ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ទាំងអស់ ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង រន្ទះ ​និង​ខ្យល់​កន្ត្រាក់

​ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​ យុវជន និង​កីឡា បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ ​និង​ឯកជន​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​សិស្សានុសិស្ស នៅពេល​មាន​អាកាសធាតុ​ប្រែប្រួល ភ្លៀង រន្ទះ និង​ខ្យល់​កន្ត្រាក់​ជាដើម​ ខណៈ​រដូវវស្សា​នឹង​ឈានចូល​មកដល់​នៅ​សប្ដាហ៍​ទី​៣​ ខែ​ខែឧសភា​ខាង​មុខនេះ​។​

យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ឲ្យ​ដឹងថា ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ទាំងអស់ ត្រូវ​ចាត់វិធានការ​ការពារ​ខ្លួន នៅពេល​មាន​ភ្លៀង រន្ទះ ខ្យល់​កន្ត្រាក់​នា​រដូវភ្លៀង​ខាងមុខនេះ ជាពិសេស​នៅពេល​ឃើញ​មាន​ពពក​ដែលមាន​ទំហំ​ធំ និង​កម្ពស់​ខ្ពស់​ឈរ​ត្រង់​ពីលើ និង​មាន​ពណ៌​ខ្មៅ ដែល​ក្នុង​ពពក​នោះ​អាចមាន​ជា រន្ទះ ភ្លៀង ព្រិល​(​កូន​ដុំ​ទឹកកក​)​ជាដើម​នោះ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ចំពោះ​សិស្សានុសិស្ស​រត់​លេង​នៅពេល​ភ្លៀង​ធ្លាក់​។​

សេចក្ដីជូនដំណឹង​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា ​ដើម្បី​បង្ការ​ នៃ​គ្រោះថ្នាក់​ជាយថាហេតុ​នេះ ក្រសួង​អប់រំ បាន​ក្រើនរំលឹក​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ ឯកជន លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា និង​សិស្សានុសិស្ស និស្សិត​ទាំងអស់ មិនត្រូវ​ជិះ​កង់​ម៉ូតូ​, មិនត្រូវ​និយាយ ទូរស័ព្ទ​ពេលឮ​សំឡេង​ផ្គរ​, មិនត្រូវ​អង្គុយ​នៅក្រោម​ដើមឈើ​, ត្រូវ​រត់​ចេញពី​កន្លែង​មានទឹក​ ឬ​វាលស្រែ​, ត្រូវ​អង្គុយ​ក្នុង​តំបន់​សុវត្ថិភាព​នៅក្នុង​ផ្ទះ​, ត្រូវ​អប់រំ​សិស្ស​ ឬ​កុមារ​មិនឲ្យ​លេង​ក្រោម​ដើមឈើ​ និង​ឲ្យ​ពួក​គេ ​ស្ថិតនៅក្នុង​បន្ទប់រៀន​ពេល​មាន​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ឬ​ពេល​ភ្លៀង​, ត្រូវ​ចៀសវាង​ការធ្វើដំណើរ​តាម​ដងផ្លូវ​នៅពេល​ភ្លៀង​ខ្លាំង ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ និង​មិនត្រូវ​ប្រើ​ឧបករណ៍​អគ្គិសនី​ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ ដូចជា ទូរស័ព្ទ វិទ្យុ ទូរទស្សន៍ កុំព្យូទ័រ​ជាដើម​។​

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​អាកាសធាតុ​ប្រែប្រួល​នេះ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​ដល់ អាណាព្យាបាល និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​កូនៗ និង សិស្សានុសិស្ស កុំឲ្យ​រត់​លេង​នៅពេល​ភ្លៀង ខ្យល់ និង​រន្ទះ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។​

ទន្ទឹមនឹងនេះ លោក​បណ្ឌិតសភា​ចា​រ្យ ក៏បាន​ជម្រាបជូន​ទៅដល់ នាយក​សាលា និង​មន្ទីរ​អប់រំ​រាជ​ធានី​ខេត្ត​ទាំងអស់ ត្រូវ​រាយការណ៍​ជាបន្ទាន់​ចំពោះ បាតុភូត​ធម្មជាតិ ដែល​បាន​បោកបក់​បំផ្លាញ​អគារសិក្សា របស់​សិស្ស មក​មន្ទីរ ឬ ក្រសួង​អប់រំ ដើម្បី​ក្រសួង​មាន​វិធានការ​ចាត់ចែង​ថវិកា​ជួសជុល​ឬ​សាងសង់​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ទៅដល់​ការសិក្សា​របស់​សិស្ស​។​

គួរ​បញ្ជាក់ថា បើតាម​ក្រសួង​ធនធាន​ទឹក និង ​ឧតុនិយម បាន​បញ្ជាក់ថា រដូវវស្សា និង​ ចូល​មកដល់​នៅ​សប្ដាហ៍​ទី​៣ នៃ​ខែ​ឧសភា​នេះ ដែល​បង្ក​ឲ្យ​កើតមាន​បាតុ​ភូតធម្មជាតិ​កើតមានឡើង​ដូចជា ភ្លៀង ខ្យល់​កន្ត្រាក់ ផ្លេកបន្ទោរ​ រន្ទះបាញ់​ជាដើម​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114