ព័ត៍មានទាន់​ហេតុការណ៏
Search

ឆាយ វីរៈ​យុទ្ធ ទីបំផុត​សម្រេច​បំណង​ធំ​ ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​ ជិត​ពីរ​ឆ្នាំ​

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​សាន់​ដេ​ លោក ឆាយ វីរៈ​យុទ្ធ ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍​មាន​រយៈពេល​ជិត២ឆ្នាំ​ជាមួយ​ភរិយា​វ័យក្មេង​ ដែល​ត្រូវ​បាន​គេ​ស្គាល់​គ្រប់គ្នា​ថា​ ជា​កូន​ស្រី​ថៅកែ​អង្ក​ ខេត្ត​កំពង់ចាម​នោះ ​នៅ​ទីបំផុត​លោក ​និង​ភរិយា​យ​គឺ​បានសម្រេច​បំណង​ធំ​របស់​ខ្លួន​ហើយ។

ចំពោះ​ក្តី​ស្រមៃ ​និង​បំណង​ប្រាថ្នា​ដែល ​លោក ឆាយ វីរៈ​យុទ្ធ និង​ ភរិយា​អ្នកនាង សែ ចាន់​ឌី តែងតែ​ទន្ទឹង​រង់ចាំ​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ​នោះ ​គឺ​ទទួល​បាន​ចំណងដៃ​កូន​រួម​ដំណក់​ឈាម​ដំបូង​ជា​មួយ​គ្នា ​រហូត​ធ្វើ​ឲ្យ​តារាចម្រៀង​ប្រុស​ លោក ឆាយ វីរៈ​យុទ្ធ និង​ ភរិយា​ រំភើប​ស្ទើរ​ហោះ​ផង​ដែរ​។​

តាមរយៈ​ការ​បង្ហាញ​អារម្មណ៍​របស់​លោក ឆាយ វីរៈ​យុទ្ធ នេះដែរ​ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​បង្ហាញ​ការចូលរួម​អបអរ ​និង​សាទរ​ចំពោះ​ចំណង​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់ លោក ឆាយ វីរៈ​យុទ្ធ និង​ភរិយា​វ័យក្មេង ​អ្នកនាង សែ ចាន់​ឌី ផងដែរ។

បើតាម​ខ្លឹមសារ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​អេកូ​កូន​ក្នុង​ផ្ទៃ​ លោក ឆាយ វីរៈ​យុទ្ធ​ បាន​រៀបរាប់ថា ​បាន​មួយជីវិត​របស់ខ្ញុំ​ គាត់​ជា​កូន​ដំបូង​របស់ខ្ញុំ គាត់​នៅ​ក្នុង​ផ្ទៃ​២០​សប្ដាហ៍​៦​ថ្ងៃ​ហើយ អរគុណ​បងប្អូន​ទាំង​អស់​គ្នា​ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ​របស់ខ្ញុំ ជូនពរ​បងប្អូន​ប្រិយមិត្ត​ជួបតែ​សេចក្តីសុខ​គ្រប់ៗ​ក្រុមគ្រួសារ សូម​អរគុណ។ ពី​ខ្ញុំ ឆាយ វិ​រៈ​យុទ្ធ​( Chhay Virakyuth )​ និង សែ ចាន់​ឌី (Se Chandy)​។​

គួរ​រម្លឹក​ថា ​តារាចម្រៀង​ល្បីឈ្មោះ​បុរស​សង្ហារ លោក ឆាយ វីរៈ​យុទ្ធ បានសម្រេច​ចិត្ត​ចូល​រោង​ជ័យ​នៅ​គេហដ្ឋាន​ខាង​ស្រី​នា​ទឹកដី​ខេត្ត​កំពង់ចាម ​អំឡុង​ចុង​ខែឧសភា ​ឆ្នាំ​២០១៧​ ដោយ​រៀបចំ​កម្មវិធី​យ៉ាង​អធិកអធម​មាន​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​ ដើម្បី​អបអរ ​និង​សម្តែង​ការ​ជូន​ពរជ័យ​ដល់​ស្វាមីភរិយា​របស់​អ្នក​ទាំងពីរ​ផង​ដែរ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114