ព័ត៍មានទាន់​ហេតុការណ៏
Search

មឿ​ន សុខ​ហ៊ុ​ច ផ្ដួល បៀ ថា​យ ក្នុង​ទឹក​ទី​៤ ​នៅ​លើ​សង្វៀន​Boostrong

មឿ​ន សុខ​ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដែល​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ឈ្មោះ​បៀ ថា​យ (Bear Thay) កាលពី​ព្រឹក​ថ្ងៃទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៩ នៅលើ​សង្វៀន​Boostro ng Fighter On Fire របស់ SEATV នោះ បានទទួល​ជ័យជម្នះ​ក្នុង​ទឹក​ទី​៤។​

អ្នក​ប្រដាល់​មឿ​ន សុខ​ហ៊ុ​ច បាន​ផ្ដួល​យកឈ្នះ បៀ ថា​យ មុន​ទឹក​៥​នេះ តាមរយៈ​ការ​ទាត់​ជើង​ក្រោម​របស់​បៀ ថា​យ ដែល​ធ្វើឲ្យ​ជើង​ខាងឆ្វេង​របស់​គេ​(​បៀ​ថា​យ​)​មាន​លក្ខណៈ​ជាំ ​និង​ឈឺ​ មិនអាច​ឈរ​ប្រកួត​បានឡើយ។

ដោយសារ​ហេតុនេះ បៀ ថា​យ បាន​បោះបង់​ការប្រកួត​ក្នុង​ទឹក​៤ ដែល​ធ្វើ​ឲ្យ​ជ័យជម្នះ​ធ្លាក់​ទៅលើ​មឿ​ន សុខ​ហ៊ុ​ច។ ពួកគេ​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់៦៥គីឡូក្រាម។

ចំពោះ​ការប្រកួត​រវាង​ខ្មែរ​និង​ខ្មែរ​វិញ ជ័យ ស៊ី​នេ​ត អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ឃ្លាំងមឿង​កីឡា ខេត្ត​ពោធិ៍សាត់ បាន​វាយ​ឈ្នះ​លី តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍​ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់៦០គីឡូក្រាម។

គេ​បាន​ព្យាករ​តាំងពី​មុន​ឡើង​ប្រកួត​ម្ល៉េះ​ថា លី តឿន មិនអាច​ឈ្នះ​ជ័យ ស៊ី​នេ​ត នោះឡើយ ព្រោះ​ស៊ី​នេ​ត គេ​ជា​ជើងចាស់​ដែលមាន​ស្នៀត​ និង​កលល្បិច​ក្នុងការ​ប្រកួត​ច្រើនជាង​លី​តឿន។ ​ប៉ុន្តែ​យ៉ាង​ណា ក្នុងការ​ប្រកួត​ជ័យ ស៊ី​នេ​ត ត្រូវ​អាជ្ញាកណ្ដាល​ព្រមានឲ្យ​វាយ​អស់ពី​សមត្ថភាព​ចំនួន​ពីរ​ដង​ដែរ ។​

ចំពោះ អ្នក​ប្រដាល់​ជើងចាស់ លួ​ន សុខ​ខេង ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ប្រកួត​ឈ្នះ​ន​ន់ ជំនិត អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ស្វាយ​រលំ​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។ រីឯ ឡុង សុធា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​វិញ ត្រូវ​ម៉ន ភារ​ម្យ វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។

•​ឈុត សេរី​វ៉ាន់​ថង ចំណាយពេល​ប្រមាណ​កន្លះ​នាទី ផ្តួល​ហ្វា ម៉ៃ ឲ្យ​សន្លប់​ធំ​លើ​រេញ
​ឈុត សេរី​វ៉ាន់​ថង និង លីន វិ​រៈ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ដែល​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នៅលើ​សង្វៀន​Wurkz​របស់​SEATV នា​រសៀល​ថ្ងៃអាទិត្យ ​ទី​១២​ ខែ​ឧសភា ឆ្នាំ​​២០១៩​នោះ បានទទួល​ជ័យជម្នះ​ទាំងពីរ​នាក់។​
​អ្នក​ប្រដាល់​វ័យក្មេង ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង បាន​ចំណាយពេល​ប្រមាណ​កន្លះ​នាទី​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ ផ្តួល​អ្នក​ប្រដាល់​ថៃ​ហ្វា ម៉ៃ ឲ្យ​សន្លប់​ធំ​លើ​រេញ ក្រោយពី​ត្រូវ​កែង​មុខ​កប៉ាល់​របស់​សេរី​វ៉ាន់​ថង បុក​ត្រូវ​កណ្តាល​មុខ​នោះ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។​

ចំណែក លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដែល​ត្រូវបាន​គេ​ផ្តល់​ឪ​កាស​លើកដំបូង ឲ្យ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ ក៏បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ ភេត ថា​ណាក់​ភុ​ន (Phat Thanakphun) ឲ្យ​សន្លប់​ដោយ​សារ​កែង​ដែរ ក្នុង​ទឹក​ទី​៣។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​ដែរ។

ភេត ថា​ណាក់​ភុ​ន ត្រូវ​លីន វិ​រៈ វាយ​កែង​ត្រូវ​ថ្គាម បណ្តាលឲ្យ​ដួលសន្លប់​លែង​ក្រោក ទោះបី​អាជ្ញា​កណ្ដាល​រាប់​ដល់​ដប់​ហើយ​ក្តី។ អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះទេ​កន្លងមក ហើយក៏​ប៉ះ​ជាមួយ​ជើង​ថ្មី​លីន វិ​រៈ ដែល​ទើប​គេ​ផ្តល់​ឱកាស​ឲ្យ​ប្រកួត​ជា​មួយ​ថៃ​លើកដំបូង​នៅ​SEATV​នេះដែរ។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អេ ម៉ា​រី​ន ភូ​ថង អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា បាន​វាយ​ឈ្នះ ប៊​ន ព​នឹ្ល​ក អ្នក​ប្រដាល់​ក្លិប​នាគរាជ​ចតុមុខ ដោយ​ពិន្ទុ។ រីឯ អេ​លី​ត ពន្លក អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ផ្ដួល​ជើងចាស់ ងួន គា ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​២៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114