ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​សង្ស័យ​ម្នាក់ ត្រូវ​បាន​ប៉ូលិស​ក្រុង​បាន​លុង​ឃាត់ខ្លួន ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​

​រតនគិរី​ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវបាន​កម្លាំង​អធិការនគរបាល​ក្រុង​បាន​លុង​ ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើប្រាស់​វិធានការ​ញុះញង់។

ករណី​ចុះ​បង្ក្រាប​គ្រឿងញៀន​នេះ ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃអាទិត្យ ៩​កើត ខែ​ពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លងទៅ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧៨A​ទល់មុខ​វត្ត​អូរ​ជុំ ស្ថិតនៅ​ក្នុង​ភូមិ​ថា​រ៉ង​ជង ស្រុក​អូរ​ជុំ ដោយមាន​ការ​សម្រប​សម្រួល​ពី​ លោក​ ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត។

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន ឈ្មោះ ជា សារៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​មិន​ពិតប្រាកដ​។​

សមត្ថកិច្ច​នគរបាល​បាន​បន្តទៀតថា យោងតាម​ចម្លើយសារភាព​ជនសង្ស័យ​ខាងលើ​រួចមក ​កម្លាំង​បន្តធ្វើ​ការឆែកឆេរ ផ្ទះ​របស់​ឈ្មោះ សៅ (​អត្តសញ្ញាណ​មិន​គ្រប់គ្រាន់​) ស្ថិតនៅលើ​ទួល​បឹង​កំសាន្ត ក្នុងភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង បាន​រកឃើញ​វត្ថុតាង​រួមមាន ​៖
​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣​ថង់​ធំ មាន​ទម្ងន់​៩,៦១​ក្រាម ថ្លឹង​ទាំង​សំបក​ថង់​។​ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១​គ្រឿង​ ដាវ​សាំ​ម៉ូ​រៃ​ចំនួន​២​ដើម​។​ ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​យ៉ាម៉ាហា​អ៊ែ១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។​ កាំភ្លើង​កែច្នៃ​បាញ់​គ្រាប់​កង់១​ដើម​​​ និង​សម្ភារៈ​សម្រាប់​សេព​ថ្នាំញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ ជនសង្ស័យ រួមទាំង​វត្ថុតាង​ ត្រូវបាន​ឃាត់ និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114