ព័ត៍មានទាន់​ហេតុការណ៏
Search

៣​ខែ ដើមឆ្នាំ​២០១៩​នេះ ​កម្ពុជា ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​២​លាន​នាក់ ​កើន​ឡើង​ជិត​១០​ភាគរយ​

​ភ្នំពេញ ​៖ ​នៅក្នុង​រយៈពេល​៣​ខែ ​ដើមឆ្នាំ​២០១៩​នេះ​ ប្រទេស​កម្ពុជា ​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជិត​២​លាន​នាក់ ​មានការ​កើនឡើង​ជិត​១០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​។​

ថ្លែង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​១ អាណត្តិ​ទី​៦ នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សម្រប សម្រួល​ការធ្វើដំណើ​រ ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រកទ្វារព្រំដែន អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស ហៅ​កាត់​ថា គ​.​អ​.​ច​.​ទ កាលពី​ថ្មីៗ​នេះ​នៅ​ទីស្ដីការ​ក្រសួង ទេសចរណ៍ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង ​ជា​ប្រធាន​គ​.​អ​.​ច​.​ទ បាន​មាន ប្រសាស​ន៍​ថា​ ការកើនឡើង ​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​នេះ​ គឺ​ដោយ​តែ​កម្ពុ​ជាមាន​សន្តិភាព សំបូរ​ទីកន្លែង​ទេសចរណ៍ ​ដែលមាន​សក្ដានុពល ​ជាពិសេស​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធ​សាស្ត្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ គោលនយោបាយ​សម្រួល​ទិដ្ឋាការ ការ​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​នៅ​គ្រប់​ច្រក​ទ្វា​អន្តរជាតិ។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ការកើនឡើង​នៃ​កំណើន​ភ្ញៀវទេសចរ​នេះដែរ ក៏មាន​ការចូលរួមចំណែក​យ៉ាង​សកម្ម​ពី​មន្ត្រី​អន្តោប្រវេសន៍ មន្ត្រី​គយ និង​មន្ត្រី​អន្តរក្រសួង​ដែល​ធ្វើការ​ពាក់ព័ន្ធ​នៅ​តាម​ច្រក​ទ្វា​អន្តរជាតិ​នានា​ទូទាំងប្រទេស ដែល​បាន​ខិតខំ​ផ្តល់​សេវា​ទាន់ពេលវេលា​ដល់​ភ្ញៀវ​អន្តរជាតិ​។

មួយវិញទៀត​ ក្រសួងទេសចរណ៍​បាន​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា​កាន់តែ​ទូលំ​ទូលាយ​ទៅកាន់​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​។

លោក​បណ្ឌិត​ ថោង ​ខុន​ បាន​បញ្ជាក់ថា ​ការ​កើនឡើង​ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នេះ​បាន​ជួយ​បង្កើត​ការងារ និង​នាំ​ប្រាក់ចំណូល​ចូល​សេដ្ឋកិច្ចជាតិ​យ៉ាងច្រើន​ផងដែរ​។​

ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុ​ជាមាន​ចំនួន​១០​ជនជាតិ​សំខាន់ៗ​រួមមាន ​ជន​ជាតិ​ចិន វៀតណាម ឡាវ ថៃ កូរ៉េ អាមេរិក ជប៉ុន បារាំង អង់គ្លេស និង​ជនជាតិ​ម៉ាឡេស៊ី​។​

ចំណែក​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​កំណើន​ភ្ញៀវ​អន្តរជាតិ​ដែល​មក​កម្ពុជា​នេះ​ ព្រោះ​វា​បានផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ និង​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយផ្ទាល់​ និង​ប្រយោល​រាប់លាន​នាក់​ផងដែរ​។
​ជាមួយ​គ្នា​នេះ​ លោកស្រី​បញ្ជាក់​ថា ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុ​ជាច្រើន​បែបនេះ ​ដោយសារតែ​មាន​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​រៀបចំ​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្បាស់​លាស់។​

សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​ ប្រទេស​កម្ពុជា​ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​៦​លាន​២​សែន​នាក់ កើនឡើង​ជិត​១១​ភាគរយ និង​បាន​នាំ​ប្រាក់ចំណូល​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​អាមេរិក ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​ ហើយ​សម្រាប់​នៅ​ឆ្នាំ​២០១៩​នេះ ​កម្ពុជា​រំពឹង​ថា​ នឹង​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ប្រមាណ​ជិត​៧​លាន​នាក់​ និង​ឆ្នាំ​២០២០ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​៧​លាន​នាក់ និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ​៥.០០០​លាន​ដុល្លារ​អាមេរិក ​បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ១​លាន​នាក់៕