ព័ត៍មានទាន់​ហេតុការណ៏
Search

ហង្ស​ម្ចាស់ដី ប្រកាស​បន្ត​ដំណើរ​ការ​ដាំ​ចម្ការ​ជូន​ពលរដ្ឋ បើ​ទោះ​ជា​មាន​រឿង​អ្វី

​ភ្នំពេញ ​៖ ក្រោយ​ផ្ទុះ​ការចោទប្រកាន់ថា​ ក្រុមហ៊ុន​ហង្ស​ ម្ចាស់​ដី​បាន​លក់​ដី​ខ្យល់​ និង​ប្រហែលជា​ក្រុមហ៊ុន​មួយ​នេះ​ នឹង​ផ្អាក​សកម្មភាព​របស់ខ្លួន ​ដើម្បី​យក​ពេល​ដោះស្រាយ​នោះ​ ប៉ុន្តែ​ផ្ទុយទៅវិញ តំណាង​ក្រុមហ៊ុន​បែរជា​អះអាង​ថា ក្រុមហ៊ុន​ក្រៅតែពី​អត់​មាន​ផ្អាក ​គឺ​បច្ចុប្បន្ន​បាន​និង​កំពុង​ពន្លឿន​ការ​ឈូស​ឆាយ និង​ ដាំ​ដុះ​ដំណាំ​ចម្ការ ដើម្បី​បង្ហាញ​ថា​ក្រុមហ៊ុន​ពិតជា​មាន​ចម្ការ​ និង​ត្រៀម​ប្រគល់​ចម្ការ​ជូន​អតិថិជន​តាម​ដំណាក់កាល​ដូច​ការសន្យា​។​

​បើតាម​ការបញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន​ជាមួយ​អ្នកសារព័ត៌មាន​តាមរយៈ​ការ​ឆ្លើយឆ្លង​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី​១០​ ខែឧសភា​ ឆ្នាំ​២០១៩​កន្លងមកនេះ​ បាន​និយាយ​ថា​ ក្រោយពី​មាន​ព័ត៌មាន​បំភ្លៃ អតិថិជន​ជាច្រើន​មានការ​ជ្រួលច្របល់ ​ហើយ​ពួកគាត់​ក៏ត្រូវ​បាន​ក្រុមហ៊ុន​ជូន​ទៅ​មើល​ដី​ដល់​កន្លែង​ដើម្បី​បង្ហាញថា ​ក្រុមហ៊ុន​អត់​មាន​លក់​ដី​ខ្យល់​នោះទេ​។ ​តំណាង​ដដែល​បន្តថា ​ក្រុមការងារ​ទាំងអស់​ហ៊ាន​ប្រកាស​ថា ​នឹង​យក​កិត្តិយស​ និង​ជីវិត​ ជា​ថ្នូរ​ដូច​លោក ហង្ស ព្រី​ន្ស​យ៉ា ប្រសិនបើ​គម្រោង​នេះ​ជា​គម្រោង​បោកប្រាស់​ដូច​ការ​លាប​ពណ៌​។

​លោ​កថា ​ត្បិត​ថា​រឿងនេះ​មិនទាន់​ចប់​ ប៉ុន្តែ​ក្រុមការងារ​ គឺ​យើង​រឹត​បង្កើន​សកម្មភាព​ ព្រោះ​យើង​ចង់​បង្ហាញ​ឲ្យ​អតិថិជន​ឃើញថា ​ចម្ការ​ពួកគាត់​ កំពុង​ត្រូវបាន​ពន្លឿន បើ​ពួកគាត់​ចង់​មក​មើល​ក្នុង​ពេល​ជ្រួលច្របល់​នេះ​។

​តំណាង​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី​បាន​បន្តថា​ ក្រុមហ៊ុន​ក្រៅតែពី​អត់​ផ្អាក​គឺ​ក្រុមហ៊ុន​កាន់តែ​បង្កើន​សកម្មភាព​ឈូសឆាយដី​បណ្ដុះ​កូន​ដំណាំ​និង​តម្រូវអោយ​អ្នកជំនាញ​ចុះ​ដាំ​ជា​ចម្ការ​កាន់តែ​ច្រើនជាង​មុន​នៅក្នុង​អំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះ​។​ ក្នុងនោះ​មានដូចជា ​៖ ដីចម្ការ​នៅ​ស្រុក​ស្រីស្នំ​ ខេត្ត​សៀមរាប​, ស្រុក​ឈូក​ ខេត្ត​កំពត និង ដីចម្ការ​ស្រុក​ក្រគរ​ ក្នុង​ខេត្ត​ពោធិ៍សាត់ គឺ​ត្រូវ​បាន​ពន្លឿន​ការ​ឈូស​ឆាយ​រៀប​ប្រព័ន្ធ​ទុយយោ​ទឹក​ និង ដាំ​ជា​ចម្ការ​ធូរេន និង ​ចម្ការ​ដូង​ក្រអូប​បានជា​ច្រើន​ហិកតារ ​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​។ ក្នុងនោះ ចម្ការ​ផ្កាឈូករ័ត្ន ត្រូវបាន​តំណាង​ក្រុមហ៊ុន​បញ្ជាក់​ថា ​ជិត​ចេញ​ផ្កា​ហើយ​។​

​តំណាង​ក្រុមហ៊ុន​ដដែល​នេះ​បន្តថា​ អតិថិជន​ដែល​ជ្រួលច្របល់​ អាច​ទៅ​មើល​ពី​សកម្មភាព​ឈូស​ឆាយ​ដី និង​បង្កើត​ជា​ចម្ការ​ទុក​ប្រគល់​ជូន​។ ​ជាមួយនឹង​ការអះអាង​នៅលើ​ផេ​ក​របស់​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី និង​ក្នុង​ផេ​ករ​បស់​ក្រុម​ភ្នាក់ងារ គេ​ឃើញ​បង្ហោះ​ពី​សកម្មភាព​ឈូសឆាយ ​និង​បង្កាត់​ពូជ​កូន​ដំណាំ​យ៉ាងសកម្ម​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​។ ​ការរៀប​ប្រព័ន្ធ​ទុយយោ​ទឹក​ការ​បណ្ដុះ​ពូជ និង​ក្នុង​ដាំ​ចម្ការ ត្រូវ​បាន​បង្កើន​សកម្មភាព​បាន​ច្រើន​ហិកតារ​៕


​       



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114