ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះ​រាជពិធី​ស្វាធ្យាយ​ព្រះ​បរិត្ត ថ្វាយ​ព្រះមហាក្សត្រ​ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់​៦៦​យាង​ចូល ៦៧ ព្រះវស្សា

ភ្នំពេញ ៖​ នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព​សេចក្តី ថ្លៃថ្នូរ​និង​សុភមង្គល​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ ស្តេចយាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បំផុត​ក្នុង​ព្រះ​រាជពិធី​ស្វាធ្យាយ​ព្រះ​បរិត្ត ពុទ្ធ​ជ័យ​មង្គល​និង​បំពេញ​មហា​ព្រះ​រាជកុសល ដោយ​ព្រះ​រាជសទ្ធា​ជ្រះថ្លា​ដើម្បី​អបអរសាទរ​ក្នុង ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ឧត្តុង្គឧត្តម​វិសេស​វ​សាល​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់​៦៦ យាង​ចូល ៦៧ ព្រះវស្សា​នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ ខ្ពស់បំផុត​នា​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង​។

ព្រះ​ពិធី​នេះ​មាន​ការយាង​អម​ដង្ហែ​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង លោកជំទាវ ,​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោកជំទាវ ,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ព្រះរាជវង្សានុវង្ស ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល នាយ​ម៉ឺន​សព្វ​មុខមន្ត្រី​ព្រះបរមរាជវាំង។

ប្រជានុរាស្ត្រ​ខ្មែរ​សូម​អបអរសាទរ ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់​៦៦ យាង​ចូល ៦៧ ព្រះវស្សា​នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត។ ​ប្រជានុរាស្ត្រ មាន​សេចក្ដីសោមនស្ស​រីករាយ​សូម​លំឱនកាយ​លើក​ហត្ថ​ប្រណម្យ​បង្គំ​អញ្ជលី សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី​អស់ វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក ទេវតា​ថែរក្សា​ព្រះមហា​ស្វេត​ឆ្ឆ​ត្រ គុណបុណ្យ​ព្រះ​បារមី​អតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រី​យា​នី​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស​បារមី​តេជានុភាព ព្រះ​វិញ្ញាណក្ខន្ធ នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​សូម​មេត្តា​តាម​ជួយ​គ្រង​អភិ បាល​ថែរក្សា​ការពារ និង ប្រោះព្រំ​នូវ​ទឹកអម្រឹត​ប្រទាន​ព្រះរាជ​សព្ទសាធុការពរ បវរ​សួរ​ស្តី សិរី​វ​ឌ្ឍ​នាជ​យា​មង្គល វិបុល​សុខ​មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជានុរាស្ត្រ​កម្ពុជា​សូម​ព្រះអង្គ ព្រះ​ប្រកប​តែ ព្រះ​បរមសុខ​គ្រប់ប្រការ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​កាយពល​មាំមួន​ព្រះរាជ​បញ្ញាញាណ​ភ្លឺ​ថ្លា​ដើម្បី​គង់ប្រថាប់​ជា មហា​ម្លប់​ដ៏​ត្រជាក់​ដើម្បី​សេចក្តី​សុខក្សេមក្សាន្ត​ដល់​កូនចៅ​ប្រជានុរាស្ត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដរាប​តរៀ​ង​ទៅ៕