ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ

ភ្នំពេញ​ ៖ លោក ខេ​ភី សា​ម៉ា អូ​លី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​ហើយ កាលពី​វេលា​ម៉ោង​ប្រមាណ​៣ រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ខណៈ​មកដល់​ប្រទេស​កម្ពុជា លោក The Rt. Hon’ble K. P. Sharma Oli និង​ភរិយា ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានទទួល​បដិសណ្ឋារកិច្ច និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នា​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ហើយ​បន្ទាប់ពី​ជួប​សំណេះសំណាល និង​ជជែក​ពិភាក្សា​ការងារ​សំខាន់ៗ​មួយចំនួន សម្តេច​តេ​ជោ ហ៊ុន សែន រៀបចំ​ពិធី​លាង​សាយភោជន ជូន​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ និង​គណៈប្រតិភូ នៅពេល​ល្ងាច​។

តាម​សេចក្តី​ប្រកាស​ពី​ក្រសួង​ករ​បរទេស​កម្ពុ​ជា​បាន​ឲ្យ​ដឹង​ថា លោក The Rt. Hon’ble K. P. Sharma Oli នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៣ ដល់​១៥ ខែឧសភា ឆ្នាំ​២០១៩ ហើយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ខេ ភី សា​ម៉ា អូ​លី នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយ​លោក នឹង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លោក នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​វេទិកា​ធុរកិច្ច​រវាង​កម្ពុជា និង​នេ​ប៉ាល់ ដែល​រៀបចំឡើង​នៅ​ភ្នំពេញ​។

ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ​ដែរ លោក ខេ ភី សា​ម៉ា អូ​លី នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមានឯករាជ្យ និង​ព្រះ​មណ្ឌប​ព្រះ​បរម​រតន​កោដ្ឋ អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា ហើយ​លោក​នឹង​អញ្ជើញ​ទៅ​ទស្សនា​ទីកន្លែង​សំខាន់ៗ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ មកកាន់​កម្ពុជា​នា​ពេល​នេះ នឹង​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត នូវ​ចំណងមិត្តភាព និង​លើកតម្កើង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ រវាង​ប្រទេស​ទាំងពីរ​។

ប្រទេស​កម្ពុជា និង​នេ​ប៉ាល់ បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​នៅ​ឆ្នាំ​១៩៦៤ តែ​ត្រូវ​បាន​កាត់​ផ្តាច់​ទៅវិញ ​នៅ​អំឡុង​ពេល​កម្ពុជា​ជួប​វិបត្តិ​ភ្លើងសង្គ្រាម​។ ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​១៩៩៩​។ ទោះបី​បាន​បង្កើត​ទំនាក់ទំនង​ជាមួយគ្នា​ឡើងវិញ រយៈ​ជិត​២០​ឆ្នាំ​ទៅ​ហើយ​ក្តី តែ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ស្ថានទូត​ប្រចាំ​នៅ​នេ​ប៉ាល់​នៅឡើយ​ទេ ហើយ​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា ហើយ​នេ​ប៉ាល់ ក៏​មិន​មាន​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ដែរ (​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​)៕