័យ​ពាណិជ្ជកម្ម​ត្រូវ​ធ្លាក់​យ៉ាង​ដុនដាប

ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ឈានទៅ​ដំណាក់កាល​សម្រេច​លទ្ធផល​នៃ​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​ដោយ​សង្ឃឹមថា​ នឹងមាន​កិច្ចព្រមព្រៀង​មួយ​កើតឡើង បន្ទាប់ពី​ទីក្រុង​វ៉ា​ស៊ីន​តោង​ បានកំណត់​ពេលវេលា​ដំឡើង​ពន្ធ​យ៉ាងច្រើន​លើសលប់​លើ​ទំនិញ​របស់​ចិន​រួចមក​។​
​ក្រោយពី​កិច្ចចរចា​បានអូសបន្លាយ​ពេល​រាប់​ខែ​មក បេសកជន​ពាណិជ្ជកម្ម​របស់​ចិន​លោក Liu He បាន​ត្រឡប់​មកកាន់​តុ​ចរចា​វិញ​ក្នុង​រដ្ឋធានី​របស់​សហ​រដ្ឋ​អាមេរិក​ក្រោម​បរិយាកាស​ដ៏​តឹងតែង បន្ទាប់ពី​អ្នកចរចា​អាមេរិក​បានដាក់​ការចោទប្រកាន់​ក្រុង​ប៉េកាំង​ថា​បាន​រំលោភ​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាព​ពីមុន​។​

លោក​ត្រាំ​បាន​បង្ហោះ​នៅលើ Twitter កាលពី​ថ្ងៃ​ពុធ​ថា លោក Liu នៅតែ​ចង់​ធ្វើ​កិច្ចព្រមព្រៀង តែ​មេដឹកនាំ​អាមេរិក​រូបនេះ​បាន​ក្អេងក្អាង​ពី​ពន្ធគយ​ដែល​មិនល្អ​ទាល់តែសោះ​សម្រាប់​ប្រទេស​ចិន​។​
​កាលពី​ថ្ងៃ​សុក្រ​នេះ សហរដ្ឋអាមេរិក​បាន​គ្រោង​ថា​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​ដែលមាន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ ពី​១០%​ទៅ​២៥% ដែល​ជំរុញ​ឱ្យ​ភាគី​ប៉េកាំង​ប្ដេជ្ញា​នឹងត្រូវ​តែមាន​វិធាន​ការតបត​វិញ​។​

ការ​ធ្លុះធ្លាយ​ទំនាក់ទំនង​នេះ​បានធ្វើឱ្យ​ផ្សារ​ហ៊ុន​ក្នុង​ពិភពលោក​មានការ​ធ្លាក់​ចុះ​យ៉ាងខ្លាំង​ក្នុង​សប្ដាហ៍​នេះ​ដែល​បណ្ដាលឱ្យ​មានការ​ព្រួយបារម្ភ​ពី​អ្នកជំនាញ​ទីផ្សារ និង​ឧស្សាហកម្ម​ដែល​ធ្លាប់​តែមាន​សុទិដ្ឋិនិយម​នៅ​ប៉ុន្មាន​ខែ​កន្លង​ថ្មីៗ​នេះ ខណៈ​ភាគី​ទាំងពីរ​បានប្រកាស​ពី​ដំណើរការ​ចរចា​ថា​នឹង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ត្រាំ​ដែល​ចាប់ផ្ដើម​កាលពី​ឆ្នាំមុន​។​

កាលពី​ឆ្នាំមុន​ប្រទេស​ទាំង​ពីរបាន​ផ្លាស់ប្ដូរ​ពន្ធគយ​លើ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែលមាន​តម្លៃ​ជាង​៣៦០​ពាន់​លាន​ដុល្លារ ដែល​បាន​កាត់បន្ថយ​ការនាំចេញ​ផ្នែក​កសិកម្ម​របស់​អាមេរិក​ទៅ​ចិន និង​បានដាក់​ទម្ងន់​លើ​វិស័យ​ផលិតកម្ម​របស់​ប្រទេស​ទាំងពីរ​ទៀតផង​៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114