ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​អ្នកមាន​បំផុត​នៅ​អាស៊ី​ទិញ​ហាង Hamleys របស់​អង់គ្លេស​ក្នុងតម្លៃ​៨៨​លាន​ដុល្លារ​

លោក Mukesh Ambani ដែលជា​បុរស​អ្នកមាន​បំផុត​ម្នាក់​ក្នុង​តំបន់​អាស៊ី​ បាន​ទិញយក​ហាង​លក់​របស់​ក្មេង​លេង​ដ៏​ល្បីឈ្មោះ Hamleys របស់​អង់គ្លេស​ពី​ម្ចាស់​ដើម​ជនជាតិ​ចិន​ក្នុងតម្លៃ​៨៨​លាន​ដុល្លារ​។​

ក្រុមហ៊ុន Reliance Brands របស់លោក Ambani បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​ទិញ​ក្រុមហ៊ុន​លក់រាយ​របស់​ក្មេង​លេង​ដែលមាន​អាយុកាល​២៥៩​ឆ្នាំ​ពី​ហាង​សម្លៀកបំពាក់​ចិន C.Banner International Holdings​ដែល​ចុះបញ្ជី​នៅ​ហុងកុង​។​

លោក Darshan Mehta ជា​ប្រធាន​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Reliance បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការទិញ​យកបាន​ក្រុមហ៊ុន​ម៉ាក Hamleys និង​ក្រុមហ៊ុន​អាជីវកម្ម​ដទៃទៀត​នៅ​ទូទាំង​ពិភពលោក​បាន​នាំឱ្យ Reliance​អាច​ឈរ​នៅ​ជួរមុខ​នៃ​ក្រុមហ៊ុន​លក់រាយ​ទូទាំង​ពិភពលោក​”​។​

លោក​Ambani ដែលមាន​ទ្រព្យសម្បត្តិ​៥០​ពាន់​លាន​ដុល្លារ​យោងតាម​ទស្សនា​វ​ដ្តី​Forbes​ដំបូង​បាន​បង្កើត​ទ្រព្យសម្បត្តិ​តាមរយៈ​ការ​ចម្រាញ់​ប្រេង​និង​សារធាតុ​គីមី​ឥន្ធនៈ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក​អាណាចក្រ Reliance របស់លោក​បាន​ច្រៀក​ចេញ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​គ្រប់បែបយ៉ាង​ចាប់ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ទៅជា​បណ្ដាញ​ខ្សែកាប​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ លោក​បាន​ពង្រីក​មុខទំនិញ​លក់រាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រប​ស់លោក​ដោយ​ទិញ​ឡើង​នូវ​ម៉ាក​ល្បីៗ ដូចជា Burberry, Canali, Paul Smith, Armani, Just Cavalli និង Jimmy Choo ជាដើម​៕AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114