ព័ត៍មានទាន់​ហេតុការណ៏
Search

សមាជិកសភា​បារាំង​អនុម័ត​ច្បាប់​ពន្លឿន​ការស្ដារ​ព្រះវិហារ Notre-Dame ឡើងវិញ

សមាជិកសភា​បារាំង​កាលពី​ថ្ងៃ​សុក្រ​បានអនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​សម្រាប់​ការស្ដារ​ព្រះវិហារ Notre-Dame ឡើងវិញ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់ពី​ព្រះវិហារ​ក្រុងប៉ារីស​ដ៏​ល្បីល្បាញ​មួយ​នេះ​ត្រូវ​រង​ការខូចខាត​ដោយសារតែ​អគ្គិភ័យ​កាលពី​ខែ​មុន​។​

ការជួសជុល​ព្រះវិហារ​អាយុកាល​៨៥០​ឆ្នាំ​មួយ​នេះ​ដែល​ដំបូល​ឈើ​របស់ខ្លួន​ត្រូវបាន​បំផ្លាញ​ភាគច្រើន​នៅក្នុង​គ្រោះ​អគ្គិភ័យ​ថ្ងៃទី​១៥​ខែមេសា​គឺ​នឹង​ក្លាយជា​បញ្ហា​ប្រឈម​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​រដ្ឋាភិបាល​ខណៈដែល​ខ្លួន​កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់​ពិ​សេសមួយ​ដើម្បី​គ្រប់គ្រង​គម្រោង​ដ៏​ធំ​នេះ​។​

រូបភាព​ភ្លើង​ឆេះ​ព្រះវិហារ​បុរាណ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ស្រងាកចិត្ត​នៅ​ទូទាំង​ពិភពលោក​ក៏ដូចជា​នៅ​ប្រទេស​បារាំង​ផងដែរ​ដែលជា​កន្លែង​ព្រះវិហារ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជាទី​តាំង​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​បំផុត​មួយ​របស់​ប្រទេស​។​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ភ្លើង​ឆេះ​, ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បានដាក់​គោលដៅ​សម្រាប់​ការ​ស្តារឡើងវិញ​ដែល​នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល​៥​ឆ្នាំ​ដែល​មានន័យថា វា​គួរតែ​រួចរាល់​ទាន់ពេល​ដែល​ទីក្រុង​ប៉ារីស​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២៤​។​

ប៉ុន្តែ​ច្បាប់​ដែល​មានបំណង​បង្កើនល្បឿន​នៃ​ដំណើរ​ការសាងសង់​នេះ​បាន​បង្ក​ឲ្យ​មាន​ភាពចម្រូងចម្រាស​ព្រោះ​វា​នឹង​រួមបញ្ចូល​ទាំង​ការដកចេញ​នូវ​ក្រដាស​ក្រហម​ដែល​ការពារ​រចនាសម្ព័ន្ធ​បុរាណ​នេះ​ផងដែរ​។​

បន្ទាប់ពី​ការជជែក​ដេញដោល​រយៈពេល​១៣​ម៉ោង សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​អនុម័ត​ដោយ​សំឡេងគាំទ្រ​៣២​សំឡេង ប្រឆាំង​៥​សំឡេង​និង​អនុបវាទ​១០​សំឡេង​។ ឥឡូវនេះ​វា​នឹងត្រូវ​បញ្ជូនបន្ត​ទៅកាន់​ព្រឹទ្ធសភា​សម្រាប់​ការពិនិត្យ​ពិច័យ​បន្ថែមទៀត​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧​ខែឧសភា​។​

គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ទឹកប្រាក់​ជិត​មួយ​ពាន់​លាន​អឺរ៉ូ (១.១​ពាន់​លាន​ដុល្លារ​) ត្រូវបាន​បរិច្ចាគ​ឬ​សន្យា​សម្រាប់​ព្រះវិហារ Notre-Dame ខណៈ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​លោក Franck Riester បាន​សន្យាថា មូលនិធិ​នេះ​នឹង​ទុក​សម្រាប់​ការស្តារ​ព្រះវិហារ​ទាំងស្រុង​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកជំនាញ​ជឿថា ទឹកប្រាក់​សរុប​នឹងមាន​ចន្លោះ​ពី​៦០០​ទៅ​៧០០​លាន​អឺរ៉ូ​ប៉ុន្តែ​មាន​អ្នកខ្លះ​បាន​ចោទសួរ​អំពី​ថា​តើ​ប្រាក់​ដែល​នៅ​សេសសល់​នឹងត្រូវ​យកទៅ​ធ្វើ​អ្វី​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114