ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថា អ្នករាយការណ៍ អសប បកស្រាយ​មិន​សុចរិត​ចំពោះ​យន្តការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ ទាក់ទង​សកម្មភាព​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​

​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចេញ​សេចក្ដី​មួយ​បំភ្លឺ​ជុំវិញ​ការ​លើកឡើង​របស់ លោក​ស្រី រ៉ូ​ណា ស្មី​ត (Rhonaa Smith) អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ ចំពោះ​សកម្មភាព​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​របស់​ក្រុម​អតីត​សកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

លោក ផៃ ស៊ី​ផាន លើក​ឡើង​ថា វប្បធម៌​សន្ទនា​រវាង​អ្នកនយោបាយ​ ត្រូវ​បាន​បង្កើត​ឡើង​សាជាថ្មី​នៅ​ក្នុង​សង្គម​ខ្មែរ បន្ទាប់ពី​សម័យ​អង្គរ ដោយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​គេ​ជឿថា ជា​បំណង​ពិត​របស់​សម្ដេច​តេ​ជោ ក្នុង​កិច្ច​រក្សា​ភាព​ក្សេមក្សាន្ដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

លោក​បន្ត​ថា គោលនយោបាយ​នេះ គឺជា​សារ​នយោបាយ​មួយ ដែល​មិន​ត្រឹមតែ​សម្រាប់​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដូច្នេះ​គ្មាន​អ្វី ប្រសើរ​ជាង​ការ​រក្សា និង​ពង្រឹង​សន្តិភាព សេរីភាព ដែល​រាជរដ្ឋាភិបាល​កំពុង​អនុវត្ត និង​ចាត់វិធានការ​នា​ពេល​បច្ចុប្បន្ន​នោះ​ឡើយ​។​

លោក ផៃ ស៊ី​ផាន បាន​រំលឹកថា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ពលី​កម្ម ដោយ​អង់អាច នាំមុខ​ក្នុង​ការ​រំដោះ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ពី​របប​ប្រល័យពូជសាសន៍ និង​បញ្ចប់​អង្គការ​ចាត់តាំង​យោធា និង​នយោបាយ​របស់​ខ្មែរក្រហម ដែល​នេះ គឺជា​ជោគជ័យ ជា​ប្រវត្តិសាស្ត្រ​។

ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ​ បាន​ប្ដេជ្ញា​កែលំអ និង​ពង្រឹង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​មូលដ្ឋាន នៃ​ការ​រស់​នៅ ក៏ដូចជា​សិទ្ធិ​ស្វ័យ​សម្រេច​លើ​មុខរបរ​ចិញ្ចឹមជីវិត ជា​បន្តបន្ទាប់ និង​សិទ្ធិ​ដទៃទៀត ចាប់តាំងពី​ថ្ងៃ​ដែល​កម្ពុជា​ ត្រូវបាន​រំដោះ​មក​ម្ល៉េះ ហើយ​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០១៨ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​ធានា​ចំពោះ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អំពី​កិច្ច​បន្ត​សហ​ប្រតិបត្តិកា​រ ក្នុង​ភាព​ជា​ដៃគូ​រវាង​កម្ពុជា និង​អង្គការសហប្រជាជាតិ ក្នុង​វិស័យ​សិទ្ធិមនុស្ស​។

តាម​លោក ផៃ ស៊ី​ផាន សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​តែបន្ត​អភិវឌ្ឍន៍ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់ និង​ការ​អនុវត្ត​ជាក់ស្ដែង ក្នុង​បរិបទ​សន្តិភាព ស្ថិរភាព ប្រាសចាក​ពី​ការរំលោភច្បាប់ និង​សណ្ដាប់ធ្នាប់​សង្គម​។ ក្រៅពី​ឧទ្ទាម​កម្ម ដោយ​ប្រើប្រាស់​រូបភាព​គណបក្ស​នយោបាយ ឃុបឃិត​ជាមួយ​បរទេស បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ ហើយ​ត្រូវបាន​តុលាការ​កំពូល​ប្រកាស​រំលាយ និង​ដកសិទ្ធិ​នយោបាយ​នោះ នៅមាន​គណបក្សនយោបាយ​ចំនួន​២០​ផ្សេងទៀត ដែល​កើតចេញពី​ប្រជាពលរដ្ឋ​ខ្មែរ បាន​ចូលរួម​ប្រកួតប្រជែង​ដោយ​សេរី នៅក្នុង​ការបោះឆ្នោត​សកល អាណត្តិ​ទី​៦ ហើយ​ជាក់ស្ដែង គឺ​គ្មាន​ឧបទ្ទវហេតុ​ណាមួយ ត្រូវបាន​កត់សម្គាល់​កើតឡើង​មុនពេល​បោះឆ្នោត ក្នុងពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត​នោះទេ​។ សិទ្ធិ​នយោបាយ​នៅ​ក្នុង​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​ដំណើរការ​ដោយ​សេរី ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​រីករាយ រស់នៅ​ដោយ​ភាព​ក្សេមក្សាន្ត មាន​ជំនឿ​ទុកចិត្ត និង​ចូលរួម​លើ​ដំណើរ​ការ​កសាង​ប្រជាធិបតេយ្យ នា​ពេល​បច្ចុប្បន្ន ក៏ដូចជា​ពេល​អនាគត​។​

លោក ផៃ ស៊ី​ផាន អះអាង​ថា នៅក្នុង​បរិបទ​នេះ យន្តការ​លើកតម្កើង​ការចូលរួម និង​ការអនុវត្ត​នូវ​ស្មារតី​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ត្រូវបាន​បង្កើតឡើង គឺ ”​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​” គឺ​គណបក្ស​ដែល​គ្មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ចំនួន​១៥ បានក្លាយ​ទៅជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ ដែលមាន​ប្រធាន​ប្ដូរ​វេន ដឹកនាំ​វេទិកា​ដោយ​សេរី​។ ក្នុងនោះ មាន​សិទ្ធិ​ការកោះហៅ​តំណាង​ស្ថាប័ន ក្រសួង ពិភាក្សា ផ្តល់​យោបល់ ហើយក៏​អាច​រិះគន់ ចំពោះ​ឥស្សរជន​នយោបាយ ឬ​ស្ថាប័នរដ្ឋ​ណាមួយ ដែល​អសកម្ម​ផងដែរ​។ នេះ​អាច​បញ្ជាក់បាន​ថា កម្ពុជា​បានបង្ហាញ​នូវ​សិទ្ធិ​សេរីភាព និង​លំហ​នយោបាយ​យ៉ាង​ទូលំទូលាយ​។

អ្នកនាំពាក្យ​អះអាងថា ស្ថានការណ៍​នេះ ខុសពី​លំហ​នយោបាយ មុន​ឆ្នាំ​២០១៨ ដែល​គេ​ស្គាល់​តែ​ពាក្យ​ថា ពហិការ​មិន​ទទួលស្គាល់​លទ្ធផល​ នៃ​ការបោះឆ្នោត និង​មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត ដែល​នេះ​ជា​សញ្ញាណ​ នៃ​ការរីកចម្រើន ហើយ​សកម្មភាព​មាក់ងាយ ឬ​មើលរំលង​ចំពោះ​បញ្ហា​ទាំងអស់នេះ ត្រូវបាន​ចាត់ទុកជា​អំពើ​ប្រមាថ និង​ប្រឆាំង​ទៅ​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

លោក​បញ្ជាក់ថា “​ការ​កត់​សំគាល់​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដែល​ស្ដែង​ឡើង និង​បកស្រាយ​មិន​សុចរិត​ចំពោះ​យន្តការ​អនុវត្ត​ច្បាប់ ដែល​ឈរ​លើ​អង្គហេតុ និង​អង្គច្បាប់​ចំពោះ​ជន​ណា ដែល​តុលាការ ឬ​អាជ្ញាធរ​យល់ឃើញ ឬ​សង្ស័យ​ថា ជា​សកម្មភាព​ប្រឆាំង ​និង​សាលដីកា​តុលាការ​កំពូល ឬ​សកម្មភាព​ប្រមូលផ្ដុំ រៀបចំ​ផែនការ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ តម្រូវ​ឲ្យ​ជន​ទាំងអស់ ដោះ​បន្ទុក​តាម​ផ្លូវ​ច្បាប់ ដែល​មាន​ជា​ធរមាន​ជា​មួយ​តុលាការ​”​។​

លោក ផៃ ស៊ី​ផាន បញ្ជាក់​ចុងក្រោយ​ថា រាល់​សកម្មភាព​គ្រប់​រូបភាព​ណាមួយ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង ​សណ្ដាប់ធ្នាប់​សាធារណៈ គឺ​មិនមែនជា​សិទ្ធិ​នយោបាយ ឬ​សិទ្ធិ​ស៊ីវិល​នោះ​ទេ ហើយ​ស្ថានភាព​នេះ តម្រូវ​ឲ្យ​អាជ្ញាធរ និង​តុលាការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ហើយ​តាម​គោល​ការបែងចែក​អំណាច គ្មាន​ជន​ណា ឬ​អង្គការ​ណាមួយ ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់ ដើម្បី​បង្គាប់​បញ្ជា​តុលាការ ក្រៅពី​អង្គហេតុ និង​អង្គច្បាប់ ដែល​ជា​ទិសដៅ និង​កាតព្វកិច្ច​នោះ​ទេ​។​

សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែ​ឧសភា លោកស្រី រ៉ូ​ណា ស្មី​ត (Rhonaa Smith) អ្នក​រាយ​ការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បានបង្ហាញ​របាយការ​ណ៍​បឋម​ជាច្រើន ទាក់ទង​ការរកឃើញ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃ​ របស់លោក​ស្រី​នៅ​កម្ពុជា ហើយ​នៅក្នុង​ចំណុច​មួយ ដែល​ទាក់ទង​សកម្មភាព​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​របស់​ក្រុម​សកម្មជន​ប្រឆាំង លោកស្រី Rhonaa Smith បាន​បញ្ជាក់ថា លោកស្រី​នៅតែមាន​ការបារម្ភ​ចំពោះ​ការដាក់​សម្ពាធ​ទៅលើ​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​រំលាយ ហើយ​យ៉ាង​ហោចណាស់​មានការ​ផ្ដន្ទាទោស​ចំនួន​៦ ត្រួវបាន​ប្រកាសឡើង​ដោយ​តុលាការ​កម្ពុជា ចាប់​តាំងពី​បេសកកម្ម​ចុងក្រោយ​របស់​លោក​ស្រី ប្រឆាំងនឹង​សមាជិក និង​អ្នកគាំទ្រ​មួយចំនួន​របស់​គណបក្ស​នេះ​។ លោកស្រី​អះអាងថា លោកស្រី​បានដឹង​ពី​ចំណាត់ការ​នានា ប្រឆាំង​នឹង​អតីត​សមាជិក និង​មន្ត្រី​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨០​រូប នៅ​ថ្នាក់ក្រោម​ជាតិ រួមបញ្ចូល​ទាំង​ដីកា​កោះ​ហៅ​ចំនួន​២៥ ដែល​ចេញ​ដោយ​សាលាដំបូង​ខេត្ត​បាត់ដំបង កាលពីពេល​ថ្មីៗ​នេះ ហើយ​បញ្ហា​នេះ លោក​ស្រី​យល់ថា មិនអាច​នាំទៅរក​ការ​ពង្រឹង​សិទ្ធិ​នយោបាយ និង​លំហ​ប្រជាធិបតេយ្យ ដូច​អ្វី​ដែល​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល កាលពី​ខែ​ធ្នូ កន្លងមក​នោះ​ទេ ហើយ​លោកស្រី បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ពិនិត្យឡើងវិញ លើ​ច្បាប់​ ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​បោះឆ្នោត ដើម្បី​ឲ្យ​ច្បាប់​ទាំងនោះ ស្រប​ជាមួយនឹង​បទដ្ឋាន​អន្តរជាតិ ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​៕