ព័ត៍មានទាន់​ហេតុការណ៏
Search

កប៉ាល់​ដឹក​ប្រេង​ពីរ​គ្រឿង​របស់​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ​រង​ការខូចខាត​ក្នុងការ​វាយប្រហារ​ដោយ​ចេតនា​នៅ​អារ៉ាប់​រួម

ទីភ្នាក់ងារ​ព័ត៌មាន Saudi Press Agency (SPA) បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​ដោយ​ដកស្រង់​សំដី​របស់​រដ្ឋមន្ត្រីក្រសួង​ថាមពល​អារ៉ាប៊ីសាអ៊ូឌីត​ថា កប៉ាល​ដឹក​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន​ពីរ​គ្រឿង​បាន​រង​ការខូចខាត​នៅក្នុង​ការវាយប្រហារ​ដោយ​ចេតនា​មួយ​នៅឯ​នាយ​ឆ្នេរសមុទ្រ​អារ៉ាប់​រួម​។​

SPA បាន​ដកស្រង់​សំដី​របស់លោក Khalid al-Falih ដែល​បាន​និយាយថា “​កប៉ាល់​ដឹក​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន​ពីរ​គ្រឿង​ត្រូវ​រងគ្រោះ​ដោយ​ការវាយប្រហារ​ដោយ​ចេតនា​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​អារ៉ាប់​រួម​នៅឯ​នាយ​ឆ្នេរសមុទ្រ Fujairah ខណៈពេល​កំពុងធ្វើដំណើ​រ​ឆ្លងកាត់​ឈូង​សមុទ្រ​អារ៉ាប់​”​។​

ទន្ទឹម​នោះ អារ៉ាប់​រួម​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កប៉ាល់​ពាណិជ្ជកម្ម​ចំនួន​៤​គ្រឿង​នៃ​ប្រទេស​ផ្សេងៗ​គ្នា​ត្រូវ​បានកំណត់​គោលដៅ​ដោយ​សកម្មភាព​បំផ្លិចបំផ្លាញ​ដោយ​ចេតនា​នៅ Fujairah ។​

លោក Falih បាន​និយាយថា ការបំផ្លិចបំផ្លាញ​នេះ​មិនបាន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឬ​ការ​ធ្លាយ​ប្រេង​នោះទេ​ប៉ុន្តែ​វា​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​រចនាសម្ព័ន្ធ​នៃ​កប៉ាល់​ទាំងពីរ​គ្រឿង​នេះ​។​

លោក​រដ្ឋមន្ត្រី​បាន​និយាយថា កប៉ាល់​ដឹក​ប្រេង​មួយគ្រឿង​ក្នុងចំណោម​ពីរ​គ្រឿង​នេះ​គឺ​កំពុង​ដឹក​ប្រេង​ឆៅ​មកពី​ស្ថានីយ​ប្រេង Ras Tanura របស់​អារ៉ាប៊ីសាអ៊ូឌីត​នៅក្នុង​ឈូង​សមុទ្រ​សម្រាប់​អតិថិជន​នៅ​សហរដ្ឋអាមេរិក​។​

ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​អារ៉ាប់​រួម​មិនបាន​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​លើក​ប៉ាល់​នោះទេ​ប៉ុន្តែ​បាន​ព្រមាន​ថា ការធ្វើសកម្មភាព​នៃ​ការបំផ្លិចបំផ្លាញ​ដោយ​ចេតនា​លើ​នាវា​ពាណិជ្ជកម្ម​និង​ស៊ីវិល​ហើយ​ការគំរាមកំហែង​ដល់​សុវត្ថិភាព​និង​ជីវិត​របស់​អ្នក​នៅលើ​នាវា​ទាំងនោះ​គឺជា​រឿង​ដ៏​ធ្ងន់ធ្ងរ​។​

គ្មាន​នរណាម្នាក់​រងរ​បួស​ទេ​ហើយ​រដ្ឋាភិបាល​ក្រុង​អា​ប៊ូ​ដា​ប៊ី​បាន​អំពាវនាវ​ដល់​មហាអំណាច​ពិភពលោក​ឲ្យ​ជួយ​រក្សា​ចរាចរណ៍​ផ្លូវទឹក​ឲ្យ​មាន​សុវត្ថិភាព​។​

គួរ​បញ្ជាក់ថា កំពង់ផែ Fujairah គឺជា​ស្ថានីយ​តែមួយគត់​នៅក្នុង​ប្រទេស​អារ៉ាប់​រួម​ដែល​ស្ថិតនៅលើ​ឆ្នេរសមុទ្រ​អារ៉ាប់​ដោយ​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz​។ អ៊ីរ៉ង់​បាន​គំរាម​បិទ​វា​ម្តង​ហើយ​ម្តងទៀត​ក្នុងករណី​មានការ​ប្រឈមមុខ​ដាក់​គ្នា​ខាង​យោធា​ជាមួយ​សហរដ្ឋអាមេរិក​៕ AFP