ព័ត៍មានទាន់​ហេតុការណ៏
Search

លោកយាយ​ទីទាល់ក្រ​ មាន​ជំងឺ​ប្រចាំ​កាយ​ ទទួល​អំណោយ​សប្បុរសធម៌​ពី​អាវុធហត្ថ​ស្ទឹងត្រែង​

ស្ទឹងត្រែង ៖ លោកយាយ​ទីទាល់ក្រ អាយុ​៧៥​ឆ្នាំ​ម្នាក់ មាន​ជំងឺ​ប្រចាំកាយ​រស់នៅក្នុង​ខ្ទម​កម្សត់​ជា​មួយ​កូន ​និង​ចៅ ​ត្រូវបាន​ប្រធាន​ក្រុមការងារ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ចុះ​ជួយ​ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ បានផ្ដល់​អំណោយ​សប្បុរសធម៌​ដល់​គ្រួសារ​ទីទាល់ក្រ​ និង​មាន​ជំងឺ​ប្រចាំ​កាយ​។​

លោកយាយ​ឈ្មោះ ហង្ស វ័ន អាយុ​៧៥​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ជាមួយ​កូន ​និង​ចៅប្រុស​ម្នាក់ ​ពឹង​ផ្អែកលើ​ជីវភាព​រក​ព្រឹក​ខ្វះ​ល្ងាច​ សព្វថ្ងៃ​គាត់​រស់នៅ​ក្នុងភូមិ​អន្លង់​ក្រមួន ឃុំ​ស្រែ​ឫស្សី ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ខេត្ត​ស្ទឹងត្រែង​។ ​គ្រួសារ​លោកយាយ រស់នៅ​ស្ថិតក្នុង​ជីវភាព​ក្រីក្រ ​ខ្វះខាត​ គ្មានអ្វី​ទីពឹង​ រួមទាំង​កូន​ និង​ចៅ​មួយ​ផងដែរ​។​

បច្ចុប្បន្ន​ សភាព​ជំងឺ​របស់​លោកយាយ​កាន់តែ​ទ្រុឌទ្រោម​ និង​រ៉ាំរ៉ៃ​ដោយ​ខ្វះ​ថវិកា​សម្រាប់​ព្យាបាល​ធ្វើ​ឲ្យ​ជំងឺ​កាន់តែ​រីកដុះដាល​ធ្ងន់ធ្ងរ​ឡើងៗ​រហូត​ពេលនេះ​ មិនអាច​ព្យាបាល​ឲ្យ​​ជា​បាន​។​

អ្នកភូមិ​រស់នៅ​ជាមួយ​លោកយាយ​បាន​និយាយថា កាលពី​ប៉ុន្មាន​ខែ​មុន​ គាត់​អាច​ដើរ​បាន​ធម្មតា​ក្រោយមក​ គាត់​ឃើញ​គេ​កាន់​ផ្លែ​ម្ដេញ​ចង់​ហូប ក៏​សុំ​គេ​ហូប​ជាមួយ​អំបិលម្ទេស​ហូប​ ក៏​ស្រាប់តែ​ធ្វើឲ្យ​ជំងឺ​កាន់តែ​ឈឺចាប់​ក្នុង​រាងកាយ​រហូត​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ លុះ​អស់​លទ្ធភាព​ ទើប​នាំ​មក​ផ្ទះ​វិញ​។ ​សព្វថ្ងៃ​ លោកយាយ​ភ្នែក​មើល​មិនសូវ​ឃើញ ឈឺចាប់​ដំបៅ​មហារីក​ដោះ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ បណ្តាលឲ្យ​ហូរ​ឈាម​ចេញ​តាម​ត្រចៀក បញ្ហា​រលាក​តម្រងនោម​រ៉ាំរ៉ៃ​ លំបាក​បត់​ជើង សម្រាក​នៅក្នុង​ខ្ទម​ក្នុង​ចម្ការ​ដ៏​សែន​កម្សត់​ក្បែរ​ព្រៃ​ ស្ថិតនៅ​ចំណុច​ភូមិ/​ឃុំ​ខាងលើ​។​

ដោយ​មើលឃើញ​ការលំបាក​នូវ​ស្ថានភាព​ក្នុង​គ្រួសារ​លោកយាយ ​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ស្រែ​ឫស្សី ​ស្រុក​ថា​ឡាប​តិ​វ៉ា​ត់​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ​បាន​នាំ​អំណោយ​មនុស្សធម៌​ទៅជូន​ដល់​ខ្ទម​របស់​លោកយាយ​ផ្ទាល់​ ព្រមទាំង​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ស្រុក​ ក៏បាន​នាំ​អំណោយ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្ទឹងត្រែង ​និង​សប្បុរសជន​មួយចំនួនទៀត​ផងដែរ​។​

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ​លោក​ឧត្ដមសេនីយ៍​ត្រី​ អៀង​ វ៉ាន់ឌី​ បាន​មានប្រសាសន៍​ទៅ​កាន់​លោកយាយ​ថា អំណោយ​តិចតួច​នេះ ​ទោះបីជា​មិន​បាន​យូរ ​ក៏ដោយ ​ក៏​អាចជួយ​ដោះ​ស្រាយ​ជីវភាព​លោកយាយ​បាន​មួយគ្រា​ផងដែរ​ អំណោយ​ទាំងនោះ​រួមមាន ​អង្ក​៥០​គីឡូក្រាម ទឹក​សុទ្ធ​៦​យួរ ត្រីខ​២​យួរ ទឹកត្រី​២​យួរ ទឹកស៊ីអ៊ីវ​២​យួរ ម៉ុង​២ សារុង​២ ថវិកា​២០​ម៉ឺន​រៀល ថ្នាំពេទ្យ​៣​មុខ ព្រមទាំង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​របស់​គណៈកម្មការ​លោក​គ្រូ​ អ្នកគ្រូ ប្រជា​ការពារ​។ ​រីឯ​អំណោយ​កាកបាទក្រហម​កម្ពុជា​សាខា​ស្ទឹងត្រែង​រួម​មាន​ កន្ទេល ម៉ុង ភួយ និង​ឃី​ត​មួយកញ្ចប់​ដែរ​។​

ក្រោយ​ទទួល​អំណោយ​សប្បុរសធម៌​ពី​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ស្រែ​ឫស្សី ​និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​រួម​អំណោយ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ស្ទឹងត្រែង ក្រុម​គ្រួសារ​ និង​លោក​យាយ ​ក្រោម​សំឡេង​យំ​ក្ដុកក្ដួល​អួល​ដើមក​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រធាន​ក្រុមការងារ​ និង​អាជ្ញាធរ​ស្រុក​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ក្នុងពេលដែល​គ្រួសារ​របស់​លោក​យាយ​ជួប​វិបត្តិ​ជីវភាព​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114