ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​វេលា​ព្រឹក​នេះ ព្រះមហាក្សត្រ​យាង​ចូលរួម​វេទិកា​កិច្ច​សន្ទនា​ ស្តីពី​អរិយធម៌​អាស៊ី​លើក​ទី​១​នៅ​ទីក្រុង​ប៉េកាំង

​ភ្នំពេញ ៖ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​យាង​ទៅ​ទីក្រុង​ប៉េង​កាំ​ង ​ប្រទេស​ចិន កាលពី​វេលា​ម៉ោង៩ព្រឹក​ ថ្ងៃទី​១៣ ខែ ឧសភា ឆ្នាំ​២០១៩ នេះ​ ដើម្បី​ចូលរួម​វេទិកា​កិច្ច​សន្ទនា ​ស្តីពី​អរិយធម៌​អាស៊ី​លើក​ទី​១ ដែល​រៀបចំ​ដោយ​ប្រទេស​ចិន​។ ព្រះរាជ​ដំណើរ​របស់​ព្រះអង្គ​ តប​តាម​ការយាង​របស់​ប្រធានាធិបតី​ចិន​ លោក ស៊ី ជីន​ពីង។​ កិច្ចសន្ទនា ​ស្ដីពី​អរិយធម៌​អាស៊ី ​នឹង​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង​ពីថ្ងៃ​ទី​១៣ ដល់ ១៥​ឧសភា​នេះ​។

​កិច្ចសន្ទនា​ស្តីពី​អរិយធម៌​អាស៊ី​ នឹង​ផ្តោត​សំខាន់​លើ​ការពិភាក្សា​អំពី​ប្រធានបទ ​ស្តីពី​ការផ្លាស់ប្តូរ​​ និង​ការរៀនសូត្រ​ពីគ្នា​លើ​វិស័យ​អរិយធម៌​ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​សមិទ្ធផល​ នៃ​អរិយធម៌​ដ៏​អស្ចារ្យ​របស់​អាស៊ី​ និង​ប្រទេស​នានា​លើ​ពិភពលោក ​បង្កើន​ជំនឿ​ចិត្ត​ផ្នែក​អរិយធម៌​របស់​អាស៊ី​ ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែក​ស្មារតី​សម្រាប់​ការ​កសាង​សហគមន៍​វាសនា​អាស៊ី និង​សហគមន៍​វាសនា​តែមួយ​របស់​មនុស្សជាតិ​។​

​កិច្ចសន្ទនា ​ស្ដីពី​អរិយធម៌​របស់​អាស៊ី​ប្រព្រឹត្តិ​ក្រោម​ប្រធានបទ “​ការផ្លាស់ប្តូរ ​និង​ការរៀនសូត្រ​ពីគ្នា​លើ​វិស័យ​អរិយធម៌​របស់​អាស៊ី ​និង​សហគមន៍​​រួម វាសនា​តែមួយ​”​សកម្មភាព​វប្បធម៌​អាស៊ី​សប្ដាហ៍​អរិយធម៌​អាស៊ី​ និង​ទិវា​ម្ហូបអាហារ​អាស៊ី​ជាដើម ​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅក្នុង​វេទិកា ​នៃ​កិច្ចសន្ទនា​នេះ​។​

​សូមបញ្ជាក់ថា ​កិច្ចសន្ទនា​ស្តីពី​អរិយធម៌​អាស៊ី​ត្រូវបាន​ស្នើឡើង​ដោយ​លោក​ប្រធានាធិបតី​ស៊ី​ជីន​ពីង​នៅក្នុង​សន្និសីទ​ប្រចាំឆ្នាំ​ប៉ូ​អាវ​ ខេត្ត​ហៃ​ណាន ប្រទេស​ចិន​ កាលពី​ខែមីនា ឆ្នាំ​២០១៥។

លោក​ប្រធានាធិបតី​បាន​លើកឡើងថា​ ការបង្កើត​ឲ្យ​មាន​កិច្ចសន្ទនា​អរិយធម៌​អាស៊ី​នេះ ​ក្នុង​បំណង​ពង្រឹង ការផ្លាស់ប្តូរ​រវាង​យុវជន​វ័យក្មេង​សង្គម​ស៊ីវិល​តំបន់ និង ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ ហើយ​បង្កើត​បណ្តាញ​ នៃ​ការ​ផ្លាស់ប្តូរ​ការ​គិត​និង​កិច្ច​សហ​ប្រតិបត្តិការ។ ជាពិសេស​ធ្វើឲ្យ​ប្រជាជន​អាស៊ី​អាច​សប្បាយ​រីករាយ​ និងមាន​ស្មារតី​កាន់តែ​រឹងមាំ​ខ្លាំងក្លា​បន្ថែម​ទៀត​ ព្រមទាំង​ធ្វើឲ្យ​​កិច្ច​សហ​ប្រតិបត្តិការ អភិវឌ្ឍន៍​ក្នុង​តំបន់​កាន់​តែមាន​ថាមពល​ខ្លាំង​ឡើង​។ កិច្ចសន្ទនា​អរិយធម៌​អាស៊ី​នេះ ​នឹង​ផ្តោតលើ​ប្រធានបទ ​នៃ​ការផ្លាស់ប្តូរ​អរិយធម៌​អាស៊ី​ការយល់​ដឹង​ពីគ្នា​ទៅវិញទៅមក​ និង​សហគមន៍​រួម​វាសនា។ គោលបំណង​សំខាន់ ​គឺ​ឆ្ពោះទៅមុខ​ដើម្បី​ទទួលបាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​អរិយធម៌​នៅ​អាស៊ី ​និង​ពិភពលោក​ បង្កើតជា​វេទិកា​សម្រាប់​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ​និង​ការ​អភិវឌ្ឍ​ទៅវិញ​ទៅមក​បង្កើន​ទំនុកចិត្ត​លើ​វប្បធម៌​អាស៊ី​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ី​ និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​រួម​កម្លាំង​គ្នា​ដោយមាន​ការយោគយល់​គ្នា​ក្នុងការ​អភិវឌ្ឍ​តំបន់ អាស៊ី​ជំរុញ​ឲ្យ​មាន​ភាពរឹងមាំ ​នៃ​ការបង្កើត​ថ្មី​នៅ​អាស៊ី​ផ្ដល់​ការគាំទ្រ​ខាង​ស្មារតី​ដល់​សហគមន៍​រួម​វាសនា​នៅ​អាស៊ី​ និង​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ​។​

​ព្រះអង្គ​ នឹង​យាង​និវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ​ នៅ​រសៀល​ថ្ងៃទី​១៦​ឧសភា​ ក្រោយ​បញ្ចប់​វេទិកា។​ក្នុងពេល​ព្រះ​អវត្តមាន​របស់​ព្រះមហាក្សត្រ​រាល់ ព្រះរាជកិច្ច​របស់​ព្រះអង្គ​ នឹងត្រូវ​រ៉ាប់រង​ដោយ​ប្រមុខ​រដ្ឋស្តីទី​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​។​

​កិច្ចសន្ទនា​លើក​នេះ ​នឹង​អញ្ជើញ​ថ្នាក់ដឹកនាំ​នយោបាយ​សំខាន់ៗ​របស់​ប្រទេស​អាស៊ី​ និង​ប្រទេស​ពាក់ព័ន្ធ​ផ្សេងទៀត​អ្នកទទួលខុសត្រូវ ​នៃ​អង្គការ អន្តរជាតិ ​ក៏ដូចជា​តំណាង​មកពី​គ្រប់​មជ្ឈដ្ឋាន​វប្បធម៌​មនុស្សជាតិ​ឲ្យ​ចូលរួម​សកម្មភាព​ពាក់ព័ន្ធ៕

 

 

 




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114