ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ​ជិះ​រថយន្តក្រុង​លួច​បន្លំ​យក​ទូរស័ព្ទ​គេ​ ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន

​បន្ទាយមានជ័យ​ ៖ ជនសង្ស័យ​ម្នាក់​ជិះ​រថយន្តក្រុង ​​​ បន្លំ​លួច​ទូរស័ព្ទ​គេ​ ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ទោ អ៊ុំ សា​ខន នាយរង​សេនាធិការ ប្រចាំការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង ស្រាវជ្រាវ​បង្ក្រាបបាន​នៅវេលា​ម៉ោង​១​រសៀល​ ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ ចំណុច​លើ​រថយន្តក្រុង ​ពី​ប៉ោយ​ប៉ែត ទៅ​រាជធានី​ភ្នំពេញ នៅ​មណ្ឌល​៨ ស្ថិតនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ហើយ ​កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុតាង​ មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។​

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​ឲ្យ​ដឹងថា យោងតាម​បណ្តឹង​របស់​ជនរង​គ្រោះ​ឈ្មោះ សន ជូរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​បំភ្លឺ​ថា​ នៅ​ថ្ងៃ​កើតហេតុ ​ខ្លួន​បាន​ជិះ​រថយន្តក្រុង​ពី​ប៉ោយ​ប៉ែត ទៅ​រាជធានី​ភ្នំពេញ នៅ​លើ​រថយន្តក្រុង​ខ្លួន​បាន​ដេកលក់ លុះ​ភ្ញាក់​ឡើង​ ស្រាប់តែ​បាត់​ទូរស័ព្ទ​រក​មិន​ឃើញ ទើប​មកប្តឹង​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍។ លោក​វរសេនីយ៍ទោ ព្រហ្ម​ ថេ​ង បាន​បញ្ជាក់​ទៀត​ថា​ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង ​ហើយ​កម្លាំង​អាវុធហត្ថ​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់​ខ្លួន​ចោរលួច​ទូរស័ព្ទ​តែម្តង ​ក្នុងនោះ ជនសង្ស័យ​ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ខាងលើ ពិតប្រាកដ​មែន ​ពេលដែល​ជិះ​រថយន្តក្រុង​ជាមួយគ្នា។ ដោយ​ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឃើញថា​ មាន​តម្រុយ​ពិរុទ្ធភាព​ នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ដូច្នេះ​ជនសង្ស័យ​ខាងលើ​ អាច​ត្រូវ​ចោទ​ពីបទ​លួច ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំ​រឿង រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114