ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ត្រាំ​បញ្ជា​ឱ្យ​ដំឡើងថ្លៃ​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​ចិន​ដែល​នៅ​សេសសល់

ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​បង្កើន​កម្ដៅ​ឱ្យ​កាន់តែ​ឆេះឆួល​ឡើង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​កាលពី​ថ្ងៃ​សុក្រ​នេះ ដោយ​បញ្ជា​ឱ្យ​ដំឡើងថ្លៃ​ពន្ធ​លើ​ស្ទើរតែ​គ្រប់​ទំនិញ​នាំចូល​ដែល​នៅ​សេសសល់​ពី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ក្នុង​ពិភពលោក​នេះ ប៉ុន្តែ​ក្រុង​ប៉េកាំង​បាន​និយាយ​ថា ​កិច្ចចរចា​នឹង​ត្រូវតែ​បន្ត​ធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​ជម្លោះ​មួយ​នេះ។

ក្រោយពី​បង្ហោះ​នៅលើ Twitter ថា​ការចរចា​រយៈពេល​២​ថ្ងៃ​ក្នុង​ក្រុង​វ៉ាស៊ីនតោន​ធ្វើឡើង​ប្រកបដោយ​ភាពស្មោះត្រង់​និង​មាន​ប្រយោជន៍ មេដឹកនាំ​នយោបាយ​ដែល​ក្លាយ​មកពី​អ្នកជំនួញ​របស់​អាមេរិក​រូបនេះ​បាន​ប្ដូរ​ស្នៀត​និង​បន្ត​អនុវត្ត​តាម​ការ​គំរាមកំហែង​ដែល​លោក​បាន​ធ្វើ​អស់​រយៈពេល​ច្រើន​ខែ​មកហើយ​នោះ។

អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer បានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា “​លោក​ប្រធានាធិបតី​បាន​បញ្ជា​ឱ្យ​ពួកយើង​ចាប់ផ្ដើម​ដំណើរការ​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​សំខាន់ៗ​ពី​ចិន​ដែលមាន​តម្លៃ​សរុប​ប្រមាណ​៣០០​ពាន់​លាន​ដុល្លារ​។​”

ការផ្លាស់ប្ដូរ​នេះ​ធ្វើឡើង​មិន​ដល់​២៤​ម៉ោង​ផង បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ដែល​នាំចូល​ពី​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ ដោយ​ដំឡើង​ពី​១០%​ទៅជា​២៥% វិញ ពោលគឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​រដ្ឋបាល​លោក​ត្រាំ​បាន​ចោទប្រកាន់​ក្រុង​ប៉េកាំង​ថា​បាន​រំលោភ​លើ​កិច្ចសន្យា​មក​នោះ​។​

ដោយឡែក អ្នកចរចា​កំពូល​របស់​ចិន​គឺ​លោក​ឧបនាយករដ្ឋមន្ត្រី Liu He បាន​ព្រមាន​ថា​ក្រុង​ប៉េកាំង​ត្រូវតែ​ធ្វើការ​ឆ្លើយតប​ចំពោះ​បញ្ហា​ពន្ធ​ទាំងឡាយ​របស់​អាមេរិក​។ ការ​វិវត្ត​នេះ​ធ្វើឡើង​ក្រោយពី​កិច្ចចរចា​រយៈពេល​២​ថ្ងៃ​បាន​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ ហើយ​មិន​អាច​ឈាន​ដល់​ការព្រមព្រៀង ប៉ុន្តែ​ក៏​គ្មាន​ការ​វែកញែក​អី​ភ្លាមៗ​ដែរ​នោះ បាន​ផ្ដល់​ក្ដី​សង្ឃឹមថា​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​អា​ចរក​វិធី​ណាមួយ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច​ពិភពលោក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114