ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​RX300 ​ថយក្រោយ​កិន​បែក​ក្បាល​ក្មេង​ស្រី​ម្នាក់ ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​

​ឧ​ត្ត​រ​មានជ័យ ​៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​រថយន្ត​ម៉ាក​LEXUS RX 300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២G.២២២២ ថយក្រោយ​កិន​ក្មេងស្រី​ម្នាក់​ បណ្តាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​RX300​ថយក្រោយ​កិន​ក្បាល​ក្មេងស្រី​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ នៅ​បរិវេណ​ផ្សារ​ថ្មី​អន្លង់វែង ស្ថិតនៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ ឈ្មោះ ផល ស្រីលាភ ភេទ​ស្រី អាយុ​០២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ដើរលេង​នៅ​បរិវេណ​ម្តាយ​លក់ដូរ​ ក្នុង​ផ្សារ​ថ្មី​អន្លង់វែង ក៏​ត្រូវ​រថយន្ត​ថយ​ប៉ះ​ដួល​ចូល​ក្រោម ​រួច​កិន​ក្បាល​បែក​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែម្តង​។ ម្តាយ​ជនរងគ្រោះ​ឈ្មោះ យូ ស្រី​អ៊ី​ម អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​លក់​ខោអាវ​មុខ​ផ្សារ​ត្រី ឪពុក​ឈ្មោះ ភួង សុផល អាយុ​៣០​ឆ្នាំ។​

សមត្ថកិច្ច​បាន​បន្តថា អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណប័ណ្ណ ក្រោយពេល​កើតហេតុ បាន​ទុក​រថយន្ត​ចោល ​រត់​គេចខ្លួនបាត់។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះ បាន​ចាត់តាំង​ជំនាញ​ និង​ប៉ុស្តិ៍​រដ្ឋបាល ចុះ​ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង ​យកមក​រក្សាទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114