ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ថ្មី​ នឹង​ធ្វើ​លូ​បន្ថែម​ បញ្ចៀស​ការ​ស្ទះ​ប្រព័ន្ធ​លូ​ នៅ​ចំណុច​បេនឡាន​ចាស់​ក្រុង​សិរីសោភ័ណ

​បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ រួម​នឹង​ក្រុមការងារ​ខេត្ត -​ក្រុង​ កាលពី រសៀល​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ២០១៩ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដោះ ស្រាយ​បញ្ចៀស​ការ​ស្ទះ​ប្រព័ន្ធ​លូ​ទឹក​នៅ​បេនឡាន​ចាស់ នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ជា​លើក​ទី​២ ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា​ ខណៈ​រដូវវស្សា​បាន​ឈាន​ចូល​មកដល់ ពិសេស​ទីតាំង​ខាងលើ​ដែល​តែងតែ​មានការ​ជន់​លិច នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ។

ជាមួយ​នឹង​ដំណោះស្រាយ ​នៃ​ការបញ្ចៀស​ការស្ទះ​ប្រព័ន្ធ​លូ​នៅ​បេនឡាន​ចាស់​ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ចាត់​ឲ្យ​ក្រុមការងារ​ធ្វើ​ការស្តារ​ប្រព័ន្ធ​លូ និង​បើក​មុខទឹក​ដាក់លូ​ថ្មី​នៅ​ចំណុច​ខាងត្បូង​បេនឡាន​ចាស់ ដែលមាន​ប្រវែង​៣៧០​ម៉ែត្រ​ហូរ​ចាក់​ចូល​ទៅ​ក្នុង​ស្ទឹង ព្រម​ជាមួយនឹង​ការស្តារ​ប្រព័ន្ធ​លូ​ប្រវែង​ជាង​២០០​ម៉ែត្រ ដែល​ត្រូវធ្វើ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន។

ឯកឧត្តម ជំរុញ​ឲ្យ​អាជ្ញាធរ​ចៅសង្កាត់ មេភូមិ ត្រូវធ្វើ​ការ​ជូនដំណឹង​ដល់​ម្ចាស់ផ្ទះ​ដែល​រង​ផល​ប៉ះ​ពាល់ ដើម្បី​ធ្វើការ​ដោះស្រាយ និង​សុំ​ឲ្យ​ពួកគាត់​ចូលរួម​សហការ​ជាមួយនឹង​អាជ្ញាធរ​យើង ដើម្បី​ឲ្យ​ដំណើរការ​បាន​ទាន់​ពេល​វេលា។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ គ្រោង​នឹង​ធ្វើ​ប្រព័ន្ធ​លូ​ចំនួន​២​ខ្សែ បញ្ចៀស​ប្រព័ន្ធ​ទឹក​ដែល​ហូរ​ពី​ផ្នែក​ខាងលើ​មិន​ឲ្យ​រង​ការ​លិច​ចំណុច​បេនឡាន។ ដោយ​ខ្សែ​ទី​១ មាន​ប្រវែង​៣៧០​ម៉ែត្រ ស្ថិត​នៅ​បែក​ខាងត្បូង​បេនឡាន ចាក់​ចូល​ស្ទឹង។ ខ្សែ​ទី​២ មាន​ប្រវែង​២០០​ម៉ែត្រ ស្រប​ខាងជើង​សាលា គរុកោសល្យ ខេត្ត​បន្ទាយមានជ័យ គម្រោង ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិក។ ដោយ​ជំហាន​ដំបូង​ធ្វើ​ខ្សែ​មួយ​សិន ដែល​មាន​ប្រវែង​៣៧០​ម៉ែត្រ។ ជាមួយគ្នា​នោះ​រដ្ឋបាល​ក្រុង​សិរីសោភ័ណ ក៏បាន​ទម្លាក់​ថវិកា​ជាង​១០០​លាន​រៀល ដើម្បី​ស្តារ​ប្រព័ន្ធ​លូ​បញ្ចៀស​ការស្ទះ​ទឹក ចាប់ពី​ចំណុច​ស្តុ​ប​ផ្លូវ​ចូល​ផ្សារ​រាត្រី TM ទៅ​អាង​ចម្រោះ​ទឹក​ស្អុយ ​ប្រវែង​៨៤​ម៉ែត្រ និង​ចំណុច​គោលដៅ​មួយចំនួនទៀត៕