ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្នំ​អេ​វើ​រ៉េ​ស​ ត្រៀមខ្លួន​សម្រាប់​ឯកត្តកម្ម​ឆ្នាំ​ថ្មី​នៃ​អ្នក​ឡើង​ភ្នំ​ច្រើន​បំផុត​

ទីក្រុង​សម្រាប់​បោះតង់​ស្ថិត​នៅជាប់​ជើងភ្នំ​អេ​វើ​រ៉េ​ស​ ដែល​នឹងត្រូវ​កកកុញ​ដោយ​ក្រុម​អ្នក​ឡើង​ភ្នំ​ដ៏​ណែនណាន់តាន់តាប់​នោះ បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ឆ្នាំ​ដ៏​មមាញឹក​នៅលើ​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​នេះ​រួចហើយ​ ដើម្បី​បំបាត់​ការព្រួយបារម្ភ​អំពី​ភាព​កកកុញ​និង​បញ្ហា​សុវត្ថិភាព​។​

យោងតាម​ទិន្នន័យ​ប្រមូលបាន​ពី​អាជ្ញាធរ​នៅ​ជួរ​ភ្នំ​ហិមាល័យ​បានឱ្យដឹងថា ចាប់តាំងពី​លោក​Edmund Hillary និង​Tenzing Norgay​បាន​ឡើងដល់​លើ​ភ្នំ​អេ​វើ​រ៉េ​ស​ដំបូង​ក្នុង​ឆ្នាំ​១៩៥៣​មក មាន​អ្នក​ឡើង​ភ្នំ​ជាង​៤​ពាន់​នាក់​ក្រោយៗ​ទៀត​បាន​ឡើងដល់​កំពូល​ដែរ​។ មិនតែប៉ុណ្ណោះ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ត្រូវបាន​គេ​មើលឃើញថា​ចំនួន​មានការ​កើនឡើង​ច្រើន ដោយសារ​តែមាន​ការបើក​ឱ្យ​មនុស្ស​ចូល​កាន់តែច្រើន​តាមរយៈ​ការប្រកួត​រវាង​អ្នករៀបចំ​កម្មវិធី​ផ្សេងៗ និង​បណ្ដាលឱ្យ​តម្លៃ​នៃ​ការចូល​លេង​លើ​ភ្នំ​នេះ​មានការ​ធ្លាក់ចុះ​។​

ប្រទេស​នេ​ប៉ាល់​ថ្មីៗ​នេះ​បាន​បើក​ឱ្យ​អ្នក​ដែល​ដាក់ពាក្យ​និង​មានបំណង​បង់ប្រាក់​១​ម៉ឺន​១​ពាន់​ដុល្លារ​ដើម្បី​ឡើងដល់​កំពូលភ្នំ​ដែលមាន​កម្ពស់​៨ ៨៤៨​ម៉ែត្រ​នេះ​។ យោងតាម​នាយកដ្ឋាន​ទេសចរណ៍​បាន​លើកឡើងថា ក្នុងឆ្នាំនេះ​ដែរ រដ្ឋាភិបាល​បាន​បើក​ការអនុញ្ញាត​សម្រាប់​ការឡើង​ដល់​លើ​កំពូល​ចំនួន​៣៧៨​នាក់​។ ឯក​ត្ត​កម្ម​ចាស់​កាលពី​ឆ្នាំ​២០១៧ ចំនួន​អ្នក​ដែល​អាច​ឡើងដល់​កំពូល​គឺមាន​៣៧៣​នាក់​។

អ្នក​ប្រាថ្នា​ឡើង​ភ្នំ​អេ​វើ​រ៉េ​សភាគ​ច្រើន​នឹងត្រូវ​ការ​ជំនួយ​ពី​មគ្គុទ្ទេសក៍​ជនជាតិ​នេ​ប៉ាល់​ដើម្បី​អាច​ឡើង​ទៅដល់​ខាងលើ ដែល​មានន័យថា​អ្នក​ឡើង​ភ្នំ​ប្រហែល​៧៥០​នាក់​នឹងត្រូវ​ដើរ​លើផ្លូវ​តែមួយ​ដើម្បី​ឡើងទៅ​លើ​ភ្នំ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ គឺ​នៅពេលដែល​អាកាសធាតុ​អំណោយផល​។ ក្រៅពី​នេះដែរ ក៏មាន​អ្នក​ឡើង​ភ្នំ​ហោចណាស់​១៤០​នាក់​ផ្សេងទៀត​ដែល​នឹង​ដើរ​ផ្លូវ​ខាងជើង​ពី​ទី​បេ​មក​ដើម្បី​ចូលរួម​ការឡើង​ភ្នំ​ដ៏​ខ្ពស់​ដូចគ្នា​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114