ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា​និង​ហ្វីលីពីន​ ធ្វើ​សមយុទ្ធ​កង​នាវាចរណ៍​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទីក្រុង​ប៉េកាំង

កងទ័ពជើងទឹក​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នៅក្នុង​ការបង្ហាញ​ថ្មី​នៃ​កម្លាំង​របស់​កងទ័ពជើងទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នាវា​ពិឃាដ ​នាំ​ផ្លូវ​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក ​បានធ្វើ​សមយុទ្ធ​ជាមួយ​នាវា​ផ្ទុក​យន្តហោះ​របស់​ជប៉ុន​មួយគ្រឿង នាវា​កងទ័ពជើងទឹក​ឥណ្ឌា​ពីរ​គ្រឿង​និង​នាវា​ល្បាត​ហ្វីលីពីន​មួយគ្រឿង​នៅក្នុង​ផ្លូវទឹក​ដែល​អះអាង​ដោយ​ប្រទេស​ចិន​។​

ថ្វីបើ​សមយុទ្ធ​ស្រដៀង​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​អតីតកាល​ក៏ដោយ​នោះ ការបង្ហាញ​រួមគ្នា​ដោយ​ប្រទេស​ទាំង​បួន​នេះ​គឺជា​បញ្ហា​ប្រឈម​ថ្មី​មួយ​សម្រាប់​ទីក្រុង​ប៉េកាំង​ចំ​ពេលដែល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump គំរាម​បង្កើន​ពន្ធ​លើ​ទំនិញ​ចិន​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​២០០​ពាន់​លាន​ដុល្លារ​។​

លោក Andrew J. Klug មេបញ្ជាការ​នាវា​ពិឃាដ​អាមេរិក USS William P. Lawrence បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការប្តេជ្ញាចិត្ត​វិជ្ជាជីវៈ​ជាមួយ​សម្ព័ន្ធមិត្ត ដៃគូ​និង​មិត្ត​ភ័ក្ត្រ​របស់​យើង​នៅក្នុង​តំបន់​នេះ​គឺជា​ឱកាស​ដើម្បី​ពង្រឹង​លើ​ទំនាក់ទំនង​ដែលមាន​ស្រាប់​និង​រឹងមាំ​របស់​យើង​”។

ប្រទេស​ជប៉ុន​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​មួយគ្រឿង​ឈ្មោះ Izumo ខណៈដែល​ឥណ្ឌា​បានដាក់​ពង្រាយ​នាវា​ពិឃាត INS Kolkata និង​នាវា​ដឹក​ប្រេង INS Shakti ។​

សប្តាហ៍​នៃ​សមយុទ្ធ​រួមគ្នា​នេះ​ដែល​បញ្ចប់​នៅ​ថ្ងៃ​ពុធ​បាន​កើតឡើង​បន្ទាប់ពី​នាវាចម្បាំង​ពីរ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​បានធ្វើ​ដំណើរ​តាម​កោះ​នៅក្នុង​តំបន់​អះអាង​ដោយ​ចិន​កាលពី​ថ្ងៃ​ចន្ទ​ដែលជា​ហេតុ​ជំរុញ​ឲ្យ​មាន​ការតវ៉ា​មួយ​ពី​ក្រុង​ប៉េកាំង​ដែល​បាន​និយាយថា សកម្មភាព​នេះ​បាន​រំលោភ​លើ​អធិបតេយ្យភាព​របស់ខ្លួន​។​

ទោះបីជា​យ៉ាងណាក៏ដោយ កងទ័ពជើងទឹក​អាមេរិក​និយាយថា ខ្លួន​បានធ្វើ​ប្រតិបត្តិការ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​បែបនេះ​នៅក្នុង​ដែនទឹក​អន្តរជាតិ​ជុំវិញ​ពិភពលោក​សូម្បីតែ​នៅក្នុង​សមុទ្រ​ដែល​អះអាង​ដោយ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ក៏ដោយ ដោយ​មិន​គិត​លើ​រឿង​នយោបាយ​ទេ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114