ព័ត៍មានទាន់​ហេតុការណ៏
Search

ពន្ធ​លោក​ត្រាំ​លើ​ទំនិញ​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​ចាប់​អនុវត្ត​ហើយ​

ការដំឡើង​ពន្ធ​របស់​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​ឱ្យ​ឡើងដល់​២៥%​លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​បាន​ចាប់​អនុវត្ត​ហើយ​កាលពី​ថ្ងៃ​សុក្រ​នេះ ​ដែល​បង្កើន​ស្ថានភាព​តឹងតែង​រវាង​សហរដ្ឋអាមេរិក​និង​ចិន ខណៈ​ភាគី​ទាំងពីរ​កំពុង​បន្ត​ការចរចា​ចុងក្រោយ​ដើម្បី​ព្យាយាម​ទាញ​បាន​កិច្ចព្រមព្រៀង​ផ្នែក​ពាណិជ្ជកម្ម​មកវិញ​។​

ដោយ​គ្មាន​សកម្មភាព​អ្វី​ពី​រដ្ឋបាល​លោក​ត្រាំ​ដើម្បី​ត្រឡប់ក្រោយ​នូវ​ការដំឡើង​ពន្ធ​នេះ អង្គភាព​គយ​និង​ការពារ​ព្រំដែន (CBP) សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​ថ្មី​២៥% លើ​ទំនិញ​ចូល​ព្រំដែន​អាមេរិក​ដែល​ចេញពី​ចិន​មក​នៅ​ម៉ោង ១២:០១​រំលងអធ្រាត្រ (0401 GMT) នៅ​ថ្ងៃ​សុក្រ​។​

អ្នកនាំពាក្យ​អង្គភាព CBP​បាន​និយាយថា ទំនិញ​ជាង​៥៧០០​ប្រភេទ​ដែល​ត្រូវអនុវត្ត​ដែល​ដឹក​ចេញពី​កំពង់ផែ​និង​ព្រលានយន្តហោះ​ចិន​មុន​ពាក់កណ្ដាល​អធ្រាត្រ​នឹងត្រូវ​ជាប់​អត្រាពន្ធ​ដើម​១០%​។

លោក​ត្រាំ​បាន​ជូនដំណឹង​ដល់​អ្នក​នាំ​ចូលមក​សហរដ្ឋអាមេរិក​មិន​ដល់​៥​ថ្ងៃ​ផង​ពី​ការសម្រេចចិត្ត​របស់លោក​ក្នុង​ការដំឡើង​អត្រាពន្ធ​លើ​ប្រភេទ​ទំនិញ​ដែលមាន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​ឱ្យ​ឡើងដល់​២៥%​នេះ ដែល​ពេលនេះ​វា​ត្រូវ​គ្នា​នឹង​អត្រា​លើ​ប្រភេទ​ទំនិញ​គ្រឿងចក្រ​និង​បច្ចេកវិទ្យា​របស់​ចិន​កាលពី​ដំបូង​ដែលមាន​តម្លៃ​៥០​ពាន់​លាន​ដុល្លារ​នោះ​។​

ការដំឡើង​តម្លៃ​ពន្ធ​នេះ​កើតឡើង​ចំពាក់​កណ្ដាល​កិច្ចចរចា​រយៈពេល​២​ថ្ងៃ​រវាង​អ្នកចរចា​កំពូល​របស់​ចិន​និង​អាមេរិក​ដើម្បី​ព្យាយាម​សង្គ្រោះ​កិច្ចព្រមព្រៀង​មួយ​ដែលមាន​គោលបំណង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អូសបន្លាយ​ពេល​១០​ខែ​មកហើយ​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114