ព័ត៍មានទាន់​ហេតុការណ៏
Search

ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ សម្រេច​លទ្ធផល​បាន​ប្រមាណ​៥០%​ហើយ​

ពហុ​កីឡដ្ឋាន​ធំ ឬ Main Stadium នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​បាននិងកំពុង​សាងសង់​នោះ ពេលនេះ​បាន​ឈានដល់​ការបញ្ចប់​គ្រឿង​បង្គំ​សំខាន់ៗ​ហើយ ខណៈ​លទ្ធផល​ជារួម ក៏​សម្រេចបាន​ប្រមាណ ៥០% ផងដែរ។

លោក​បណ្ឌិត ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​មានប្រសាសន៍​អោយដឹង​ក្នុង​ពិធី​អបអរ​នៃ​ការបញ្ចប់​គ្រឿង​បង្គុំ​សំខាន់ៗ នៃ​ពហុ​កីឡដ្ឋាន កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ ថា​មកទល់ពេលនេះ ពហុ​កីឡដ្ឋាន​ធំ បាន​ចំណាយពេល​សាងសង់ ២០​ខែ​ហើយ ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ឯ​លទ្ធផល​សម្រេចបាន​រួមមាន​ ៖ ការសាងសង់​សម្រេចបាន​លទ្ធផល​ប្រមាណ ៥០% និង​ការ​តម្លើង​ថាស​បង្គំ​កៅអី​បេតុង​អង្គុយ​ប្រមាណ ៧០% ។ ប៉ុន្តែ​សម្ភារៈ​បរិក្ខារ​សំណង់ សម្រាប់​បម្រើ​ការងារ​សាងសង់​គ្រឿង​បង្គំ​រួម គឺ​បាន​នាំចូល​មកដល់​ការដ្ឋាន ១០០% នៅតែ​សម្ភារៈ​បំពាក់ នឹង​ស្នើសុំ​បែបបទ​នាំចូល​ជា​បន្តបន្ទាប់​ប៉ុណ្ណោះ។​

លោក NOCC បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្នុងការ​សាងសង់​កីឡដ្ឋាន​ស្ដង់ដារ​អន្តរជាតិ​នេះដែរ បាន​ប្រើ​កម្លាំង​ពលកម្ម​សរុប​ជាង ៨០០​នាក់ ក្នុងនោះ​មាន​ក្រុមការងារ​ជំនាញ​ភាគី​ចិន​ប្រមាណ៥៤០​នាក់ និង​កម្លាំង​ពលកម្ម​ក្នុងស្រុក​ប្រមាណ៣០០​នាក់។ ផ្អែកលើ​ផែនការ​ការងារ ក្នុង​ខែ​កក្កដា​ខាងមុខ ថាស​កៅអី​បេតុង​នឹងត្រូវ​លើកដាក់​ចប់សព្វគ្រប់ ហើយ​នៅ​ខែសីហា គ្រឿង​បង្គំ​ធ្នឹម​កោង​ផ្នែក​ប៉ម​រាង​បាតដៃ ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​ជាតិ ការគោរព និង រឹតចំណង​មិត្តភាព សាមគ្គី ក៏​នឹងត្រូវ​សាងសង់​រួចរាល់​ផងដែរ។​

សូមបញ្ជាក់ថា តាម​គម្រោង​ពហុ​កីឡដ្ឋាន​ធំ នឹងត្រូវ​ការ​ពេល​សាងសង់​ប្រមាណ ៤០​ខែ គឺអាច​បញ្ចប់​នា​ចុងឆ្នាំ​២០២០ ។ ប៉ុន្ដែ​តាម​គោលការណ៍​រួម​របស់​គណៈកម្មការ​បច្ចេកទេស​កម្ពុជា បានស្នើ​ជំរុញ​ការងារ​សាងសង់​ឲ្យ​បាន​លឿន ទាន់ពេលវេលា ព្រោះ​កម្ពុជា​ត្រូវការ​យ៉ាងតិច២​ឆ្នាំ ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣។ ដោយហេតុ​នេះហើយ ទើប​ លោក​ថោង ខុន បានស្នើ​ភាគី​ចិន បន្ត​ជួយ​ការគ្រប់គ្រង​ពហុ​កីឡដ្ឋាន​ធំ ពិសេស​ជួយ​បង្ហាត់បង្រៀន​ដល់​ភាគី​កម្ពុជា ក្នុង​ការ​គ្រប់​កីឡដ្ឋាន​នេះ រហូតដល់​ចប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣។​

គួរ​រម្លឹក​ឲ្យ​ដឹងថា ពហុ​កីឡដ្ឋាន​ធំ ឬ Main Stadium នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺអាច​ផ្ទុក​អ្នកទស្សនា​ជិត ៦​ម៉ឺន​នាក់ ហើយ​អ្វីដែល​ពិសេស គឺ​ក្រុមការងារ​បច្ចេកទេស​បាន​រៀបចំ​ច្រក​សុវត្ថិភាព ដោយ​អាច​ជម្លៀស​អ្នកគាំទ្រ​ទាំងអស់ ក្នុង​រយៈពេល​ត្រឹមតែ ៧​នាទី​ប៉ុណ្ណោះ។

លោក​បណ្ឌិត ថោង ខុន បានចាត់ទុក​នេះ គឺជា​មហា​សមិទ្ធផល​ដ៏​អស្ចារ្យ​ក្នុងសម័យ​ទំនើប និង​ការ​អភិវឌ្ឍ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ​នៃ​កម្ពុជា ហើយ​លោក​សង្កត់ធ្ងន់ថា កម្ពុជា​បាននិងកំពុង​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣៕