ព័ត៍មានទាន់​ហេតុការណ៏
Search

COROLA ពន្លះ​​ម៉ូតូ​វ៉េវ​ឆ្លាម ​នៅ​រង្វង់​មូល​យក្សឡោម​ សំណាងល្អ​មនុស្ស​២​នាក់​អាយុ​ថ្លៃ​មិន​ស្លាប់​!

​រតនគិរី ៖ នៅ​ដើមខែ​ឧសភា​ ឆ្នាំ​២០១៩​ ក្នុង​សប្ដាហ៍​ទី​២​នេះ​ គេ​សង្កេតឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើង​គួរ​ឲ្យ​កត់សំគាល់ ជា​បន្តបន្ទាប់ ​ដោយ​កត្តា​ជាច្រើន​យ៉ាង ក្នុង​នោះ​ករណី​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ម៉ូតូ​បុក​ម៉ូតូ រថយន្ត​ក្រឡាប់​ខ្លួនឯង​បង្កឡើង ដោយសារ​កំណាត់​ផ្លូវ​ជង្ហុក​ជ្រៅៗ​ក្នុង​ផ្លូវជាតិ​លេខ​៧៦ ​និង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​នេះ​ជាដើម ​បាន​ក្លាយ​ជា​ប្រធានបទ​មួយ​ថ្មី​សម្រាប់​ខែឧសភា ​ឆ្នាំ​២០១៩​នេះ​។​

​ជាក់ស្តែង​នៅ​កណ្តាលថ្ងៃត្រង់ វេលា​ម៉ោង​១២​និង​៣០​នាទី ​ថ្ងៃទី​១២​ ខែ​ឧសភា ​ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​រង្វង់​មូល​យក្ខ​ឡោម​ផ្លូវបំបែក​ជា​៤ ស្ថិតក្នុង​ភូមិ​សិ៍​ល សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ​ខេត្ត​រតនគិរី​ មាន​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​មួយ​ករណី​ដែល​បង្ក​ឡើង​ ដោយ​ម៉ូតូ​ និង​រថយន្តបុក​គ្នា​យ៉ាង​ពេញទំហឹង ​បណ្តាល​ឲ្យ​រង​របួស​ស្រាល​ចំនួន​២​នាក់​។​

​តាម​ប្រភព​ដែល​ឃើញ​ហេតុការណ៍​ដំបូង​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​១​គ្រឿង ​ម៉ាកCOROLA ពណ៌ទឹកប៊ិច ពាក់​ស្លាក​លេខ កណ្តាល​2A-2108 ជិះ​គ្នា​២​នាក់​(​បុរស​) ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​មធ្យម ខណៈ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ​ចំណុច​រង្វង់​មូល ​ស្រាប់តែ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ ម៉ាក​វ៉េវ​ឆ្លាម អត់​ស្លាក​លេខ ពណ៌​ខ្មៅ​លាយ​ក្រហម ជិះ​ឌុប​គ្នា​២​នាក់ ​ក្មេង​ប្រុស​តូចៗ​ ក្នុង​ទិសដៅ​ពី​កើតមក​លិច បញ្ច្រាស​ទិស​គ្នា​។​

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​រថយន្ត​នោះ ​ធ្វើដំណើរ​មកដល់​រង្វង់​មូល​ហើយ ​ស្របពេល​ម៉ូតូ​ ក៏​មកដល់​រង្វង់​មូល​ព្រម​គ្នា​ផងដែរ ក៏ប៉ុន្តែ​ម៉ូតូ​បាន​បត់​ឆ្វេង​ខុស​បទដ្ឋាន​(​បត់​ផ្លូវ​កាត់​ខាងកើត​រង្វង់​មូល​វិញ​)​បម្រុង​ឆ្ពោះទៅ​រមណីយដ្ឋាន​បឹង​យក្ខ​ឡោម ជា​ចៃដន្យ​ត្រូវ​វ៉ាក់​អើ នឹង​រថយន្ត​កំពុង​ចរាចរណ៍​លើ​ផ្លូវ​ត្រង់​នោះ ត្រូវ​បាន​ម៉ូតូ​បុក​ចំហៀង​ក្បាល​ផ្នែក​ខាងមុខ​ឆ្វេង​រថយន្ត​យ៉ាង​ពេញទំហឹង​តែម្តង​។ ជា​ភ័ព្វ​សំណាងល្អ​ ក្មេងប្រុស​ទាំង​២​នាក់​មាន​ស្មារតី​រឹងមាំ ក្នុង​ហេតុការណ៍​អាសន្ន​គ្រោះថ្នាក់​ធំ បាន​ផ្តេក​ម៉ូតូ​ចោល​ហើយ​នាំគ្នា​លោត​ចេញ​ផុត ប៉ុន្តែ​មិនបាន​ពាក់មួក​សុវត្ថិភាព​ឡើយ​។​

​ចំណែក​ម៉ូតូ​ ត្រូវបាន​ជាប់​នៅ​ខាងក្រោម​រថយន្ត ហើយ​ត្រូវ​បាន​រថយន្ត​អូស​យក​ទៅ​តាម​ចាកចេញ​ពី​រង្វង់​មូល​ចម្ងាយ​ប្រមាណ​ជិត​២០​ម៉ែត្រ​ឯណោះ​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​គេ​ឃើញ​នគរបាល​ប៉ុស្តិ៍​សង្កាត់​យក្សឡោម ​ចុះ​យក​ធ្វើ​កំណត់ហេតុ​សួរ​បំភ្លឺ​ភាគី​ទាំងសងខាង​ជាបឋម​មុន​ជំនាញ​នគរបាល​ផ្នែក​ចរាចរណ៍​ជើងគោក​ចុះមក​ដល់​ធ្វើការ​វាស់វែង​។​

​លោក ជាង ហឿង នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​យក្ខ​ឡោម​បានបញ្ជាក់​អំពី​អត្តសញ្ញាណ​ភាគី​រថយន្ត​និង​ម៉ូតូ​ភាគី​រថយន្ត​ ត្រូវបាន​គេ​ស្គាល់ ឈ្មោះ អ៊ីម វិជ្ជា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​១​ឃុំ​ឡា​មិញ ស្រុក​បរ​កែវ​ ខេត្ត​រតនគិរី មានមុខ​របរ អាជីវករ​លក់ដូរ​នៅ​ផ្សា​របរ​កែវ និង​អ្នក​រួម​ដំណើរ​ម្នាក់ទៀត ភេទ​ប្រុស​ មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​

ភាគី​ខាង​ម៉ូតូ​២​នាក់ ​ត្រូវបាន​ស្គាល់ឈ្មោះ ៖​
​ទី​១-​ឈ្មោះ ភួង ទិ​ត្យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី អ្នកបើកបរ​របួសស្រាល​ របក​ស្បែក​មុខ​។​
​ទី​២-​ឈ្មោះ គុណ កួយ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ជាមួយគ្នា អ្នករួមដំណើរ រងរបួស​ស្រាល​ អ្នក​ទាំង​២​នាក់​មាន​មុខរបរ ចៀរ​ជ័រកៅស៊ូ​។​

​ក្រោយពី​មន្ត្រីនគរបាល​ចរាចរណ៍​ជើងគោក​ធ្វើការ​វាស់វែង​រួចរាល់ ​បាន​នាំយក​វត្ថុតាង​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114