ព័ត៍មានទាន់​ហេតុការណ៏
Search

វៀក ប៊ុន​ឌឿ​ន និង សុខ សា​វិ​ន ឈ្នះ​ក្នុង​ជុំ​ទី​១​ដូចគ្នា​ក្នុង​ជម្រុះ​ខ្សែក្រវាត់​ខា​រ៉ា​បាវ ​រដូវ​កាល​ទី​៩

អ្នក​ប្រដាល់​កម្ពុជា វៀក ប៊ុន​ឌឿ​ន មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ និង សុខ សា​វិ​ន អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ បានឈ្នះ​ក្នុង​ជុំ​ទី​១​ដូចគ្នា ក្នុង​ជម្រុះ​លើកដំបូង​ នៃ​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ ​រដូវ​កាល​ទី​៩​ ទម្ងន់​៦០​គីឡូក្រាម កាលពី​រសៀល​ថ្ងៃទី​១១​ ខែ​ឧសភា ឆ្នាំ​២០១៩ នៅលើ​សង្វៀន​អាស៊ីអាគ្នេយ៍។​

វៀក ប៊ុន​ឌឿ​ន នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ ខាន់​ថេប​(Khan Thep)​ដោយ​ពិន្ទុ​ដាច់​តែម្ដង។ ​ការប្រកួត​មាន​លក្ខណៈ​តឹងតែង​បង្គួរ​ដែរ តែ​នៅ​ទឹក​ទី​៥​អ្នក​ប្រដាល់​ថៃ​រូប​មាន​បញ្ហា​ជើងឆ្វេង ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ តែ​គេ​បន្ត​ការប្រកួត​បាន​រហូត​ចប់​ទឹក​ទី​៥។​

សូមបញ្ជាក់ថា ប៊ុន​ឌឿ​ន​ ឈ្នះ​ដោយ​ពិន្ទុ​៥ ​ទល់​០​តែម្ដង។ ចៅក្រម​ទាំង​៥​រូប សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ​វៀក ប៊ុន​ឌឿ​ន ​ឈ្នះ​គ្រប់ៗ​គ្នា​ទាំង​៥​នាក់។​
​ ​
ចំពោះ សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ដែល​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ភុ​ត ផេ​តណ​យ​(Phut Phatnoy)​នោះ បាន​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ដោយសារតែ​អ្នក​ប្រដាល់​ថៃ​ភុ​ត​ផេ​តណ​យ លើស​ទម្ងន់​។​

បើតាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​អាស៊ីអាគ្នេយ៍ ប្រាប់​ឲ្យ​ដឹង​នោះ អ្នក​ប្រដាល់​ថៃ​ភុ​ត ផេ​តណ​យ គេ​រត់​សម្រក​ទម្ងន់​លែង​ទៅរួច ហើយ​គេ​ក៏បាន​សុំ​បោះបង់ចោល​ការ​ប្រកួត​នេះ​ដោយ​ខ្លួនឯង​តែម្តង។​

យ៉ាងណា រវាង​សុខ សា​វិ​ន និង អ្នក​ប្រដាល់​ថៃ ភុ​ត ផេ​តណ​យ ត្រូវ​ប្ដូរ​ពី​ការប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​វិញ។ ការប្រកួត​នេះ ទោះបី​គេ​ចាញ់ ឬ ឈ្នះ​ក៏​សា​វិ​ន​បានទទួល​៣​ពិន្ទុ​ក្នុង​ថា​នៈ​ជា​អ្នកឈ្នះ​ដែរ ព្រោះ​ភុ​ត ផេ​តណ​យ បាន​ចាញ់​ដោយ​ស្វ័យប្រវត្តិ​ទៅហើយ ដោយសារ​រក្សា​ទម្ងន់​មិនបាន។ ទោះជា​យ៉ាងណា នៅក្នុង​ការប្រកួត​មិត្តភាព​នោះ ភុ​ត ផេ​តណ​យ​ត្រូវ​សុខ សា​វិ​ន វាយ សន្លប់​នៅក្នុង​ទឹក​ទី​២ ដោយសារ​កែង​បត់​របស់​ សា​វិ​ន។​
​ ​
ចំពោះ​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ខ្សែក្រវាត់​វិញ​នោះ ពេជ្រ អា​លិ អ្នក​ប្រដាល់​ក្លិប​ចលនា​យុវជន​១៥៧​គុន​ខ្មែរ វាយ​ឈ្នះ​ល័​ក្ខ​លាត អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀមរាប​ដោយ​ពិន្ទុ ខណៈ​ដែល​ឆាយ មាស អ្នក​ប្រដាល់​ជើងចាស់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ប្រកួត​ចាញ់​ភិន សុទី អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ។ ចំណែក ខាំ សូរិយា អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​អ្នក​ប្រដាល់​ធន អៀង​ឡៃ សមាគម​ប្រដាល់​ក្រសួងការពារជាតិ វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114