ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ ប៊ុន​ហឿន ជួប ប្រា​កាយ​ផេ​ត ឯ រិ​ទ្ធ ភូ​លូ ជួប ហ្វា​និមិត្ត នៅ​សង្វៀន​ស្ទឹងមានជ័យ​

ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ពួកគេ​ទាំងពីរ​នាក់​នេះ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមាន​ជ័យ នា​យប់​ថ្ងៃ​សុក្រ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ។​

ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នឹង​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ឈ្មោះ​ប្រា​កាយ​ផេ​ត និ​ត​អ៊ី​សាមុយ​(Prakaypetch Nithisa muy) ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ចាន់ ប៊ុន​ហឿន ជើង​ខ្លាំង​របស់​កម្ពុជា​នេះ គេ​ទើបតែ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ហ្វា នី​មិត្ត កាលពី​ថ្ងៃទី​២៦​ ខែមេសា ឆ្នាំ​​២០១៩​កន្លងទៅ។​

ចាន់ ប៊ុន​ហឿន ជា​លើក​ទី​៤១​របស់គេ​ហើយ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ។ ប៊ុន​ហឿន ប្រកួត​ជាមួយ​ថៃ​៤០​លើក​កន្លងមកនេះ គឺ​ឈ្នះ​២៨​លើក ចាញ់​០៩​លើក និង​ស្មើ​០៣​លើក។​

ប្រា​កាយ​ផេ​ត គេ​ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​យើង​ម្តង​ពីរដង​ហើយ កន្លង​មក។ យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ខ្លាំង​គួរសម​ដែរ។ ព្រោះ​បើតាម​ប្រវត្តិ ប្រា​កាយ​ផេ​ត ល្អ​និង​ខ្លាំង ដែល​មិនអាច​មើលស្រាល​បានឡើយ។ អ្នក​ប្រដាល់​ថៃ​នេះ ជា​ជើង​ខ្លាំង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ប្រចាំ​នៅ​ស្រុកថៃ។ គេ​មាន​ប្រវត្តិ​ប្រកួត​តែ​ចំនួន​៧៣​លើក ក្នុងនោះ​វាយ​ឈ្នះ​៥៨​លើក ចាញ់​១២​លើក និង​ស្មើ​០៣​លើក។ ​ការប្រកួត​លើកចុងក្រោយ​របស់​ប្រា​កាយ​ផេ​ត គឺ​វាយ​ឈ្នះ​រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២៦​ ខែ​មេសា ឆ្នាំ​២០១៩។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ផ្លែ​មុត​ស្រួច​ល្អ ទាំង​កណ្តាប់ដៃ ទាត់ និង ជង្គង់ ហើយ​ថែមទាំង​មិន​ចេញ​ខ្លាច​ទៀតផង​។ បើ​ប្រៀប​ជាមួយ​ចាន់​ប៊ុន​ហឿន គឺ​មិនដឹងថា​យ៉ាងណា​នោះទេ ព្រោះថា​ប៊ុន​ហឿន គេ​ក៏​វាយ​មិនចេះ​ខ្លាច​ដែរនោះ។​

ចាន់ ប៊ុន​ហឿន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៩​លើក ឈ្នះ​៧១​លើក និង​ចាញ់​១៤​លើក និង​ស្មើ​០៤​លើក។ ប៊ុន​ហឿន គេ​មាន​ថ្វី​កែង​និង​ជង្គង់​ល្អ​ណាស់ តែ​យ៉ាងណា​ការ​ឈ្នះ​ចាញ់​រវាង​ចាន់ ប៊ុន​ហឿន និង ប្រា​កាយ​ផេ​ត នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ?។​

ចំពោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត ជា​មួយ​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​ឈ្មោះ​ហ្វា​និមិត្ត វី​រី​យ៉ាក​ហ្វា​ម (Fanimit Viriyakfarm)។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ដែរ។

ជា​លើក​ទី​១៨ សម្រាប់​រិ​ទ្ធ ភូ​លូ ហើយ ដែល​បាន​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នេះ។ ​ក្នុង​១៦​លើក​កន្លងមក ភូ​លូ វាយ​ឈ្នះ​ថៃ​១៤​លើក និង​ចាញ់​៣​លើក។ ការជួប​ថៃ​លើកចុងក្រោយ​នេះ (២៦​មេសា​២០១៩) ភូ​លូ វាយ​ចាញ់​ថៃ​ប្រា​កាយ​ផេ​ត និ​ត​អ៊ី​សាមុយ ដោយ​ពិន្ទុ។​

រិ​ទ្ធ ភូ​លូ ទោះជា​គេ​ទើបបាន​ផ្គូផ្គង​ឲ្យ​ជួប​បរទេស​ក៏ដោយ តែដោយសារ​មានចិត្ត​ប្រដាល់​ធំ គេ​ឡើង​ប្រកួត​ដោយ​គ្មាន​ខ្លាចញញើត​ទេ។ គេ​ទើប​ឡើង​ប្រកួត​បាន​ចំនួន​៦៤​លើក​ប៉ុណ្ណោះ ក្នុងនោះ វាយ​ឈ្នះ​៤៥​លើក ចាញ់​១៥​លើក និង​ស្មើ​០៤​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​១៨​លើក។
​ហ្វា​និមិត្ត ជា​អ្នក​ប្រដាល់​ដែល​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ នាពេល​កន្លងមក។

យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ខ្លាំង​គួរសម​ដែរ។ ព្រោះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​នោះ​ថា ហ្វា​និមិត្ត គេ​ល្អ​និង​ខ្លាំង ដែល​មិនអាច​មើលស្រាល​បានឡើយ។​

ហ្វា នី​មិត្ត គេ​ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់ ហើយ​អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​ខ្លាំង​មិន​ចាញ់​រិ​ទ្ធ ភូ​លូ ប៉ុន្មាន​ដែរ។ អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​សម្រុក​មិនចេះ​ខ្លាច​គូប្រកួត​ដែរ។ ហ្វា​និមិត្ត គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៨១លើក ឈ្នះ​៥៧​លើក ចាញ់​២២​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ជាច្រើនលើក។ ហ្វា​និមិត្ត កាលពី​ថ្ងៃទី​២៦ ខែ​មេសា ​ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​វាយ​ឈ្នះ​ចាន់ ប៊ុន​ហឿន​ដោយ​ពិន្ទុ​។ ​ការដែល​ឈ្នះ​ចាន់​ប៊ុន​ហឿន ​ហើយ​នោះ បញ្ជាក់ថា ​គេ​មិន​ខ្សោយ​នោះឡើយ​។​

យ៉ាងណា ប៉ះ​ជាមួយ រិ​ទ្ធ ភូ​លូ ក៏​មិនជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះថា​ភូ​លូ​គេ​វាយ​បុក​ខ្លាំង​កណ្តាប់ដៃ​ខ្លាំង ទម្ងន់​ជើង​ក៏​ធ្ងន់​ដែរ ។ តែ​យ៉ាងណា រិ​ទ្ធ ភូ​លូ ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ ។​ដូច្នេះ​ចាំមើល តើ រិ​ទ្ធ ភូ​លូ អាច​យកឈ្នះ​ហ្វា​នី​មិត្ត បាន​ឬ​អត់ ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ ? ។​

ដោយឡែក អ្នក​ប្រដាល់​ឡូញ វ៉ាន់ឌី ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ កំពែង ខ្មៅ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៦០ គីឡូក្រាម។ ចំណែក​រិ​ទ្ធ មន្នី អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង នឹងត្រូវ​ជួប​ប្រកួត​ជាមួយ បូ
សា​ភាព អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ហើយ ធន ស៊ី​ហុង ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ត្រូវ​ជួប​ប្រកួត​ជាមួយ ប៊ុន រ៉ុង ក្លិប​នាគរាជ​ចតុមុខ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៤៨​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114