ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​-​នេ​ប៉ាល់ ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​ចំនួន ២

ភ្នំពេញ​ ៖​ កម្ពុជា​និង​នេ​ប៉ាល់​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ពីរ ៖ ទី​១-​ក្របខណ្ឌ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​និង​វិនិយោគ និង ទី​២-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​សភាពាណិជ្ជកម្ម​នេ​ប៉ាល់ និង សភាពាណិជ្ជកម្ម​កម្ពុជា។

កិច្ចព្រមព្រៀង​ទាំងពីរ​នេះ​ ធ្វើឡើង​ក្រោយ​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា នេ​ប៉ាល់ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែឧសភា​នេះ នៅ​វិមាន​សន្តិភាព។

ឯកសារ​ចុះហត្ថលេខា​តាំង​ពីរ រួមមាន ១.​ក្របខណ្ឌ​កិច្ចព្រមព្រៀង​ស្តី​ពី​ពាណិជ្ជកម្ម​និង​វិនិយោគ​ចុះហត្ថលេខា​ដោយ​លោក ហេ​ដា បា​ហា​ដូ​ល អាល់​ឌី​ការី រដ្ឋ​លេខា​ទទួលបន្ទុក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង ការ​ផ្គត់ផ្គង់​និង លោក ប៉ាន់ សូរ​ស័ក្ក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម។ ២.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​សភាពាណិជ្ជកម្ម​នេ​ប៉ាល់ និង សភាពាណិជ្ជកម្ម​កម្ពុជា​ចុះ​ហត្ថា​លេខា​ដោយ​លោក រ៉ា​ឆី​ស កា​ហ្ស៊ី ស្ត្រា​លតា ប្រធាន​សភា​ពាណិជ្ជកម្ម​នេ​ប៉ាល់ និង លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា។

លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ ខេ ភី សា​ម៉ា អូ​លី (The Rt. Hon’ble K. P. Sharma Oli) បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ម៉ោង ១៖១៥ នាទី​រសៀល​ថ្ងៃ​ចន្ទ ទី ១៣ ខែឧសភា ឆ្នាំ​២០១៩​នេះ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣ ថ្ងៃ តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៣ ដល់​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។ បន្ទាប់ពី​អញ្ជើញ​ម​ដល់​ប្រទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​លោក សា​ម៉ា អូ​លី នឹង​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមានឯករាជ្យ​និង​ព្រះ​មណ្ឌប​ព្រះ​បរម​រតន​កោដ្ឋ​នរោត្តម​សីហនុ។ បន្ទាប់មក​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់​ នឹង ​អញ្ជើញ​ទៅកាន់​វិមាន​សន្តិភាព​ទី​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន​ធ្វើ​ពិធី​បដិសណ្ឋារកិច្ច​និង​ទទួល​ជា​ផ្លូវការ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​។​បន្ទាប់ពី​ជួប​សំណេះ​សំ​ណាល​ និង ​ជជែក​លើ​ការងារ​សំខាន់ៗ​មួយចំនួន​ហើយ​នោះ​នៅពេល​ល្ងាច​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​រៀបចំ​ពិធី​លាង​សាយភោជន​ជូន​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ និង​គណៈប្រតិភូ​ផងដែរ​។

នៅ​ថ្ងៃទី​១៤​ ខែឧសភា លោក​សា​ម៉ា អូ​លី នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និង សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

នៅពេល​រសៀល លោក សា​ម៉ា អូ​លី និង​អញ្ជើញ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន។ ប្រមុខ​ដឹកនាំ​ទាំងពីរ​ក៏​នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​ផង​ដែរ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល​ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ទីកន្លែង​ប្រវត្តិសាស្ត្រ និង​ទីកន្លែង​សំខាន់ៗ​មួយចំនួនទៀត​នៅ​រាជធានី​ភ្នំពេញ​។

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​មកកាន់​កម្ពុជា​នាពេល​នេះ​ត្រូវ​បាន​រំពឹង​ថា​ជា ការ​រួមចំណែក​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​នូវ​ចំណងមិត្តភាព និង លើកតម្កើង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍​និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។​

​សូម​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​និង​នេ​ប៉ាល់​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​នៅ​ឆ្នាំ១៩៦៤ តែ​ត្រូវ​បាន​កាត់​ផ្តាច់​ទៅវិញ​នៅ​អំឡុង​ពេល​កម្ពុជា​ជួប​វិបត្តិ​ភ្លើងសង្គ្រាម។ ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​១៩៩៩​។ ដ្បិតថា​បាន​បង្កើត​ទំនាក់ទំនង​ជាមួយគ្នា​ឡើងវិញ​រយៈ​ជិត ២០​ឆ្នាំ​ទៅ​ហើយ​ក្តី ​តែ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មិនទាន់​មាន​ស្ថានទូត​ប្រចាំ​នៅ​នេប៉ាល់​នៅឡើយ​ទេ​(​មាន​វិ​វេ​សន​ដ្ឋា​ន​នៅ​ទីក្រុង​ញូ​វ​ដេលី​ប្រទេស​ឥណ្ឌា​)​ហើយ​នេ​ប៉ាល់​ក៏​មិន​មាន​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ផង​ដែល​( មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​)​។

កាលពី​ខែធ្នូ​ឆ្នាំ​២០១០ លោក Madhav Kumar Nepal នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​បាន​អញ្ជើញ​មក​ចូលរួម​មហាសន្និបាត​លើក​ទី ៦ នៃ​សន្និបាត​អន្តរជាតិ​របស់​គណបក្ស​នយោបាយ​តំបន់​អាស៊ី នៅ​ទីក្រុង​ភ្នំពេញ​។ នៅ​ខែធ្នូ ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​នេ​ប៉ាល់​។

ពាក់ព័ន្ធ​ផ្នែក​វប្បធម៌​វិញ​រដ្ឋាភិបាល​នេ​ប៉ាល់ ដែល​ជា​ទឹកដី​កំណើត​របស់​ព្រះសម្មាសម្ពុទ្ធ​នោះ​បាន​អនុញ្ញាត​ឲ្យ​ខ្មែរ​សង់​វត្ត​មួយ​ឈ្មោះ​«​លម្ពិនី​» កាលពី​ឆ្នាំ ២០០៦ ហើយ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៨ លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង មុខងារសាធារណៈ​នៃ​រដ្ឋសភា​និង​ក្រុមគ្រួសារ​បាន​អ ញ្ជើ​ញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​ខ្មែរ​លម្ពិនី នេះ​។

សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ក៏​មាន​ចំនួន​តិចតួច​នៅឡើយ។ យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា​ចាប់ពី​ឆ្នាំ២០១៤ រហូតដល់​រយៈពេល ៦ ខែ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ជិត​១៧​ម៉ឺន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​នេ​ប៉ាល់​មាន​ជាង ១២ ម៉ឺន​ដុល្លារ ហើយ​កម្ពុជា នាំចូល​ពី​នេ​ប៉ាល់​មកវិញ​មាន​ជាង ៤ ម៉ឺន​ដុល្លារ​។ ទំនិញ​ដែល​ដោះដូរ​ជាមួយគ្នា​ភាគច្រើន​ជា​សម្លៀកបំពាក់ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​សម្លៀកបំពាក់​។

សូម​បញ្ជាក់​ដែរ​ថា ​ប្រទេស​នេ​ប៉ាល់​មាន​ផ្ទៃក្រឡា​ទំហំ ១៤៧,១៨១ គីឡូម៉ែត្រ​ការ៉េ​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ចិន​និង​មាន​ប្រជាជន​រស់នៅ​សរុប​ជាង​២៩​លាន​នាក់​ក្នុង​នោះ​ប្រជាជន​កាន់ សាសនា​ហិណ្ឌូ​មាន​ជាង ៨១​ភាគរយ ព្រះពុទ្ធ​៩​ភាគរយ ម៉ូ​ស្លី​ម​ជាង ៤ ភាគរយ និង​សាសនា​ដទៃ​មាន​ជាង ៥​ភាគរយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114