ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​ បង្កើន​សកម្មភាព​នុយក្លេអ៊ែរ​ ខណៈ​កិច្ចព្រមព្រៀង​រអាក់រអួល

ប្រទេស​អ៊ីរ៉ង់​បាន​និយាយថា ខ្លួន​ឈប់​គោរព​ដែន​កំណត់​លើ​សកម្មភាព​នុយក្លេអ៊ែរ​ដែល​បាន​ព្រមព្រៀងគ្នា​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ ជាមួយ​មហាអំណាច​ធំៗ​ហើយ​លុះត្រា​ណា​ពួកគេ​រកឃើញ​មធ្យោបាយ​មួយ​ដើម្បី​ចៀសវាង​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក។

សេចក្តីប្រកាស​នេះ​បាន​កើតឡើង​ចំពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បង្កើន​វោហា​សាស្ត្រ​របស់ខ្លួន​ប្រឆាំងនឹង​ទីក្រុង​តេ​រ៉ង់​ដោយ​ចោទប្រកាន់ថា អ៊ីរ៉ង់​មាន​គំរោង​បើក​ការវាយប្រហារ​ជាក់ស្តែង​ហើយ​បានដាក់​ពង្រាយ​ក្រុម​វាយប្រហារ​នៃ​នាវា​ផ្ទុក​យន្តហោះ​ជាមួយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ជាច្រើន​គ្រឿង​ទៅកាន់​តំបន់​នេះ​។​

អ៊ីរ៉ង់​បាន​និយាយថា ខ្លួន​កំពុង​ឆ្លើយតប​ទៅនឹង​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានដាក់​សាជាថ្មី​ចាប់តាំងពី​ខ្លួន​បាន​ចាក​ចេញពី​កិច្ចព្រមព្រៀង​នេះ​កាលពី​ឆ្នាំមុន​ដែលជា​ហេតុ​បណ្តាល​ឲ្យ​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អ៊ីរ៉ង់​។​

អ៊ីរ៉ង់​និយាយថា ខ្លួន​នឹង​បញ្ឈប់​ការអនុវត្ត​លើ​ការ​រឹតបន្តឹង​មួយចំនួន​ដែល​ខ្លួន​បាន​យល់ស្រប​។​
​ក្រុង​តេ​រ៉ង់​បាន​និយាយថា ខ្លួន​នឹង​បោះបង់ចោល​បន្ថែមទៀត​ប្រសិនបើ​ភាគី​ដែល​នៅ​សេសសល់​ក្នុង​កិច្ចព្រមព្រៀង​នេះ​ដូចជា​អង់គ្លេស ចិន បារាំង អាល្លឺម៉ង់​និង​រុស្ស៊ី​បរាជ័យ​ធ្វើតាម​ការសន្យា​របស់ខ្លួន​ចំពោះ​ការដក​ទណ្ឌកម្ម​ក្នុង​រយៈពេល​៦០​ថ្ងៃ​។​

លោក​ប្រធានាធិបតី Hassan Rouhani បាន​គូសបញ្ជាក់ថា ឱសានវាទ​នេះ​មាន​គោលបំណង​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពី​សម​ភាគី​អាមេរិក​លោក Donald Trump​។​

លោក Rouhani បាន​និយាយ​នៅឯ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​ដែល​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ថា “​យើង​មាន​អារម្មណ៍​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវការ​ការវះកាត់​ហើយ​ថា ថ្នាំ​រម្ងាប់​ការឈឺចាប់​រយៈពេល​មួយឆ្នាំ​គឺ​មិនមាន​លទ្ធផល​អ្វី​ទេ​។ ការវះកាត់​នេះ​មានន័យថា​ដើម្បី​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​មិនមែន​បំផ្លាញ​វា​ទេ​”​។​

លោក Rouhani បាន​រិះគន់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ថា​បានចាត់ទុក​សហរដ្ឋអាមេរិក​ជា “​បងធំ​” របស់​ពិភពលោក​ហើយ​បាន​និយាយថា ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​ពួកគេ​មិនមាន​ការសម្រេចចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ផលប្រយោជន៍​ជាតិ​របស់​ពួកគេ​៕ AFP