ព័ត៍មានទាន់​ហេតុការណ៏
Search

សប្បុរសជន​សមាគម ជីន ប៉ី ផ្តល់​អាគារ​សិក្សា​២​ជាន់​ដល់​ក្មេង​ក្រីក្រ​នៅក្នុង​មណ្ឌល​តា​សៅ​ថ្មដា​

​ព្រះសីហនុ ៖ ដោយ​មើលឃើញ​ពី​ការលំបាក​ខ្វះខាត ជាច្រើន​របស់​ក្មេង​ក្រីក្រ​សម្រាប់​រៀនសូត្រ​នៅក្នុង សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ​(​ហៅថា​មណ្ឌល​តា​សៅ​ថ្មដា​)​ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទើប​សប្បុរសជន សមាគម ជីន ប៉ី បាន​ឧបត្ថម្ភ សាងសង់​អាគារ​សិក្សា​បែប​ព្រះពុទ្ធសាសនា​២​ជាន់​មាន​២០​បន្ទប់ ។​

ពិធី​ផ្តល់​អំណោយ​សាងសង់​អាគារ​សិក្សា​ដល់​ក្មេង​ក្រីក្រ បានធ្វើ​ឡើង​នៅ​មណ្ឌល​តា​សៅ​ថ្មដា កាលពី​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៩​ដោយមាន​ការអញ្ជើញ​ចូលរួម​លោក ANSON CHAN ប្រធាន​សមាគម ជីន ប៉ី រួមទាំង​សហការី​មួយចំនួន​ផងដែរ​។​

លោក ANSON CHAN ប្រធាន​សមាគម ជីន ប៉ី បានបញ្ជាក់​ឲ្យ​ដឹងថា ការសាងសង់​អាគារ​សិក្សា​បែប​ពុទ្ធសាសនា​នៅក្នុង​មណ្ឌល​តា​សៅ​ថ្មដា​នេះ​ ធ្វើ​ឡើងជា​ដំណាក់កាល​ៗ ជំហាន​ដំបូង​ធ្វើ​ឲ្យ​មាន​ជា​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​សិន បន្ទាប់មក​ទើប​សាងសង់​អាគារ​ពីរ​ជាន់ ធ្វើ​ផ្លូវ ធ្វើ​របង​និង បណ្ណាល័យ​ជាដើម​។​ តាម​គម្រោង​អាគារ​សិក្សា​បែប​ពុទ្ធសាសនា​នេះ​ មាន​ទទឹង​9,50​ម៉ែត្រ បណ្តោយ​46​ម៉ែត្រ​កម្ពស់​២​ជាន់​ និង​ជាន់​ក្រោម​ដី​ជា​កន្លែង​លេង​កីឡា ដែល​មាន​តម្លៃ​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​៧០​ម៉ឺន​ដុល្លារ​អាមេរិក​។​ ក្រៅពី​ការជួយ​សាងសង់​អាគារ សមាគម ជីន ប៉ី ក៏បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​សាមសិប​បាវ​និង​គ្រឿងឧបភោគ បរិភោគ​ជា​រៀងរាល់​ខែ​ដល់​មណ្ឌល​តា​សៅ​ថ្មដា​ថែមទៀត​ផងដែរ​។​

លោក ថន ថា​រិ​ទ្ធ ប្រធាន​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ (​ត្រកូល​សៅ​)​និង​ជា​ដំណក់ឈាម​តែមួយគត់​របស់ អតីត​តារាភាពយន្ត​ដ៏​ល្បីល្បាញ លោក ជា​យុទ្ធ ថន​និង​អ្នកនាង​សោម សុវណ្ណ​សូ​ដា​នី​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​សមាគម​ជិន ប៉ី ព្រមទាំង​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំងអស់​ដែល​តែងតែ​ជួយឧបត្ថម្ភ​ដល់​សមាគម​​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ​(​ហៅថា​មណ្ឌល​តា​សៅ​ថ្មដា​)​ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114