ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្សព្វផ្សាយ​ស្ដីពី​ការ​ផ្ដល់សេវា រដ្ឋបាល​តាមរយៈ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​លើ​ពិសី​ព័ត៌មាន

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី ១០​ខែឧសភា ឆ្នាំ​២០១៩​នេះ បាន​ផ្សព្វផ្សាយ​ពី​ការ​ផ្ដល់សេវា​រដ្ឋបាល​តា​មរយៈ​អង្គភាព​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​លើ​វិស័យ​ព័ត៌មាន​។

ពិធី​នេះ​បាន​ធ្វើ​ឡើង​ក្រោម វត្តមាន​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​រកស៊ី ខាង​អ៊ីន​ធឺ​ណែ​ត គុប​ពីលើ​ឯកសារ​ផ្សេងៗ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អោយ​បងប្អូន​អាជីវករ​បាន​យល់ដឹង​ពី​ការផ្តល់​សេវាកម្ម តាមរយៈ​អង្គភាព​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ដើម្បី​កែទម្រង់ ការ​
​ផ្តល់​សេវា​នេះ​អោយ​កៀក​កិត​ជាមួយ​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

លោក​ហួត ហៃ បាន​មានប្រសាសន៍​លើកឡើងថា គោលបំណង​ដែល​អញ្ជើញ​បងប្អូន​អាជីវក​រលើ​វិស័យ​ព័ត៌មាន​នា​ថ្ងៃនេះ គឺ​ដើម្បី​ចង់​ឲ្យ​បងប្អូន​បាន​យល់ដឹង​អំពី​យន្តការ​ច្រក​ចេញចូល​តែមួយ​នៅ​រាជធានី​ភ្នំពេញ​។ កន្លង​ទៅ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នៃ​អនុក្រឹត្យ​លេខ ១៨ អនក្រ​.​បក ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្តីពី ការបង្កើត​យន្តការ​ច្រកចេញចូល​តែមួយ សម្រាប់​ការផ្តល់សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ បន្ទាប់មក ក្រសួងមហាផ្ទៃ ក៏បាន​ចេញប្រកាស​លេខ ៣៨៧១ ប្រក ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​រាជធានី ខេត្ត​។ ដើម្បី​អនុវត្ត អនុក្រឹត្យ និង​ប្រកាស​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ និង​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ ដែលមាន​ទីតាំងនៅ​អគារ​ថ្មី ជាន់​ផ្ទាល់​ដី សាលា​រាជធានី​ភ្នំពេញ​។

អង្គភាព​ច្រកចេញចូល​តែមួយ គឺជា​កន្លែង​ប្រមូលផ្តុំ​ការផ្តល់សេវា​រដ្ឋបាល​នៅ​កន្លែង​តែមួយ តាម​នីតិ​សាមញ្ញ ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព និង​គណនេយ្យភាព លុបបំបាត់​អំពើពុករលួយ ឬ​ ការ​បង់​ថវិកា​ខុសពី​ច្បាប់​កំណត់ និង​កាត់បន្ថយ​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ពិបាក​ក្នុង​ការ​សុំច្បាប់ ដែល​កន្លងទៅ មាន​លក្ខណៈ​ស្មុគ​ស្មាញ ត្រូវសុំ​នៅ​ច្រើន​កន្លែង ចំណាយ​ពេលវេលា និង​ថវិកា​ជាច្រើន​។

លោក​បន្ត​ថា ចាប់ពី​សប្តាហ៍​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨​មក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ ដោយបាន​ផ្តល់​សេវា​ចំនួន​១៤​ប្រភេទ​ធំៗ ស្របតាម​តារាង​ឧបសម្ព័ន្ធ​ទី​២ នៃ​អនុក្រឹត្យ​លេខ​១៨ អនក្រ​.​បក ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ រួមមាន ការងារ​នីត្យានុកូលកម្ម​​ការ​បញ្ជាក់​ឯកសារ​ថ​ត​ចម្លង ការងារ​រដ្ឋបាល វិស័យ​សុខាភិបាល វិស័យ​ទេសចរណ៍ វិស័យ​ព័ត៌មាន​វិស័យ​សាធារណការ នឹង​ដឹកជញ្ជូន វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ វិស័យ​បរិស្ថាន វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម វិស័យ​រ៉ែ និង​ថាមពល វិស័យ​ពាណិជ្ជកម្ម​​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

លោក​ហួត ហៃ​បញ្ជាក់​ថា សេវា​រដ្ឋបាល​លើ​វិស័យ​ព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​នាពេលនេះ​មាន​ចំនួន​៥​មុខ​សេវា​ធំៗ​តាម​តារាង​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុក្រឹត្យ​លេខ ១៨​អនក្រ​.​បក ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ មានដូចជា ការផ្តល់​លិខិតអនុញ្ញាត​ចំពោះ​ការស្នើសុំ​ប្រកប​អាជីវកម្ម និង​បន្ត​សុពលភាព​៖
១.​បោះពុម្ព​ដោយ​ដៃ (​អូស​ស្បៃ​) បោះពុម្ព​លើ​អាវយឺត បោះពុម្ព​ដៃ បោះពុម្ព​លើ​ក្រណាត់ ព្រី​ន​ផ្សាយពាណិជ្ជកម្ម​។​

២.​តូប​លក់​កាសែត តូប​លក់​សៀវភៅ​ផលិតផល​បោះពុម្ព និង​ផលិតផល​សោតទស្សន៍​៖
តូប​កាសែត តូប​លក់​សំភារៈ​សិក្សា។ ៣.​សេវា​ជួសជុល​ម៉ាស៊ីន​ថត ម៉ាស៊ីន​ចម្លង សេវា​ជួសជុល​កុំព្យូទ័រ វាយ​កុំព្យូទ័រ សេវា​ជួសជុល​វិទ្យុ ទូរទស្សន៍ ម៉ាញេ រ៉ូ​ណេ​អូ អំភ្លី មេក្រូ​៖ សេវា​ជួសជុល​កុំព្យូ​ទ័​រ​-​វាយ​កុំព្យូទ័រ សេវា​ជួសជុល​វិទ្យុ ទូរទស្សន៍​សេវា​ជួលជុល​មេក្រូ អំ​ភ្លឺ ។ ៤.​អគារ​លក់​ឧបករណ៍​សោតទស្សន៍​។ ៥.Internet Café​។

លោកស្រី មួក យុវ​ល័​ក្ខ ប្រធាន​អង្គភាព​ច្រក​ចេញចូល​តែមួយ​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ​ក៏បាន​បង្ហាញ​ពី​តារាង​តម្លៃ​ដល់​បងប្អូន​អាជីវករ​ឲ្យ​បាន​ជ្រាប និង​ប្រាប់​ពី​របៀបរបប​នៃ​ការ​សុំ​ច្បាប់​អាជីវកម្ម​,​ការ​សុំ​បន្ត​សុពលភាព​ជាដើម​ដែល​យើង​មាន​មន្ត្រី​ជំនាញ​ចាំ​ទទួល​និង​ពន្យល់​លើ​ផ្នែក​នីតិ​វិធី​ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន​នឹង​ចង់​ឲ្យ​បងប្អូន​មក​ស្វែងយល់​ពី​ការិ​យា​ល័យ​ច្រកចេញចូល​តែ​១​រាជធានី​ភ្នំពេញ​ដែល​កំពុង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​។

លោក ឃុ​ត សំខាន់ មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​នោះ​ក៏បាន​ជំរុញ​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់​មក​បំពេញបែបបទ​សុំច្បាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​តាមរយៈ​ច្រក​ចេញ​ចូល​តែមួយ​។ បើ​មិន​អនុវត្ត​ទេ​គឺ​បងប្អូន​អាច​ប្រឈមមុខ​ជាមួយនឹង​ការ​អាជីវកម្ម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114